កំពង់ស្ពឺ ៖ មន្ត្រីជំនាញដែនដីនគរូបនីយកម្មនិងសំណង់ព្រមទាំងមន្ទីរពន្ធដារខេត្តកំពង់ស្ពឺកំពុងតែជំរិតទារលុយពីប្រជាពលរដ្ឋជាង៨០គ្រួសារដើម្បីចុះបញ្ជីប្រើប្រាស់ដីធ្លីជាលក្ខណៈប្រព័ន្ធបណ្ដាលឲ្យមានប្រតិកម្មយ៉ាងខ្លាំង។
ដោយសារតែការគាបសង្កត់រាស្ត្រខ្លាំងពេកទើបនៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១២ មានប្រជាពលរដ្ឋជាង ៨០នាក់បានជួបជុំគ្នានៅមុខសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនដើម្បីធ្វើការតវ៉ាដោយមានការចូលរួមពីសំណាក់លោកចៅហ្វាយក្រុង មន្ត្រីពន្ធដារ និង មន្ត្រីសុរិយោដីផងដែរ។
ក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ានៅសាលាសង្កាត់ស្វាយក្រវ៉ាន់នោះមកពី៤ភូមិ មានជាង ៨០គ្រួសារ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ដីកេរ្ដិ៍លំនៅដ្ឋានរបស់ពួកគាត់ដែលបច្ចុប្បន្ននេះ អាជ្ញាធរតម្រូវឲ្យបង់ពន្ធលើអចលនទ្រព្យជូនរដ្ឋដោយពួកមន្ត្រីជំនាញអះអាងថា បញ្ហានេះជាការសម្រេចរបស់ថ្នាក់លើ ពួកគេធ្វើតាមបញ្ជាប៉ុណ្ណោះ។ ក្រុមអ្នកតវ៉ាបន្តថា ដីពួកគាត់គឺមានប្លង់រឹងស្លាបមាន់ ប៉ុន្តែឥឡូវរដ្ឋាភិបាលតម្រូវឲ្យចុះបញ្ជីប្រើប្រាស់ដីធ្លីជាលក្ខណៈប្រព័ន្ធដោយមិនគិតប្រាក់ពីពលរដ្ឋទេ តែពេលនេះ តែបែរជាក្រុមគណៈកម្មាធិការវាស់វែងមិនព្រមចុះបញ្ជីរដ្ឋនោះទេព្រោះដីមានបញ្ហាទាល់តែបង់ពន្ធ៤ភាគរយ ពីតម្លៃបច្ចុប្បន្នដែលស្រាប់។
ប្រជាពលរដ្ឋបន្តទៀតថា គណៈកម្មាធិការនោះ បានវាយតម្លៃដីក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្នុងមួយម៉ែត្រការ៉េ ៣០ដុល្លារ សម្រាប់ដីលំនៅដ្ឋាន បើដីស្រែបង្កបង្កើនផល១ម៉ែត្រការ៉េ ៨ដុល្លារ ទាល់តែព្រមបង់លុយ៣ភាគរយនោះ ទើបគេចុះបញ្ជីប្រើប្រាស់ដីធ្លីឲ្យ។
លោក ពេជ្រ ជាអនុប្រធានពន្ធដារខេត្តកំពង់ស្ពឺបានប្រាប់ក្រុមអ្នកតវ៉ាថា ការយកពន្ធដី បងប្អូននេះ គឺអនុវត្តន៍តាមថ្នាក់លើ មន្ត្រីជំនាញគ្រាន់តែចុះធ្វើការងារប៉ុណ្ណោះ។ ដោយឡែកលោក ហ៊ុយ ស៊ីធឿនអភិបាលក្រុងច្បារមនបានប្រើពាក្យសំដីមិនសមរម្យពេលអ្នកកាសែតចូលយកព័ត៌មាននោះ ហាក់ដូចជាមិនសមជាថ្នាក់ដឹកនាំក្រុងទាល់តែសោះ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋភូមិនោះពួកគាត់រស់នៅក្នុងទឹកដីក្រុងមែន ប៉ុន្តែអ្នកខ្លះរត់ម៉ូតូឌុបធ្វើស្រែធម្មតា ប៉ុន្តែក្រុមការងារចុះវាស់វែងវាយតម្លៃដីពួកគាត់ក្នុងមួយម៉ែត្រការ៉េ៣០ដុល្លារ សុខចិត្តលក់ដីរួចទៅទិញដីកន្លែងផ្សេងវិញប្រសើរជាង។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញ និង គណៈកម្មាធិការមេត្តាបន្ថយពន្ធខ្លះព្រោះពួកគាត់គ្មានលុយបង់នោះទេ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.