កាលពីប៉ុន្មានថ្ងៃមុននេះ លោកអ្នកបានឃើញរួចមកហើយនូវពត៌មានស្តីអំពី សកម្មភាពចោរលួច Laptop នៅH.T.P.P Royal INC ខាងមុខភូមិន្ទភ្នំពេញ។ យើងឃើញហើយថា ពួកជនបោកប្រាស់ ចេះល្បិចប្លែកៗគ្រប់រូបភាព។ ខាងក្រោមនេះ សូមលើកយកនូវកំរងកំពូលល្បិចមួយចំនួនដែលពួកជនល្មើស តែងប្រើប្រាស់កន្លងមក៖
ល្បិចចោរបោកអ្នកលក់កុំព្យូទ័រៈ ជនល្មើសប្រើល្បិចថាខ្លួនស្នាក់នៅសណ្ឋាគារនេះ ឬសណ្ឋាគានោះ ចង់កម្មង់ទិញកុំព្យូទ័រយកទៅទំពាក់ក្នុងសណ្ឋាគារ។ លុះដល់ពេលត្រូវផ្ទេរលុយឲអ្នកលក់ ក៏រត់គេចខ្លួនបាត់ ហើយប្រមូលយកកុំព្យូទ័រ ទៅតាមខ្លួនអស់។ (សម្រង់អត្ថបទ ពីគេហទំព័រដើមអំពិល)
ល្បិចបោកយកគ្រឿងអលង្ការក្នុងសណ្ឋាគារៈ ចោរស្រី ទូរស័ព្ទល្បួងហៅស្រ្តីពីរនាក់ ភរថាទៅដើរលេងជាមួយភ្ញៀវ។ ប៉ុន្តែមុនពេលដើរលេង ចោរស្រីបបួលស្រ្តីទាំងពីរទៅម៉ាស្សាក្នុងសណ្ឋាគារសិន ដើម្បីឲភ្ញៀវមើលទៅឃើញស្អាត។ ពេលចូលក្នុងបន្ទប់ប្តូរខោអាវ ក៏ប្រាប់ឲស្រ្តីទាំងពីរដោះអលង្ការចេញ អស់ពីខ្លួនទុកក្នុងបន្ទប់។ ពេលចូលទៅបន្ទប់ម៉ាស្សា ចោរស្រីធ្វើជាខ្ចីទូរស័ព្ទ តេទៅភ្ញៀវនៅខាងក្រៅបន្ទប់។ ឆ្លៀតឱកាសដែលពួកនាងទាំង២នាក់កំពុងឱ្យគេ ម៉ាស្សាខ្លួនឱ្យនៅឯក្នុងបន្ទប់នោះ ខ្លួនក៏ចូល ទៅក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ រួចដោះ គ្រឿងអលង្ការកាឡៃរបស់ខ្លួនដូរយកគ្រឿងអលង្ការមាសបា្លទីនរបស់ពួក នាង រួមទាំង ទូរស័ព្ទដៃមួយគ្រឿងដែលខ្ចីទូរស័ព្ទទៅភ្ញៀវផងដែរ ហើយគេចខ្លួនចេញមកខាងក្រៅ សណ្ឋាគារ។ (សម្រង់អត្ថបទសារព័ត៌មាន កោះសន្តិភាព ចុះថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០)
ល្បិចទម្លាក់មាសក្លែងក្លាយៈ ល្បិចនេះ ជនល្មើសធ្វើជាហៅជនរងគ្រោះ ថាជនរងគ្រោះជ្រុះរបស់។ លុះជនរងគ្រោះឈប់ មើលទៅឃើញថង់មាសក៏មានចិត្តលោភលន់ចង់បាន។ ជនល្មើស ក៏ប្រើល្បិចធ្វើជាសុំចែកគ្នា ព្រោះខ្លួនជាអ្នកហៅជនរងគ្រោះឲរើស។ រូបភាពនៃការបោកប្រាស់មានផ្សេងៗគ្នា។ ជួនកាល ជនល្មើសបបួល ជនរងគ្រោះប្តូរមាសក្លែងក្លាយដែលជនរងគ្រោះគិតថាជាមាសពិតជាមួយ អលង្ការរបស់ជនរងគ្រោះ ឬជួនកាលជាមួយម៉ូតូ ឬវត្ថុមានតម្លៃផ្សេងទៀត។ ល្បិចនេះ មានវត្តមានក្នុងសង្គមយូរណាស់មកហើយ តែជនល្មើសនៅតែធ្វើសកម្មបានសម្រេច ជួនកាល។
ល្បិចរើសបានលុយ ៦០០០ ដុល្លារ បបួលចែកគ្នា ដោះយកអស់គ្រឿងអលង្ការៈ ស្ដ្រីដែលចាញ់បោកគេនោះឈ្មោះសន ចាន់ធី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ។ ស្ដ្រីរូបនេះបានរាយការណ៍ប្រាប់ ប៉ូលិសថា នៅព្រឹកថ្ងៃទី១១ មិថុនា នោះគាត់បានមកទិញអីវ៉ាន់នៅផ្សារពោធិ៍សាត់ ។ ខណៈពេលកំពុងដើរក្នុងផ្សារស្រាប់តែឃើញស្ដ្រី៣នាក់មិនដែលស្គាល់ ហើយម្នាក់ក្នុងចំណោមនោះបានមកខ្សឹបប្រាប់ថា ពួកគេរើសបានលុយចំនួន៦.០០០ដុល្លារ ជួយលាក់ការណ៍ផងចាំយើងចែកគ្នា៤នាក់ស្មើ ថារួចហើយស្ដ្រីម្នាក់នោះបានដឹកដៃគាត់សំដៅទៅកន្លែងផ្ញើម៉ូតូ ឯពីរនាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងតាមពីក្រោយ ។ ពួកគេបានជិះម៉ូតូឆ្លងស្ពានថ្មថ្មីទៅខាងកើតស្ទឹងចូលក្នុង វត្ដបន្ទាយដី ។ នៅពេលនោះស្ដ្រីទាំង៣នាក់ បានលួងលោមគាត់ឱ្យដោះខ្សែដៃប្លាទីន ទំងន់២តម្លឹងកន្លះ លុយ២លានរៀល និងទូរស័ព្ទដៃមួយគ្រឿងរបស់គាត់ទៅឱ្យពួកគេ ។
ប្រភពដដែលបានរៀបរាប់ទៀតថា ពេលគាត់ប្រមូលឱ្យរួចពួកគេនិយាយថា យើងទៅចែកគ្នានៅសារមន្ទីរខេត្ដវិញ ព្រោះនៅទីនេះមានគេមើលមកឃើញ។ ភ្លាមនោះស្ដ្រី ដែលកាន់របស់របរបានជិះម៉ូតូ២នាក់ទៅមុនបាត់ ទុកឱ្យគាត់ជិះម៉ូតូជាមួយស្ដ្រីម្នាក់ទៀត ។ លុះទៅដល់ខាងមុខផ្សារពោធិ៍សាត់ ស្ដ្រីអ្នកបើកម៉ូតូធ្វើជាខូចម៉ូតូហើយឱ្យគាត់ជិះម៉ូតូឌុបទៅ សារមន្ទីរដើម្បីចែកលុយគ្នា ។ ពេលទៅដល់អត់ឃើញស្ដ្រី២នាក់ដែលជិះម៉ូតូទៅមុននោះទេ ហើយពេលត្រឡប់មករកស្ដ្រីដែលខូចម៉ូតូនៅខាងមុខផ្សារវិញក៏អត់ឃើញ ដែរ ពេលនោះទើបដឹងថាគាត់ចាញ់ បោកគេក៏មកប្ដឹងប៉ូលិសតែម្ដង ។
ស្ដ្រីរងគ្រោះបន្ដទៀតថា ចាប់តាំងពីពួកគេមកខ្សឹបដាក់ត្រចៀករហូតដល់ដើរតាម ឡើងជិះម៉ូតូនិងដោះគ្រឿងអលង្ការឱ្យគេ នោះគាត់ហាក់បីដូចជាមិនដឹងអ្វីទាំងអស់ គឺគេឱ្យធ្វើអ្វីក៏ធ្វើតាមគេ លុះពេលគេចេញផុតទើបដឹងខ្លួន។ (សម្រង់អត្ថបទសារព័ត៌មាន កោះសន្តិភាព ថ្ងៃទី១៥ មិថុនា ២០១១)
ល្បិចយកដុំឥដ្ឋខ្មៅដាក់ក្នុងកំប៉ុងរុំបង់ស្អិតជិតថាជាមាសតម្លៃ៣០ម៉ឺនដុល្លារ ផ្ញើទុកនឹងចៅអធិការ រួចចេញទៅបាត់ ក្រោយមកត្រឡប់មកវិញថា ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវការលុយព្យាបាលជំងឺ។ លុយសរុប៣ពាន់ដុល្លារ តែខ្លួនមានលុយតែ៣ពាន់ដុល្លារ សុំខ្លី១ពាន់ដុល្លារសិន ព្រោះមានមាសតម្លៃ៣០ម៉ឺនដុល្លារជាថ្នូរស្រេច។ លុះគណៈកម្មការវត្តសង្ស័យ ណាត់ជួបឲមកយកលុយ មិនព្រមមកជួប ថាឲវេរតាមធនាគារ។ (សម្រង់អត្ថបទសារព័ត៌មាន កោះសន្តិភាព)
ល្បិចបោកទាំងម្ចាស់ផ្ទះជួល ទាំងក្រុមហ៊ុនយកវត្ថុមានតម្លៃអស់ ៥០០០ដុល្លារៈ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានកំពស់ទាប ពាក់វ៉ែនខ្មៅ បានកុហកថារកផ្ទះជួលដើម្បីបើកក្រុមហ៊ុន ចំការកៅស៊ូ ។ ក្រោយពីឯកភាពគ្នារួចថានឹង ចុះកុងត្រាក្នុងតំលៃ ៥០០០ដុល្លារ ក្នុង១ខែហើយ នោះ បុរសរូបនោះបានណាត់ម្ចាស់ផ្ទះថានឹងជួបគ្នាធ្វើកិច្ចសន្យានៅ ម៉ោង ៣រសៀល ថ្ងៃដដែលនោះ។ ដល់ម៉ោងណាត់ក៍ស្រាប់តែឃើញបុរសនោះ មកដល់តាមកាលកំណត់មែនដោយមាន ទាំងនាំបុរសម្នាក់និងស្រីម្នាក់មក ជាមួយផង ។ ខណៈដែលម្ចាស់ផ្ទះកំពុងជាប់រវល់ ក្នុងការសំអាតផ្ទះនោះ បុរសមិនស្គាល់អត្តសញ្ញាណក៍នាំអ្នកដែលមកជាមួយគាត់ទាំងពីរនាក់ នោះឡើងទៅលើផ្ទះដែលប្រុងនឹងជួលនោះ ។ មួយសន្ទុះក្រោយមកក៏ចុះមកវិញតែម្នាក់ឯងដោយមានយកស្បោង និងកាបូប ដែលគេដឹងថាមានសម្ភារៈជាទូរស័ព្ទដៃម៉ាក Iphone ជាច្រើនគ្រឿងមាន តម្លៃជាង៥០០០ដុល្លារចុះមកក្រោមតែម្នាក់ឯង ។ សូមជម្រាបថាសម្ភារៈទាំង នោះគឺជារបស់តំណាងក្រុមហ៊ុនមួយផ្សេងទៀតដែលបុរសនោះនាំមកមាន គ្នា ពីរនាក់ស្រីប្រុស។ ក្រោយពីចុះពីលើផ្ទះតែម្នាក់ឯងហើយយកសម្ភារៈទាំងនោះ ចុះទៅបាត់ដោយគ្មានអ្នកណាដឹងនោះ ម្ចាស់ផ្ទះឆ្ងល់ក៍ស្រាប់តែឡើងទៅខាង លើទើបដឹងថាមនុស្សទាំងពីរនាក់ស្រីប្រុសនោះត្រូវបានបុរសមិន ស្គាល់អត្ត សញ្ញាណនោះចាក់សោរចោលហើយលួចយកសម្ភារៈទាំងនោះរត់បាត់តែ ម្តង។ ក្រោយមកម្ចាស់ផ្ទះបានធ្វើការសាកសួរបុរសស្រីប្រុសទាំងពីរនាក់ នោះទើបបាន ដឹងថាពួកគេរងការចាញ់បោកហើយ។ បុរសស្រីប្រុសទាំងពីរនាក់ដែលជា តំណាងក្រុមហ៊ុន បានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណនោះ បានទៅបញ្ជាទិញរថយន្តពីក្រុមហ៊ុនរបស់គាត់ចំនួន៤ គ្រឿង ដែលមាន ការបញ្ចុះតម្លៃពិសេស ទិញឡានមួយថែមទូរស័ព្ទ I Phone ចំនួន១គ្រឿង ផងដែរ ។ បុរសស្រីប្រុសទាំងពីរនាក់ដែលជា តំណាងក្រុមហ៊ុន បានប្រាប់ទៀតថាបុរសមិនស្គាល់អត្តសញ្ញាណនោះបានប្រាប់ពួកគាត់ ទាំងពីរថាអោយមកយកលុយនៅ ក្រុមហ៊ុនរបស់គេដែលមានទីតាំងនៅផ្ទះ គ្រោងនឹងជួលថ្មីនោះ។ តែពិតប្រាកដ នោះជាការចាញ់បោកទៅវិញ។ (អត្ថបទដោយ ម៉ៅ នរិទ្ធីយ៉ា វិទ្យុនគរវត្ត)
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.