ក្នុងសន្និសីទនៅរសៀលថ្ងៃសុក្រនេះ គ.ជ.ប. បានប្រកាសថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ រយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី៧មករា មកដល់ថ្ងៃទី២៧មករា ឆ្នាំ២០១២ ធ្វើឡើងដោយគ្មានអំពើហិង្សាកើតឡើងទេ។ ក៏ប៉ុន្តែ គ.ជ.ប. បានទទួលពាក្យបណ្តឹងចំនួន ៤ ករណី។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. លើកឡើងថា អំឡុងយុទ្ធនាការឃោសនា គ.ជ.ប. បានទទួលពាក្យបណ្តឹងចំនួន ៤ ដែលប្តឹងដោយគណបក្សសមរង្ស៊ី ចំនួន ៣ បណ្តឹង និងប្រជាពលរដ្ឋ ប្តឹងមួយបណ្តឹង។ ពាក្យបណ្តឹងទាំងនោះ ពាក់ព័ន្ធនឹងការលើកបដា ការទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងបណ្តឹងពាក់ព័ន្ធនឹងការធ្វើឲ្យរហែកខិតប័ណ្ណឃោសនាបោះឆ្នោត។
យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នឹងត្រូវបញ្ចប់ នៅម៉ោង ១២ រំលងអធ្រាត្រ យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ គឺបញ្ចប់ ១ ថ្ងៃ មុនការបោះឆ្នោតព្រឹទ្ធសភា ដែលធ្វើនៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។
ការបោះឆ្នោតព្រឹទ្ធសភា មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី ប៉ុណ្ណោះ ចូលរួមប្រកួតប្រជែង។ ចំណែកអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ១១.៣៥១ នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ១១.៣៥៣ នាក់ និងសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រ មានចំនួន ១១៩រូប ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៣ រូប។
នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៧មករា ឆ្នាំ២០១២គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំសកម្មជនរាប់រយនាក់ ដើម្បីហែក្បួនឃោសនាផ្តាច់ព្រ័ត្រ តាមផ្លូវនានា នៅភ្នំពេញ ដូចសកម្មភាព កាលពីថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី៧ខែមករា ឆ្នាំ២០១២។ ចំណែកតាមបណ្តាខេត្តនានា គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំសង្កាត់។
ដោយឡែក គណបក្សសមរង្ស៊ី នៅតែរក្សាភាពស្ងៀមស្ងាត់ ដោយមិនដើរហែក្បួន តាមដងផ្លូវឡើយ ក្នុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧មករា ឆ្នាំ២០១២។ គណបក្សសមរង្ស៊ី បានជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត នៅតាមទីស្នាក់ការគណបក្ស ដោយមានបទអន្តរាគមន៍របស់លោកសមរង្ស៊ី តាមរយៈវិដេអូ ពីប្រទេសបារាំង។
ក្នុងរយៈពេលឃោសនានេះ តំណាងគណបក្សសមរង្ស៊ី លើកឡើងពីការទាក់ទង ទិញទឹកចិត្ត សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសមរង្ស៊ី ដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែតំណាងគណបក្សប្រជាជនកម្ពុជា បានប្រកាសបដិសេធ នៅក្នុងសន្និសីទកាសែត នៅ គ.ជ.ប. កាលពីប៉ុន្មាននាទីមុននេះ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.