រដ្ឋាភិបាលក្រុងភ្នំពេញបានផ្ញើកំណត់ទូតតវ៉ាប្រឆាំងសកម្មភាពយោធាថៃ នៅថ្ងៃពុធទី៨កុម្ភៈនេះ ទៅរដ្ឋាភិបាលក្រុងបាងកកហើយ។ កំណត់ទូតស្តីបន្ទោសយោធាថៃនេះក៏ត្រូវបានថតចម្លង និងផ្ញើទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដូចគ្នាដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅល្ងាចថ្ងៃពុធនេះ អំពីខ្លឹមសារនៃកំណត់ទូត ដែលពិពណ៌នាអំពីការរំលោភបំពានរបស់យោធាថៃ ដែលកាលពីថ្ងៃអង្គារ បានដឹកជញ្ជូនគ្រឿងសំណង់ឡើងលើភ្នំទ្រព្យដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងបូរណភាពទឹកដីខ្លួន។
យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបទេសរូបនេះ នៅក្នុងកំណត់ទូតនោះ រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃថា សកម្មភាពរបស់យោធាថៃបានរំលោភទៅលើបូរណភាពទឹកដីរបស់កម្ពុជា ហើយក៏កំពុងរំលោភដីការបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៨កក្កដាឆ្នាំ២០១១ ដែលចែងអំពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននោះដែរ។
បើយោងតាមការបញ្ជាក់របស់មេបញ្ជាកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយឯក ស្រី ឌឹក ស្ថានភាពនៅតំបន់ភ្នំទ្រព្យនៅថ្ងៃនេះ ស្ងប់ស្ងាត់ធម្មតាទេ បន្ទាប់ពីកម្ពុជាបានហាមប្រាមមិនអោយកងទ័ពថៃឡើងទៅកាន់កំពូលភ្នំទ្រព្យ។
កាលពីថ្ងៃអង្គារ ក្រោយពីវិលត្រឡប់ពីប្រទេសចិនមកដល់កម្ពុជាវិញ លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានថ្លែងប្រាប់អ្នកសារព័ត៌មានដែលសួរលោកអំពីសកម្មភាពរបស់យោធាថៃនេះថា ភ្នំទ្រព្យគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ដែលកម្ពុជាត្រូវការពារ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.