បឺណាដ ហប់ឃីនម្ចាស់ខ្សែក្រវាត់ពិភពលោកវ័យចាស់បំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់នឹងឡើងប្រកួតការពារខ្សែក្រវាត់របស់ខ្លួនប្រឆាំងនឹងកីឡាករឆាដ ដសុននៅសង្វៀនក្នុងក្រុងអាត្លង់ទិកស៊ីធីសហរដ្ឋអាមេរិកថ្ងៃទី២៨មេសាខាងមុខ។ ស្ថិតក្នុងវ័យ៤៧ឆ្នាំ ហប់ឃីននឹងមានវត្តមាននៅលើសង្វៀនម្តងទៀតដើម្បីការពារខ្សែក្រវាត់ស្ថាប័ន WBCក្នុងប្រភេទទម្ងន់ Light-heavyweightរបស់ខ្លួនបន្ទាប់ពីបានឈ្នះក្តីក្នុងការប្តឹងឧទ្ធរណ៍ចំពោះលទ្ធផលប្រកួតលើកទី១។ ការប្រកួតរវាងហប់ឃីននិងឆាដ ដសុនលើកទី១កាលពីខែតុលាកឆ្នាំកន្លងទៅនៅ Los Angelesសហរដ្ឋអាមេរិកបានបញ្ចប់ក្នុងទឹកទី២ខណៈហប់ឃីនភ្លាត់ស្មាឆ្វេងប្រកួតមិនបានដោយសារការដួលទៅលើក្តាររេញ។
បន្ទាប់ពីការប្រកួតហប់ឃីនត្រូវគេកាត់ក្តីឱ្យចាញ់ដសុន ប៉ុន្តែក្រោយពីការប្តឹងឧទ្ធរណ៍ឱ្យពិនិត្យមើលខ្សែអាត់នៃការប្រកួតសាឡើងវិញទើបគេរកឃើញថា ហប់ឃីនដួលដោយត្រូវគូប្រកួតលើករុញចាប់បោកមិនមែនដួលដោយត្រូវនឹងកណ្តាប់ដៃឡើយ។ ដូច្នេះស្ថាប័ន WBCនៅអំឡុងសវនាការកាលពីខែធ្នូកន្លងមកបានលុបចោលលទ្ធផលប្រកួតលើកទី១ទាំងស្រុងនិងបានបង្គាប់ឱ្យដសុនសងខ្សែក្រវាត់ទៅហប់ឃីនវិញ។
និយាយតាមគេហទំព័ររបស់ខ្លួន ហប់ឃីនបានបញ្ជាក់ថា៖«ពិតណាស់ នៅថ្ងៃទី២៨ មេសា ខ្ញុំនឹងមានឱកាសសងសឹកជាមួយដសុន»។ កាលពីខែឧសភាកន្លងទៅ ហប់ឃីនបានយកឈ្នះកីឡាករកាណាដាហ្សង់ ប៉ាស្កាល់ដណ្តើមបានខ្សែក្រវាត់ស្ថាប័ន WBC។ កាលពីខែធ្នូឆ្នាំ២០១០ ពួកគេទាំង២នាក់បានប្រកួតគ្នាម្តងរួចមកហើយ ប៉ុន្តែលទ្ធផលគឺស្មើគ្នា។ ទោះជាយ៉ាងណា កីឡាករទាំងពីរនោះម្នាក់ៗនៅតែមិនសុខចិត្តចំពោះលទ្ធផលដោយគេបានអះអាងឈ្នះរៀងៗខ្លួន។
កីឡាករហប់ឃីនដែលឈានចូលដល់អាយុ៤៧ឆ្នាំកាលពីសប្តាហ៍កន្លងទៅធ្លាប់ប្រកួតឈ្នះ៥២លើក ចាញ់៥ ស្មើ២ និងផ្តួលដៃគូឱ្យសន្លប់ចំនួន៣២លើក។ ចំណែកដសុនធ្លាប់ប្រកួតឈ្នះ៣០លើក ចាញ់១មិនដែលស្មើនិងធ្លាប់បានផ្តួលដៃគូឱ្យសន្លប់ចំនួន១៧លើក ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.