
លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យបានប្រាប់ឱ្យដឹងថា ទី១-ការបកស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិទៅលើសាលក្រមឆ្នាំ១៩៦២ ទាក់ទងទៅនឹងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ។ ទី២-ឆ្នាំ២០១២នេះ គឺជាឆ្នាំដែលត្រូវបោះឆ្នោតនៅអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ដែលឈរជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៣-២០១៤ ហើយឆ្នាំ២០១២ នេះគឺជាការបោះឆ្នោតជ្រើសរើសហើយ។ ទី៣-ឆ្នាំ២០១២នេះ គឺជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើជាប្រធានអាស៊ាន ដូច្នេះធ្វើយ៉ាងណាឱ្យកម្ពុជាធ្វើជាប្រធានអាស៊ានបានប្រកបដោយជោគជ័យ ហើយក៏ជាកិត្តិយសមួយសម្រាប់កម្ពុជាដែរ។
លោកអនុរដ្ឋលេខាធិការបានបន្តថា ដោយសារនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឈមនឹងការងារសំខាន់ៗ ចំនួន៣នេះហើយទើបមានការចាំបាច់ធ្វើការអញ្ជើញអស់លោកឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅក្រៅប្រទេសមកចូលរួមប្រជុំ ដើម្បីឱ្យយល់ដឹងអំពីនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានល្អជាអតិបរមា ហើយនិងស៊ីសង្វាក់ជាមួយនឹងការងារក្រសួងការបរទេស។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ក៏បានណែនាំនូវការងារជាក់ស្តែងអំពីកាតព្វកិច្ច និងភារកិច្ចរបស់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ជាពិសេសទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗទាំងបីខាងលើ។ជាពិសេស ត្រូវធ្វើការតាមដាននូវសភាពការណ៍ ឬស្ថានការណ៍នៅក្នុងប្រទេសដែលខ្លួននៅប្រចាំប្រទេសនោះ ហើយត្រូវតាមដាននូវការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាខ្លួនឯង។ ត្រូវធ្វើការផ្សព្វផ្សាយអំពីការរីកចម្រើនរបស់កម្ពុជាឱ្យបានទាន់ពេលវេលា និងឱ្យបានសមស្រប។ ត្រូវខិតខំស្វែងរកទីផ្សារ ជាពិសេសទីផ្សាររបស់ផលិតផលស្រូវរបស់ខ្មែរយើង ហើយខិតខំទាក់ទាញអ្នកវិនិយោគទុន និងភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។
ជាពិសេសឯកអគ្គរាជទូត និងអគ្គកុងស៊ុលប្រចាំនៅប្រទេសមួយចំនួន ដែលមានពលករខ្មែរធ្វើការដូចជាប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសកូរ៉េ ហើយនិងប្រទេសជប៉ុន...ត្រូវខិតខំយកចិត្តទុកដាក់ឱ្យខ្លាំង ដើម្បីការពារសិទ្ធិសេរីភាពពលករខ្មែរដែលបំពេញការងារនៅប្រទេសនោះ ។ ត្រូវរាយការណ៍ឱ្យទាន់ពេលមកក្រសួងវិញ បើសិនជាមានបញ្ហាអ្វីមួយនោះ។ សូមបញ្ជាក់ថា នៅពេលអនាគត កម្ពុជានឹងបញ្ជូនពលករទៅប្រទេសគុយវ៉ែត និងប្រទេសកាតា បន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ក៏បានណែនាំដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលផងដែរ ឱ្យបង់ប្រាក់ចំណូលដែលរកបានពីការចេញទិដ្ឋាការចូលក្នុងថវិកាជាតិឱ្យបានទៀងទាត់ និងផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសឱ្យបានទាន់ពេលវេលា និងឆាប់បំផុត ដើម្បីជាផ្នែកមួយក្នុងការជំរុញដល់ការវិនិយោគ ហើយនិងវិស័យទេសចរណ៍ផងដែរ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.