រតនគិរី ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយសាររថយន្តម៉ាកហាយលែនឌ័របានក្រឡាប់ផ្ងារជើងហើយឆេះសល់តែគ្រោងឆ្អឹងប៉ុណ្ណោះក្រោយពេលបង្កហេតុពុំមានព័ត៌មានអំពីអ្នករងគ្រោះណាម្នាក់បានបាត់បង់ជីវិតនោះទេគ្រាន់តែរបួសបន្តិចបន្តួច ម្ចាស់របស់វាបានបណ្ដោយឲ្យរថយន្តនោះឆេះតាមចិត្តក្រោយពីខំពន្លត់មិនបានសម្រេច។
លោក ភោគ បូរិន្ទ អធិការនគរបាលស្រុកកូនមុំ បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែ មករាឆ្នាំ២០១២ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ យប់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១២នៅចំណុចភ្នំកូនមុំ តាមបណ្ដោយផ្លូវជាតិលេខ៧៨A ស្ថិតនៅក្នុងភូមិ៤ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្ត រតនគិរី។ លោក ភោគ បូរិន្ទ បានឲ្យដឹងថារថយន្តគ្រោះថ្នាក់នោះ ម៉ាក ហាយលែនឌ័រ បើកពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងឆ្វេងដៃឆ្លងកាត់ប្រឡាយក្បែរផ្លូវរួចបុកដំថ្មធំមួយទើបខ្ទេចមុខក្រឡាប់ទៅខាងស្ដាំដៃបណ្ដាលឲ្យឆេះឡើង។ លោកភោគ បូរិទ្ធ បានដកស្រង់សំដីអ្នកបានឃើញហេតុការណ៍នោះថា នៅវេលាម៉ោងប្រមាណជាង ១១ យប់ ពួកគាត់បានឮសំឡេងរថយន្តក្រឡាប់នោះ រួចក៏ចេញមកមើល លុះបានបន្តិចស្រាប់តែឃើញក្មេងៗ និង មនុស្សវារចេញពីរថយន្ត០៥នាក់ ហើយក្មេងៗ ចំនួន២នាក់បានរងរបួស។ ក្រោយមកពួកគេខំព្យាយាមយកទឹកទៅស្រោចពន្លត់រថយន្តនោះ តែពន្លត់មិនឈ្នះអំណាចភ្លើងក៏ទុកឲ្យឆេះតាមចិត្តតែម្ដង ហើយអ្នកដែលមិនរងរបួសបានក្មេងទៅលាងរបួសនៅទីរួមខេត្ត។
លោក ភោគ បូរិទ្ធ បានឲ្យដឹងថា អ្នករងគ្រោះថ្នាក់នេះ មានស្រុកកំណើតនៅស្រុកមេមត់ ខេត្តកំពង់ចាម នេះបើតាមការអះអាងពីអ្នកភូមិនៅក្បែរនោះបាននិយាយប្រាប់។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរជើងគោកខេត្ត រតនគិរី បានឲ្យដឹងថា រថយន្តក្រឡាប់នោះម៉ាក ហាយលែនឌ័រពណ៌ខ្មៅ ស្លាកលេខត្រូវភ្លើងឆេះអស់ មើលលែងស្គាល់ ចំណែកអ្នកបើកបរមានឈ្មោះ ប៊ុន ថេន ភេទប្រុស អាយុ ២១ឆ្នាំ និងអ្នករួមដំណើរមានឈ្មោះ យ៉ែម តុលា ភេទប្រុស អាយុ ២៣ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ម៉េង ភេទប្រុសអាយុ ២៣ឆ្នាំ ចំណែក២នាក់ទៀតមិនស្គាល់ឈ្មោះ ពួកគេទាំងអស់គ្នានៅស្រុកមេមត់ខេត្តកំពង់ចាម។ នគរបាលចរាចរឲ្យដឹងថា បើតាមលោកសួរអ្នករងគ្រោះទាំងនោះ បាននិយាយថា ពួកគេបានខ្ចីរថយន្តនោះមកលេងខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។ ពេលត្រឡប់មកវិញពួកគេបានបើករថយន្តលឿនហើយថែមទាំងមិនស្គាល់ពីស្ថានភាពផ្លូវ ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ ពីព្រោះនៅចំណុចកើតហេតុនោះជាផ្លូវជំរាល ចុះចំណោទ ហើយផ្លូវមួយកំណាត់ជាផ្លូវក្រាលកៅស៊ូ និងមួយកំណាត់ទៀតជាផ្លូវដី នៅពេលរថយន្តចុះពីលើផ្លូវកៅស៊ូផ្លូវមានជង្ហុកបន្តិចទើបរេចង្កូតបង្កគ្រោះថ្នាក់តែម្ដង៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.