បុរសវ័យ ២៤ ឆ្នាំម្នាក់ បានសារភាពថា បានសម្លាប់មនុស្ស ៤ នាក់ និង បង្ករបួសដល់មនុស្ស ៤ នាក់ផ្សេងទៀត ក្នុងអំពើហិង្សាចាក់សម្លាប់គ្នា នៅទីក្រុងញីវយ៉ក កាលពីឆ្នាំមុន ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ២០០ ឆ្នាំ កាលពីថ្ងៃពុធម្សិលមិញនេះ។
លោក Maksim Gelman កើតនៅប្រទេសអ៊ុយក្រែន បានសារភាពកំហុសកាលពីខែវិច្ឆិកា លើបទចោទប្រកាន់ ឃាតកម្ម និង ទទួលស្គាល់បទចោទប្រកាន់ផ្សេងៗទៀត ក្នុងអំពើហិង្សារយៈពេលពីរថ្ងៃ ក្នុងនោះរួមមានការចាក់សម្លាប់ឪពុកចុង និង មនុស្សពីរនាក់ផ្សេងទៀត រត់បុកសម្លាប់អ្នកដើរម្នាក់ លួចរថយន្ត និង វាយប្រហារអ្នកដំណើររថភ្លើងក្រោមដី។
ពីដំបូងឡើយ ជនល្មើសមិនបានសារភាពពីកំហុសនោះទេ ហើយមេធាវីរបស់គេ គឺលោក Edward Friedman ក៏បានអះអាងដែរថា កូនក្តីខ្លួនមានបញ្ហាខួរក្បាល តែដោយផ្អែកទៅលើភស្តុតាង និងការពិនិត្យពីវេជ្ជបណ្ឌិត បង្ហាញថា ជនល្មើសមិនមានបញ្ហាខួរក្បាលដូចការអះអាងរបស់មេធាវីនោះឡើយ ក្រោយមកជនល្មើសបានសារភាពទទួលយកការចោទប្រកាន់ទាំងអស់ដែលសរុបមានចំនួន១៣ករណី។
អំពើហិង្សាសម្លាប់មនុស្ស ដែលបង្ករឡើងដោយបុរសម្នាក់នេះ ផ្ទុះឡើងកាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១ ដែលកើតឡើងនៅក្នុងជម្លោះក្នុងគ្រួសារមួយ អំពីរឿងប្រើប្រាស់រថយន្តម្ដាយលោក។ បុរសនេះបានចាក់សម្លាប់ឪពុកចុងនៅក្នុងផ្ទះពួកគេនៅសង្កាត់ Brooklyn ក្រុងញីវយ៉ក៕
ប្រភព និង រូបភាព៖ Yahoonews
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.