ភ្នំពេញៈ ជាសិល្បកររស់នៅក្នុងជីវភាពហ៊ឺហារ ដោយបង្ហាញផ្ទះវីឡាដែលមានតម្លៃខ្ពស់កប់ពពកស្ទើរតែគ្មានអ្នកសិល្បៈណាម្នាក់អាចប្រៀបផ្ទឹមនោះ តារាចម្រៀងប្រចាំផលិតកម្មអ៊ឹម (M Production) នាង ពេជ្រ សូលិកា ដែលល្បីថាមានតាតាចិញ្ចឹមនោះ បានរៀបចំពិធីសែនចិនយ៉ាងធំអធិកអធមនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិន រួមគ្នាជាមួយនឹងសិល្បករ សិល្បការិនីមួយចំនួនទៀត។
នៅក្នុងថ្ងៃរៀបចំសែនព្រេនបែបប្រពៃណីចិននោះ គេសង្កេតឃើញតារាចម្រៀងជើងថ្មីរបស់រស្មីហង្សមាសនាង ទេព បូព្រឹក្ស និងតារាចម្រៀងត្រៀមចូលទ្រនំថ្មី អេនឌី ហាក់មានភាពមមាញឹកក៏មិនធម្មតាដែរ ដែលពិធីសែនព្រេននេះ ត្រូវបានធ្វើឡើងនៅផ្ទះវីឡាថ្មីរបស់ ពេជ្រ សូលិកា។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា តារាចម្រៀងក្មេងខ្ចី ពេជ្រ សូលិកា ទេព បូព្រឹក្ស អេនឌី រួមជាមួយនឹងអ្នកសិល្បៈ និងមិត្តភក្តិស្និទ្ធស្នាលមួយចំនួនទៀត បានតុបតែងខ្លួន និងស្លៀកពាក់តាមបែបប្រពៃណីចិនយ៉ាងស្រស់សោភា។
ដោយសារយីអ៊ុនឡើងក្រឺតៗដូចលើកបន្តុបទាំងក្នុងអាជីពជាអ្នកចម្រៀង និងមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះ អ្នកចម្រៀង ពេជ្រ សូលិកា បានរៀបចំពិធីសែនជីដូនជីតា កុងម៉ា និងសាច់ញាតិយ៉ាងធំសម្បើម ដើម្បីតបស្នងឲ្យស័ក្តិសមនឹងការជួយថែរក្សា និងជួយឲ្យនាងរកស៊ីមានបាននោះ។ សកម្មភាពនេះបាន ធ្វើឲ្យមិត្តភក្តិ និងអ្នកចូលរួមមានការភ្ញាក់ផ្អើល និងលាន់មាត់ស្ទើរគ្រប់ៗគ្នា។ ក្នុងកម្មវិធីដ៏សប្បាយរីករាយនោះ គេសង្កេតឃើញមានការចូលរួមពីបណ្តាសិល្បករសិល្បការិនីល្បីៗជាច្រើនដួងដែលត្រូវជាមិត្តភក្តិដូចជា គង់ ច័ន្ទស្រីមុំ លោក គឹម សីហា តេង លក្ខិណា អេនឌី និងទេព បូព្រឹក្សជាដើម ដែលម្នាក់ៗសុទ្ធតែស្លៀកពាក់ពណ៌ក្រហមឆ្អិនឆ្អៅ។
ជាមួយនឹងការសែនព្រេនយ៉ាងធំសម្បើម ពួកគេបានឡើងរាំច្រៀង ជជែកកម្សាន្ត និងញាំអាហាររហូតដល់យប់ជ្រៅដែលមានសំណែនសុទ្ធតែឆ្ងាញ់ៗ និងរបស់របរថ្លៃៗ។
តារាចម្រៀង លោក អេនឌី ជាមិត្តរួមអាជីពរបស់ន សូលិកា បានឲ្យដឹងថានោះគ្រាន់តែជាពិធីសែនតាមបែបប្រពៃណីចិន នៅផ្ទះរបស់ ពេជ្រ សូលិកា និងជាការជួបជុំសប្បាយរីរាយជាមួយមិត្តភក្តិ។ ពួកគេបាននិយាយរួមគ្នាថា សួស្តីឆ្នាំថ្មី ឆ្នាំចិន ឆ្នាំរោង (Qong Zi Fa Chai)។ ពួកគេបានឲ្យដឹងថា នេះជាប្រពៃណីមួយដែលពួកគេបានរៀបចំជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ពិតជារីករាយដែលបានជុំគ្នាជាមួយមិត្តភក្តិ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.