ភ្នំពេញ ៖ ក្រុមអតិថិជន ដែលជាអ្នកទិញ បន្ទប់អគារ ៤២ ជាន់ នឹងជួបជុំគ្នា ម្ដងទៀត នៅក្នុងសប្ដាហ៍នេះ ដើម្បីរកវិធី ធ្វើយ៉ាង ណាឲ្យក្រុមហ៊ុន បន្តការសាងសង់អគារ ៤២ ជាន់នេះ បន្តទៀត ។
លោក ឈិន ជិនតុង ជាអតិថិជនម្នាក់ ក្នុងចំណោមអតិថិជន ជាច្រើននាក់ ដែលបានទិញបន្ទប់ អគារ ៤២ ជាន់ បានប្រាប់ឲ្យ ដឹងថា ក្រុមរបស់លោក នឹងជូបជុំគ្នាសាជាថ្មី ក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា អំពីការស្ងប់ស្ងាត់ របស់ក្រុមហ៊ុន ដែលមិនព្រម សាងសង់បន្តនូវអគារ ៤២ ជាន់នេះ ។
លោកបានថ្លែងថា «ក្រុមហ៊ុន មិនបានរវល់ នឹងពួកយើងទេ ហើយគេក៏មិនបាន សាងសង់បន្តទៀតដែរ ។ ហេតុដូច្នោះហើយ ពួកយើងខ្ញុំ ដែលជាអតិថិជន ប្រមាណ ៨ នាក់ នឹងជួបជុំគ្នាម្ដងទៀត នៅក្នុងសប្ដាហ៍នេះ ដើម្បីផ្លាស់ប្ដូរយោបល់គ្នា អំពីបញ្ហា ដែលក្រុមហ៊ុន មិនបានធ្វើទៅតាម កិច្ចសន្យារបស់ខ្លួនថា នឹងសាងសង់បន្តនោះ » ។
ទោះជាយ៉ាងណា ក៏ដោយលោក ឈិន ជិនតុង មិនបានប្រាប់ ពីពេលវេលាជាក់លាក់ ណាមួយ នៃការជួបជុំគ្នា នៅក្នុងសប្ដាហ៍ នេះទេ ដោយលោកបានប្រាប់ថា «យើងកំពុងតែពិភាក្សាគ្នាថា យកថ្ងៃណាមួយ ក្នុងសប្ដាហ៍នេះដើម្បីជួបជុំគ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ ក្រុមអតិថិជន ទិញបន្ទប់អគារ ៤២ ជាន់ ប្រមាណ១០នាក់ ធ្លាប់ បានជួបជុំគ្នាម្ដងហើយ នៅភោជនីយដ្ឋានបង្កងនាគ ដែលការជួបជុំគ្នានោះ គឺក្នុងគោលបំណង ស្វែងរកការបង្កើត សមាគម អតិថិជនអ្នកទិញ បន្ទប់អគារ ៤២ ជាន់ ដើម្បីប្រមូលផ្ដុំអ្នកទិញបន្ទប់ អគារ ៤២ជាន់ទាំងអស់ ក្នុងការបញ្ចេញសំឡេង តែមួយ ដើម្បីទាមទារ ឲ្យក្រុមហ៊ុនគោរព នូវកិច្ចសន្យារបស់ខ្លួន ដែលក្រុមហ៊ុន ធ្លាប់បានសន្យាជាមួយ អតិថិជន កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១១ កន្លងទៅថា នឹងសាងសង់បន្ត ហើយបើក្រុមហ៊ុន មិនសាងសង់បន្តទេ ក្រុមហ៊ុននឹងបង្វិលប្រាក់ មកឲ្យ អតិថិជនវិញ។
អគារ ៤២ ជាន់នេះ បានផ្អាកការសាងសង់របស់ខ្លួន តាំងពីខែកញ្ញា ឆ្នាំ២០១០ មកម្ល៉េះ ដែលរហូតមកដល់ពេលនេះ គឺជាង មួយឆ្នាំមកហើយ ដែលការផ្អាកការ សាងសង់នេះ វាខុសទៅនឹងកិច្ចសន្យា របស់ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យា ជាមួយ អតិថិជនថា នឹងសាងសង់ឲ្យរួចរាល់ នៅក្នុងខែ១១ ឆ្នាំ២០១១នេះ។
ការផ្អាកការសាងសង់នោះ អតិថិជនរបស់អគា ៤២ ជាន់ ធ្លាប់បានធ្វើការតវ៉ា ប្រមាណជា ១០ លើកមកហើយ ដោយក្រុមហ៊ុន សន្យាថា នឹងដំណើរការ សាងសង់ជាបន្តទៅទៀត ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានធ្វើ ទៅតាមការសន្យា របស់ខ្លួន នោះទេ។
មន្រ្តីក្រុមហ៊ុនអគារ ៤២ ជាន់ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១២នេះ ដោយលេខទូរស័ព្វ ដែល ធ្លាប់ធ្វើការទាក់ទង មិនអាចហៅចូលបាន ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.