ក្នុងចំណោមធាតុផ្សំសំខាន់ៗនៃពិធីរៀបអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរគេមើលឃើញថា បទចម្រៀងភ្លេងការប្រពៃណីខ្មែរ គឺជាដួងព្រលឹងមួយនៅក្នុងពិធីដែលប្រជាជនខ្មែរ មិនអាចមើលរំលងបាន ប៉ុន្តែមិនថាតែជនបរទេសនោះទេ សូម្បីតែប្រជាជនខ្មែរ ឬអាចារ្យមួយចំនួននៅកម្ពុជា ក៏នៅមានមន្ទិលសង្ស័យនិងមិនចង់ឲ្យបទចម្រៀងដែលមានអត្ថន័យកម្សត់ចម្លែក ត្រូវបានយកមកចាក់នៅថ្ងៃសិរីមង្គលបែបនេះដែរ។
បើនិយាយអំពីប្រវត្តិសាច់ភ្លេង និងអត្ថន័យនៃបទភ្លេងការប្រពៃណីខ្មែរនេះលោក អាចារ្យ ញាណ ភឿន វ័យ ៦៤ឆ្នាំ ជាសមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងជាអាចារ្យវត្តស្រះចក បានរៀបរាប់ឲ្យដឹងថា ដោយសារវប្បធម៌ខ្មែរមានជាប់ទាក់ទងនឹងវប្បធម៌ឥណ្ឌាតាំងពីបុរាណកាលមក ដូច្នេះការរៀបចំពិធីបែបជំនឿសាសនាផ្សេងៗរបស់ខ្មែរដែលកើតមានឡើងតាំងពីយូរយារណាស់មកហើយ ក៏មានលាយឡំគ្នារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរដូចជាពិធីបង្កក់កូន និងពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។
លោកអាចារ្យ ញាណ ភឿន បានពន្យល់អំពីអត្ថន័យនៃចម្រៀងភ្លើងការប្រពៃណីខ្មែរថា «បទមួយចំនួនមានន័យកំសត់ស្រណោះស្រណោក ដូចជាបទនៅក្នុងពិធីកាត់ខាន់ស្លា ដែលមានលក្ខណៈបំពេរ នឹកដល់ទម្ងន់នៃគុណូបការៈរបស់មាតាបិតាដែលបានបីបមថ្នាក់ថ្នមថែរក្សាកូន តាំងពីក្នុងផ្ទៃចំនួន ៩ខែ ១០ថ្ងៃ រហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យកូនៗបានដឹង និងមិនភ្លេចគុណមាតាបិតា ហើយចេះបម្រើមាតាបិតា ហើយចេះបម្រើមាតាបិតាវិញ ពេលគាត់ចាស់ទៅ»។
លោកបានបន្តថា «រីឯការកម្សត់ស្រក់ទឹកភ្នែក ក៏មិនមែនកម្សត់នៅក្នុងការធ្វើឲ្យលំបាកនោះទេ គឺកម្សត់នៅពេលដែលនឹកឃើញថា ខ្លួនឯងចាប់បដិសន្ធិមក ជួបឧបសគ្គ ការលំបាកយ៉ាងណាខ្លះ ឲ្យខ្លួនកុំបំភ្លេចគុណព្រោះតាមព្រះពុទ្ធសាសនាអ្នកដែលដឹងគុណមាតាបិតាបានកុសលណាស់»។
តាមរយៈឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និងឯកសារផ្សេងៗទៀតដែលលោក ញាណ ភឿន បានស្រាវជ្រាវឃើញថា បទចម្រៀងជាច្រើនដែលនិពន្ធឡើងជាបទភ្លេងការ គឺមានអត្ថន័យ គ្រប់រសជាតិទាំងអស់ ក្រៅពីការបង្ហាញពីការដឹងគុណ ក៏មានបង្ហាញពីក្ដីស្រឡាញ់ និងលើសលប់ រវាងប្រុសនិងស្រី ព្រមទាំងការទុក្ខសោកផ្សេងៗ ដែលកើតឡើងដោយសារការឃ្លាតចាកឆ្ងាយ ឬឧបសគ្គផ្សេងៗជាដើម ដើម្បីកំដរឲ្យពិធីអាពាហ៍ពិពាហ៍ដ៏យូរ (៣ថ្ងៃ ២យប់) នាពេលអតីតកាលគឺជាការប្រព្រឹត្តទៅយ៉ាងពេញលក្ខណៈនិងមហោឡារិក។
លោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់នៃក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ចម្រៀងភ្លេងការនៅក្នុងប្រពៃណីខ្មែរបើគិតទៅតាមលំដាប់លំដោយគ្រប់ពិធីតូចៗទាំងអស់នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នោះពិតជារាប់មិនអស់ឡើយ ប៉ុន្តែជាមធ្យមក្នុងពិធីតូចៗនីមួយៗត្រូវបានចែកចេញពីពីរឬ បីបទទៅតាមកម្មវិធី»។
លោកបានបន្តថា «ប៉ុន្តែដោយសារបច្ចុប្បន្នពិធីអាពាហ៍ពិពាហ៍ខ្មែរយើងមានការបង្រួមពី២ យប់៣ថ្ងៃមកត្រឹម១ថ្ងៃ ឬ១ថ្ងៃកន្លះ ដូច្នេះការរៀបចំកម្មវិធីត្រូវមានការកាត់បន្ថយច្រើនរួមទាំងការចាក់ភ្លេងការប្រពៃណីផង»។ លោក វ៉ាយ វិបុល បានបន្ថែមថា «ខ្ញុំមិនយល់ស្របក្នុងការយកបទចម្រៀងមួយចំនួនដែលមានអត្ថន័យកម្សត់អពមង្គលប្រាសចាកពីអត្ថន័យក្នុងថ្ងៃអាពាហ៍ពិពាហ៍នោះទេ ហើយកន្លងមកខ្ញុំធ្លាប់រិះគន់ចំពោះរឿងបែបនេះ»។
ប៉ុន្តែលោកវិបុលបានឲ្យដឹងថា វាមិនមែនជាកំហុសរបស់អាចារ្យនោះទេតែវាជាកំហុសរបស់អ្នកនិពន្ធ បទចម្រៀងនិងការជ្រើសរើសបទយកមកចាក់តែប៉ុណ្ណោះដោយសារតែបទចម្រៀងភ្លេងការភាគច្រើនមិនត្រូវបានសម្រាំងជ្រើសរើសនោះទេ គឺជាចម្រៀងដែលចងក្រនៅក្នុងកាសែតម៉ាញ៉េចាស់ៗ។
ខុសគ្នាពីលោកវិបុលបន្តិច លោកអាចារ្យ ញាណ ភឿន បានបដិសេធថា «វាមិនមែនជាការខុសឡើយក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលអ្នកប្រាជ្ញបុរាណខំរក្សាទុកជាឯកសារជាយូរមកហើយនោះទេ នេះដោយសារតែយើងមិនបានយល់ពីអត្ថន័យ និងគោលបំណងរបស់អ្នកនិពន្ធជំនាន់មុនតែប៉ុណ្ណោះ ទើបមានអ្នកនិពន្ធ ឬអ្នកចម្រៀងថ្មីខ្លះខំកែប្រែទម្រង់និងអត្ថន័យធ្វើឲ្យបាត់បង់លក្ខណៈដើមតែម្ដង»។
តាមរយៈលោក វ៉ាយ វិបុល របៀបវារៈប្រជាជនខ្មែរភាគច្រើនបានកាត់ចោលនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ប្រពៃណីរបស់ខ្មែរនោះ មានដូចជា គឺកាត់ផ្កាស្លា ឡើងអ្នកតា បុកល័ក្ត ជុំពាលីនិងកាត់ខាន់ស្លាជាដើម។ ចំណែកភ្លេងការបច្ចុប្បន្នមានប្រើឧបករណ៍បុរាណខ្មែរដូចជា តាខេ ឃឹម ទ្រ និងស្គរ តែចំពោះឧបករណ៍ភ្លេងដែលគេយកមកប្រើនៅក្នុងអតីតកាលមានដូចជា ចាប៉ី ប៉ីពក ទ្រឆេ ទ្រអ៊ូ ស្គរ២៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.