រដ្ឋចាប់ផ្តើម ប្រមូលពន្ធ លើមធ្យោបាយ ដឹកជញ្ជូនលឿន ជាងឆ្នាំមុន

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាស ចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១២នេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ហើយ អង្គការសង្គមស៊ីវិលក៏បានប្រកាសថា ខ្លួនបានត្រៀមខ្លួន សម្រាប់ឃ្លាំមើលភាពមិនប្រក្រតី នៃការប្រមូលពន្ធនេះ រួចរាល់ហើយ។
    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចដែលចេញផ្សាយចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹងថា ការប្រមូលពន្ធលើមធ្យោ បាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទនឹងត្រូវចាប់ផ្តើមហើយ គឺចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ នេះតទៅ ហើយក្រសួងក៏ស្នើឲ្យម្ចាស់មធ្យោបាយដឹកជញ្ជូនទាំងអស់អញ្ជើញទៅបង់ពន្ធឲ្យទាន់ពេលវេលាកំណត់របស់ ក្រសួង។
    តាមសេចក្តីជូនដំណឹង រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋ មធ្យោបាយដឹកជញ្ជូន យានជំនិះ ជាកម្មសិទ្ធិរបស់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ និងរបស់បេសកកម្មទូត ឬកុងស៊ុល បរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងាសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា គឺត្រូវបានលើក លែងពន្ធនេះ។
    សេចក្តីជូនដំណឹងបានបញ្ជាក់ថា “ការត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១២ ត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ តទៅ” ។
    កាលពីឆ្នាំ២០១១ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១១ តែសម្រាប់ឆ្នាំនេះ គឺចាប់ផ្តើមលឿនជាងឆ្នាំធម្មតា។ សង្គមស៊ីវិលស្វាគមន៍នឹងកាលបរិច្ឆេទថ្មី នេះ ហើយថាខ្លួនរៀបចំខ្លួនសម្រាប់សង្កេតភាពមិនប្រក្រតីដូចឆ្នាំមុន។
    អ្នកសម្របសម្រួលបណ្តាញរួបរួម ដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា “ខ្ញុំគិតថា វាជាការប្រសើរដែលប្រមូលពន្ធនៅដើមឆ្នាំបែបនេះ ប្រសិនបើប្រមូលពន្ធនៅចុងឆ្នាំ វាអាចជាន់នឹងការប្រមូលពន្ធផ្សេងៗ ជាពិសេស ដូចជាការប្រមូលពន្ធលើ អចលនទ្រពន្ធជាដើម។ បើទោះជាពេលវា នៃការប្រមូលពន្ធនេះវាឆាប់ជាងឆ្នាំមុនក៏ដោយ ក៏ក្រុមសង្គមស៊ីវិល យើងនៅតែឃ្លាំមើលដូចជាឆ្នាំមុនដែរ”។
    តាមលោក សន ជ័យ នៅឆ្នាំ២០១២នេះ ក្រសួងសេដ្ឋកិច្ចគួរតែបង្កើនកន្លែងបង់ពន្ធឲ្យ បានច្រើនជាងនៅឆ្នាំ ២០១១ ដោយសារតែឆ្នាំកន្លងទៅមានកន្លែងបង់ពន្ធតិច ហើយបងប្អូនពិបាករកកន្លែងបង់ពន្ធនោះ។
    កាលពីឆ្នាំ២០១១ សង្គមស៊ីវិលបានរកឃើញនូវករណីភាពមិនប្រក្រតីបានចំនួនតិចតួចប៉ុណ្ណោះ ហើយសង្គម ស៊ីវិលចាត់ទុកថា ជាលទ្ធផលមួយល្អក្នុងការអភិវឌ្ឍគណនេយ្យភាពសង្គម។
    យោងតាមរបាយការណ៍របស់នាយកដ្ឋានពន្ធដារ គិតមកដល់ខែតុលា ឆ្នាំ២០១១ ប្រទេសកម្ពុជា មានយាន យន្តសរុបចំនួន ១.៦១៨.០៣៤គ្រឿង ប្រាក់ពន្ធប្រមូលបានមានចំនួន ៩៧.២៨២.៩៧៣.៥០០រៀល៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.