ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៍ថ្មីបំផុតនៅកម្ពុជាជ្រើសយកសេវា4G ដើម្បីចាប់យកចំណែកទីផ្សារដ៏ចង្អៀតនៅកម្ពុជា ប៉ុន្តែអ្នកជំនាញនិយាយថា កម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បច្ចេកវិទ្យានេះនៅឡើយ ទេ។
ការប្រកួតប្រជែងសេវាទូរស័ព្ទចល័ត4G កំពុងតែប្រព្រឹត្តទៅរវាងក្រុមហ៊ុនទូរគមនាគមន៍ Emaxx និង Xinwei ប៉ុន្តែឥទ្ធិពលចំណាយក្នុងស្រុក និងបច្ចេកវិទ្យាដែលក្រុមហ៊ុនទាំងពីរ គិតថានឹងចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងទូរស័ព្ទដ៏ជឿនលឿន បំផុតនៅលើពិភពលោកនោះ បានបង្កឲ្យមានចម្ងល់កើតឡើង ទាក់ទងនឹងលទ្ធភាពរយៈពេលខ្លីរបស់សេវា4G នៅកម្ពុជា។
ពាក្យចចាមអារ៉ាម បានសាយភាយទាក់ទងនឹងក្រុមហ៊ុន Alltech Telecom ដែលបានផ្តល់សេវា 4G ទីបី នៅកម្ពុជា។
ប្រសិនបើក្រុមហ៊ុននេះ ទទួលបានអាជ្ញាប័ណ្ណមែននោះ ក្រុមហ៊ុនរបស់រុស្ស៊ីមួយនេះនឹងក្លាយជាក្រុមហ៊ុនផ្តល់សេវា ទូរស័ព្ទទី១១ នៅកម្ពុជា។
លោក Shiv Putcha អ្នកវិភាគផ្នែកទូរគមនាគមន៍ មកពីក្រុមហ៊ុនវិភាគឯករាជ្យ Ovum ប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលកាលពីសប្តាហ៍មុនថា៖ «តាមទស្សនៈរបស់ខ្ញុំ ករណីអាជីវកម្ម LTE [ការផ្សារភ្ជាប់ទំនាក់ទំនង 4G ស្តង់ដារ] ក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា ពិតជាលំបាកណាស់ ពិសេសសម្រាប់ប្រតិបត្តិការដែលទើបនឹងចាប់ផ្តើម ដូចជា Emaxx និង Alltech ដែលនឹងត្រូវចំណាយពេលយ៉ាងច្រើន ដើម្បីបង្កើតបណ្តាញទូទាំងប្រទេស»។
Emaxx បានប្រកាសកាលពីពាក់កណ្តាលឆ្នាំ២០១១ថា ខ្លួននឹងក្លាយទៅជាក្រុមហ៊ុនផ្តល់សេវា 4G ដំបូងគេនៅកម្ពុជា។
ក្រុមហ៊ុនបច្ចេកវិទ្យា Xinwei Technologies របស់ចិន ដែលបានទិញអាជ្ញាប័ណ្ណបើកក្រុមហ៊ុនទូរស័ព្ទចល័តនៅកម្ពុជា កាលពីខែសីហា ក៏បានអះអាងកាលពីពេលថ្មីៗនេះថា នឹងក្លាយទៅជាក្រុមហ៊ុនផ្តល់សេវា 4G ដ៏សំខាន់នៅក្នុងប្រទេសនេះ។ ទោះបីយ៉ាងណាក៏ដោយ មិនមានកាលបរិច្ឆេទច្បាស់លាស់ថាតើពេលណាសេវាទាំងនេះ នឹងដាក់ឲ្យប្រើប្រាស់នៅឡើយទេ។
លោក Marc Einstein អ្នកវិភាគប្រចាំក្រុមហ៊ុន Frost និង Sullivan នៅទីក្រុងតូក្យូ បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា៖ «និយាយដោយស្មោះទៅ ខ្ញុំគិតថា វាហាក់ដូចជារហ័សពេកក្នុងការចាប់ផ្តើមសេវា4G នៅកម្ពុជា។ សេវានេះ មិនសំខាន់សម្រាប់សេដ្ឋកិច្ច ឬត្រូវការចាំបាច់ឡើយ នាបច្ចុប្បន្ននេះ»។
លោកបន្ថែមថា បច្ចេកទេសនេះមានតម្លៃថ្លៃ ហើយអ្នកប្រើប្រាស់ នឹងត្រូវការទិញទូរស័ព្ទ 4G ទៀត ដូច្នេះអ្នកប្រើប្រាស់នៅកម្ពុជា មិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រើប្រាស់សេវានេះនៅ ឡើយទេ។
លោក Frank May ប្រធានផ្នែកប្រតិបត្តិរបស់ Emaxx បានឲ្យដឹងថា ក្រុមហ៊ុនបស់លោក កំពុងលើកកម្ពស់សេវារបស់ខ្លួន ហើយសេវានេះ «នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ»។ លោកបញ្ជាក់ថា តម្រូវការទិន្នន័យនឹងធ្វើឲ្យទីផ្សារ4G នៅកម្ពុជាដំណើរការទៅមុខ។
លោកបានលើកឡើងថា៖ «ប្រតិបត្តិករ 2G-3G ថ្មីៗជាច្រើន នឹងត្រូវបង្កើនជំហានរបស់ខ្លួន តាមទីផ្សារ»។
លោកបានបញ្ជាក់ថា Emaxx ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តដែលមានអ្នកប្រើប្រាស់សកម្ម តិចជាងគេនៅកម្ពុជា ដែលមានត្រឹមតែ ៤ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមតួលេខដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន កាលពីសប្ហាហ៍មុន។ ចំនួននេះ មិនមានការប្រែប្រួលឡើយ តាំងពី ខែឧសភា ឆ្នាំមុនមក។
ក្រុមអ្នកវិភាគ និងអ្នកមកពីខាងក្នុងឧស្សាហកម្មនេះ បានឲ្យដឹងថា Alltechរបស់រុស្ស៊ី បានទទួលអាជ្ញាប័ណ្ណផ្តល់សេវា 4Gនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១០ ប៉ុន្តែក្រុមហ៊ុននេះ មិនទាន់បានចាប់ផ្តើមការវិនិយោគរបស់ខ្លួនឡើយ។
មន្ត្រីមួយរូបមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឲ្យដឹងពីសប្តាហ៍មុនថា តាមដែលលោកដឹង Alltech មិនទាន់ទទួលអាជ្ញាប័ណ្ណនៅឡើយទេ។
Xinwei អះអាងក្នុងគេហទំព័រខ្លួនថា បណ្តាញ 4G របស់ខ្លួន នៅកម្ពុជានឹងក្លាយទៅជាបណ្តាញដំបូងគេនៅលើពិភពលោក ទោះបីជាមានក្រុមហ៊ុនផ្តល់សេវា រហូតដល់ទៅ១៦ បានផ្តល់សេវានេះ នៅអាស៊ី រួចមកហើយក៏ដោយ។
Xinwei មិនទាន់ប្រកាសអំពីពេលវេលាសម្រាប់ផ្តល់សេវា 4G នៅឡើយទេ ហើយតំណាងរបស់ក្រុមហ៊ុននេះ ក៏មិនអាចទាក់ទងបានដែរ។
តាមសេចក្តីរាយការណ៍របស់ភ្នំពេញ ប៉ុស្តិ៍ កាលពីខែមករា បង្ហាញថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញអាជ្ញាប័ណ្ណដល់ Xinwei សម្រាប់ផ្តល់សេវា TD-CDMA ដែលបង្កើតឡើងដោយចិន។
ទោះបីជា Xinwei បានអះអាងអំពីសេវា4G ខ្លួន យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគ ឲ្យដឹងថា បច្ចេកវិទ្យារបស់ចិន នឹងស្ថិតនៅឆ្ងាយហួសពីលទ្ធភាពដែលអាចផ្តល់សេវាបាន។
លោក Daryl Schoolar ប្រធានក្រុមអ្នកវិភាគរបស់ Ovum បានឲ្យដឹងតាមអ៊ីមែលមកថា៖ «TD-CDMA មិនអាចប្រៀបបាននឹងល្បឿនរបស់4G បានឡើយ»។ លោកបានបន្ថែមថា របាយការណ៍ចិនស្តីពីបច្ចេកវិទ្យា មានសញ្ញាអវិជ្ជមាន។
លោក Schoolar ឲ្យដឹងថា មានឧបករណ៍មួយចំនួនតូច ក៏ដូចជាការគាំទ្រហេដ្ឋារចនាសម្ព័ន្ធតិចតួចប៉ុណ្ណោះ ដែលត្រូវនឹងសេវា TD-CDMA ឬ Mc-WILL ដែលបង្កើតឡើងដោយ Xinwei។
លោក Einstein មកពីក្រុមហ៊ុន Frost & Sullivan's បានឲ្យដឹងថា ការសន្យាផ្តល់សេវា 4G នៅកម្ពុជា អាចគ្រាន់តែជា «ការប្រើល្បិចបោកបញ្ឆោតទីផ្សារ» ប៉ុណ្ណោះ។ លោកបញ្ជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតនៅក្នុងតំបន់បានផ្សាយអំពីសេវា 4G តាមបណ្តាញមួយចំនួន ដូចជា WiMAX ដែលមិនអាចស៊ីគ្នានឹងបច្ចេកវិទ្យានេះ។
លោក Einstein ឲ្យដឹងថា បច្ចេកវិទ្យា CDMA2000 របស់ Emaxx មានបញ្ហាស្រដៀងគ្នាដែរ។ 4G ស្តង់ដារ មិនអាចផ្តល់សេវាតាម CDMA ឬ GSM ឡើយ បានតែ3G ប៉ុណ្ណោះ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.