ភ្នំពេញៈ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្តេចឪ សម្តេចតា នៃយើង ទ្រង់បានឡាយព្រះលិខិត ជាភាសាបារាំង ផ្តាំផ្ញើដល់កូនចៅ ចៅទួត ជាទីស្រលាញ់ របស់ព្រះអង្គថា នៅពេលទ្រង់ សោយទីវង្គតទៅ សូមបូជាព្រះអង្គ ដោយព្រះភ្លើង នៅវាលព្រះមេរុ រួចលាងសម្អាតព្រះអដ្ឋិធាតុ ដាក់ក្នុង កោដិមាសក៏បាន ឬ កោដិធម្មតាក៏បាន តម្កល់ក្នុងចេតិយគន្ធបុប្ផា នៅព្រះវិហារព្រះកែវមរកត។
ព្រះរាជបណ្តាំ ដ៏ថ្លៃថ្លានេះ ត្រូវបានចាស់ទុំ អ្នកធ្លាប់រស់នៅ និងឆ្លងកាត់ ការដឹកនាំរបស់ព្រះអង្គ បានអបអរសាទរ និង បញ្ចេញ ការយល់ឃើញរៀងៗខ្លួន ដោយចាត់ទុកថា ជាព្រះរាជបណ្តាំ ដ៏ត្រឹមត្រូវ តាមទំនៀមទម្លាប់ខែ្មរ ដែលតែងតែបូជាសព ដោយ ភ្លើង រួចលាងសម្អាតអដ្ឋិធាតុ ទុកគោរពបូជា មានតម្កល់ទុក ក្នុងចេតិយមុខផ្ទះ តាមវត្តអារាម ឬលើធ្នើ (ហឹង) តាមគេហដ្ឋាន ទុក ឱ្យកូនចៅគោរព សម្តែងការដឹងគុណ តាមប្រពៃណីដ៏ផូរផង់របស់ខ្មែរ។
ឧបាសិកា សី ស៊ីម រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្តេចឪនៃយើង លោក បានធ្វើការ ដើម្បីជាតិ មាតុភូមិច្រើនណាស់ ការដែលព្រះអង្គបានផ្តាំផ្ញើ ដល់កូន ចៅ ចៅទួត ព្រះអង្គដូច្នេះ យើងគួរគោរពតាមបណ្តាំនេះ ។
លោក យាយ បានបន្តថា «ព្រះអង្គផ្តាំដល់កូនចៅ ទាំងអស់គ្នា កូនចៅ គួរទទួលយក វាជាការល្អ ដែលព្រះអង្គផ្តាំឱ្យ ធ្វើតាម បែបប្រពៃណីខ្មែរ » ។
ឧបាសក សួន ប៊ុនជឿន រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ចេញទស្សនៈ របស់លោកថា ក្នុងនាមជាកូនចៅព្រះអង្គ លោកគ្មានអ្វីនឹងជំទាស់ទេ សម្រាប់លោក គិតថា នេះជាការធម្មតាទៅហើយ ព្រះអង្គបានផ្តាំដល់កូនចៅព្រះអង្គ មុនឆ្នាំ ១៩៧០ ម្តងរួចមកហើយ លោកមានតែការអបអរ តែប៉ុណ្ណោះ ។
ជាការដឹងគុណព្រះអង្គ លោក បានថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ សូមទ្រង់ មានព្រះកាយ ពលំមាំ មួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួត ទាំងអស់គ្នា ។
គួរបញ្ជាក់ថា ព្រះរាជបណ្តាំ ដ៏កម្រមួយនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្រោយការយាងមាតុភូមិនិវត្ត មកកម្ពុជា ពី ប្រទេសចិន ជាទីដែលព្រះអង្គគង់ ព្យាបាលព្រះរោគ និងក្រោយព្រះរាជពិធីចម្រើន ព្រះជន្មគម្រប់ ៩០ ព្រះវស្សា របស់ព្រះអង្គ កាលពីថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.