អាហារ​សម្បូរ​វីតាមីន​ កាត់បន្ថយ​ភ្លេចភ្លាំង​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​ត្រី​ អាច​ជួយ​ការពារ​ខួរ​ក្បាល​ពី​ការ​ភ្លេចភ្លាំង​នៅ​វ័យ​ចំណាស់​ ខណៈ​ដែល​ការ​ញ៉ាំ​អាហារ​ដែល​សល់​យូរ​ នឹង​បង្ក​​ភាព​អវិជ្ជមាន។ ​នេះ​ជា​ ​​លទ្ធផល ​នៃ​ការ​សិក្សា​​មួយ ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ BBC ​កាល​ពី​​ដើម​សប្ដាហ៍​នេះ។
    មនុស្ស​វ័យ​ចំណាស់​ដែល​មាន​សរសៃឈាម​សម្បូរ​ទៅ​ដោយ វីតាមីន និង​​ Omega 3 Fatty Acids ​មាន​ការ​ចងចាំ​ល្អ​ជាង​មនុស្ស​ធម្មតា។ នេះ​ជា​ការ​រក​ឃើញ​របស់​ការ​សិក្សា​ផ្នែក​ប្រសាទ។

    ក្រុម​អ្នក​ជំនាញ​អាមេរិក​ បាន​វិភាគ​គំរូ​ឈាម​​ទៅ​លើ​មនុស្ស​ដែល​មាន​សុខភាព​មាំមួន ១០៤​នាក់ ​ដែល​ពួក​គាត់​ទាំង​នោះ​ មាន​អាយុ​ជា​មធ្យម ៨៧​ឆ្នាំ ​ដែល​មាន​ការ​ចងចាំ​​បាន​ល្អ​ប្រសើរ។ការសិក្សា​នេះ​ផ្អែក​ទៅ​​លើ​​សារជាតិ​បំប៉ន​នៅ​ក្នុង​ឈាម​ជាជាង​ការ​បំពេញ​ទម្រង់​សំណួរ។
    តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម ​បាន​រក​ឃើញ​ថា ​​ក្នុង​សរសៃឈាម​មនុស្ស​ទាំង​នោះ ​សម្បូរ​ទៅ​ដោយ​វីតាមីន B C D E និង Omega 3 Fatty Acids (ដែល​មាន​​ក្នុង​សាច់​ត្រី) ហើយ​ការ​ចងចាំ​ និង​ការ​គណនា​របស់​អ្នក​ទាំង​នោះ​នៅ​ល្អ​​ប្រសើរ។
    ចំណែក​អាហារ​ដែល​សម្បូរ​ទៅ​ដោយ Trans Fats ដូចជា​ នំ​​ខែក ​នំ​ប៊ិស្គីបត៍ ​និង​អាហារ​ចៀន​ ឬ​បំពង​ នឹង​ធ្វើ​ឲ្យ​ការ​ចងចាំ​មាន​ការ​ចុះ​ខ្សោយ។
    ទន្ទឹម​គ្នា​នេះ ​ក្រុម​អ្នក​ស្រាវជ្រាវ​ មក​ពី​សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ និង​សុខភាព​​ Oregon ​​បាន​ធ្វើ​ការ​ស្កេន​ខួរក្បាល​លើ​មនុស្ស​ចំនួន ៤២​នាក់។ ​ការ​ស្កេន​នេះ​បាន​រក​ឃើញ​ថា ​​មនុស្ស​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​ Omega 3 Fatty Acids ​ក្នុង​ឈាម​មាន​ខួរក្បាល​ធំជាង​មនុស្ស​ធម្មតា។
    ចំពោះ​ការណែនាំ​ថ្មី​​ ដើម្បី​ការ​ចងចាំ​បាន​ល្អ​នៅ​វ័យ​ចាស់​គឺ​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព ​បន្លែ​ ផ្លែឈើ ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ ​ពិនិត្យ​​សម្ពាធ​ឈាម​ និង​ជាតិ​កូឡេស្ត្រេរ៉ូល​​ ​និង​មិន​ត្រូវ​ពិសា​បារី​ឡើយ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​ចក្រភព​អង់គ្លេស។
    ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​នេះ​មិន​ទាន់​ដឹង​ថា ​ត្រឹមត្រូវ​ទាំង​ស្រុង​នោះ​ឡើយ ​ដោយ​សារ​ចំនួន​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​មាន​តិច​ និង​​តម្រូវ​ឲ្យ​តាម​ដាន​យូរ​ជាង​នេះ៕

    ប្រភព៖ ​BBC
    រូបភាព៖ buzzle.com និង​waytoenliven.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.