អាមេរិក និងអាស៊ាន ជំរុញ លើកកម្ពស់ កម្មសិទ្ធិបញ្ញា

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ សមាគមប្រជាជាតិ នៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងការិយាល័យផ្នែកយីហោ និងប៉ាតង់សហរដ្ឋអាមេរិក (USPTO) បានបញ្ចប់វគ្គសិក្សា សិក្ខាសាលាកំរិតខ្ពស់ របស់ខ្លួនចំនួនបីថ្ងៃ ដែលបានបើកឡើង ក្នុងគោលបំណង់ពិនិត្យយីហោ សម្រាប់មន្ត្រីចំនួនប្រហែល ២៥នាក់ មកពីការិយាល័យយីហោជាតិ របស់រដ្ឋជាសមាជិកសមាគមអាស៊ាន។
    Photo by DAP-NEWSសិក្ខាសាលាដែលបានប្រព្រឹត្តឡើង ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២នេះ គឺជាកម្មវិធី ដែលត្រូវបានរៀបចំ ដោយលេខាធិការដ្ឋានអាស៊ាន និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដោយមានការគាំទ្រ និងសហប្រតិបត្តិការ ពីនាយកដ្ឋានកម្មសិទ្ឋិបញ្ញា របស់ក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា។
    សិក្ខាសាលាដែលមានការ ផ្តល់បទពិសោធន៍ ដល់គ្នានិងគ្នានេះ គឺធ្វើឲ្យមេធាវី (USPTO) និងមន្រ្តីថ្នាក់ជាតិ ផ្នែកកិច្ចការយីហោ អាចចែករំលែកបទពិសោធន៍ និងយុទ្ធសាស្រ្តដល់គ្នា ដើម្បីបង្កើនគុណភាពការងារ ដែលទាក់ទងនឹងយីហោ។ នៅក្នុងខណៈដែលពួកគេ កំពុងសិក្សា ពួកគេទាំងនោះ បានផ្តោតបទបង្ហាញរបស់គេ លើការបណ្តុះបណ្តាល និងការអនុវត្តន៍ សម្រាប់វាយតម្លៃបញ្ហាសំខាន់ៗ ក្នុងការពិនិត្យយីហោរួមមាន ដូចជាលទ្ធភាព អាចមានការច្រឡំភាព ខុសដាច់ពីគ្នា យីហោល្បីៗ និងយីហោ ដែលមានលក្ខណៈមិនធម្មតា។ មិនតែប៉ុណ្ណោះ អ្នកធ្វើបទបង្ហាញ បានលើកឡើង នូវករណីសិក្សាមួយចំនួន សំរាប់ឲ្យអ្នកចូលរួម ធ្វើការវាយតម្លៃផងដែរ។
    លោក ដាវិដ ហ្កាឌិន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន ដែលការិយាល័យ នៅទីក្រុងចាហ្កាតា ប្រទេសឥណ្ឌូនេស៊ីនោះ បានមានប្រសាសន៍ថា ”សហរដ្ឋអាមេរិក និងអាស៊ាន ទើបតែបានផ្តើមដំណើរការ អនុវត្តផែនការសកម្មភាព សហប្រតិបត្តិការ រយៈពេល ៥ឆ្នាំចុងក្រោយ របស់យើង។ នៅពេលយើង រៀបចំផែនការនេះ កាលពីឆ្នាំទៅ សហការីរបស់យើង ក្នុងអាស៊ាន បានស្នើទទូចឲ្យ (USPTO) បន្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន នៅក្នុងតំបន់ ជាផ្នែកមួយនៃការគាំទ្ររបស់យើង ដល់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ យើងយល់ស្របថា ការការពារកម្មសិទ្ធិបញ្ញា និងការអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា នឹងជួយច្រើន ដល់ការកែលំអ បរិយាកាសវិនិយោគ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅទូទាំងតំបន់អាស៊ី។”
    សិក្ខាសាលាជាចុងក្រោយនេះ គឺជាការពង្រឹងបន្ថែម លើភាពជាដៃគូយូរអង្វែង ដែល (USPTO) មានមកជាមួយ នឹងលេខាធិការដ្ឋានអាស៊ាន និងក្រុមការងារអាស៊ាន ស្តីពីសហប្រតិបត្តិការ ផ្នែកកម្មសិទ្ធិបញ្ញា ដើម្បីធ្វើការសហការ ក្នុងការរៀបចំសកម្មភាព កសាងសមត្ថភាព ដើម្បីលើកកម្ពស់ការអនុវត្តន៍ច្បាប់និងការការពារសិទ្ធិបញ្ញា នៅទូទាំងតំបន់អាស៊ាន។
    ឯកអគ្គរដ្ឋទូត កាន់ ផារិទ្ធតំណាងអចិន្ត្រៃយ៍ របស់កម្ពុជាប្រចាំ នៅអាស៊ានបានបន្ថែមថា "ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០១២ មានសេចក្តីរីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលានេះ ដែលឆ្លុះបញ្ចាំង ឲ្យឃើញដំណើរទៅមុខ ប្រកបដោយវិជ្ជមាន នៅក្នុងការអនុវត្តន៍កម្មវិធី សហប្រតិបត្តិការអាមេរិក និងអាស៊ាន ដែលមាននៅក្នុងផែនការ សកម្មភាពអាស៊ាន និងអាមេរិកឆ្នាំ២០១១និង២០១៥"។
    លោក កាន់ ផារិទ្ធ បានបន្តថា ការចូលរួមយ៉ាងសកម្ម របស់មន្ត្រីអាស៊ាន ក្នុងសិក្ខាសាលា បានជួយដល់គោលដៅ គន្លឹះក្នុងការ ធ្វើសមាហរណកម្មអាស៊ាន ហើយបានលើកកម្ពស់ ការផ្លាស់ប្តូរចំណេះដឹង ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ក្នុងចំណោយរដ្ឋាភិបាល ដែលជាសមាជិក នៃសមាគមអាស៊ានទាំងមូលនេះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.