រដ្ឋាភិបាលថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០១១ កើនឡើង ៦,៩ ភាគរយ ឯឆ្នាំ ២០១២ កើនត្រឹម ៦,៥ ភាគរយ

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញផ្សាយ នូវការព្យាករណ៍ថ្មី របស់ខ្លួនថា នៅឆ្នាំ២០១១ កន្លងទៅនេះ សេដ្ឋកិច្ច របស់ កម្ពុជាបានកើនឡើង ៦,៩ ភាគរយ ហើយនៅក្នុងឆ្នាំ ២០១២ សេដ្ឋកិច្ច កើនត្រឹមតែ ៦,៥ ភាគរយវិញ ។
    យោងតាម សូចនាករម៉ាក្រូសេដ្ឋកិច្ច ដែលចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឃើញនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១២ បានឲ្យដឹងថា វិទ្យាស្ថានជាតិ ស្ថិតិ នៃក្រសួង ផែនការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ ២០១១ មានចំនួន ៦,៩% តាម ថ្លៃស្ថេរ ។ ផលិតផល ក្នុងស្រុកសរុប បានកើនឡើង ដល់ ៥២.២៥៤ ពាន់លានរៀល ឬ ប្រមាណ ១២.៩៣៧ លានដុល្លារ ដែល នៅក្នុងនោះ ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ មានចំនួន ៩០៩ ដុល្លារអាមេរិក ។
    ប្រភពដដែល ឲ្យដឹងទៀតថា ទោះបីជា គ្រោះទឹកជំនន់ ដែលធ្វើឱ្យមាន ផលប៉ះពាល់ ដល់វិស័យកសិកម្ម យ៉ាងធ្ងន់ធ្ងរក៏ដោយ គោលនយោបាយ អន្តរាគមន៍ទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យ កសិកម្មមាន កំណើន ៣,៣% ក្នុងឆ្នាំ ២០១១ ដែលនៅក្នុងនោះ វិស័យដំណាំកើនឡើង ៣,៩% និងវិស័យជលផល កើនឡើង ៤,៨% ។
    ចំណែកវិស័យ ឧស្សាហកម្ម ក៏បានបង្ហាញ នូវសន្ទុះមួយ គួរឱ្យកត់សម្គាល់ ដោយមាន កំណើនចំនួន ១៤,៣% ដែលនៅក្នុងនោះ វិស័យកាត់ដេរ បានកើនឡើង យ៉ាងខ្ពស់រហូតដល់ ២០,២% និងការផលិតកៅស៊ូ បានកើនឡើង ១០,១% ។ ជាមួយគ្នានោះដែរ វិស័យសេវាកម្ម សម្រាប់ឆ្នាំ ២០១១ សម្រេចបាន ៥,០% ដែលកំណើននេះ បានមកពីកំណើន នៅក្នុងវិស័យហិរញ្ញវត្ថុ ១២,០% សណ្ឋាគារ និងភោជនីយដ្ឋាន ៥,៦% ដឹកជញ្ជូន និងទូរគមនាគមន៍ ៦,៩%  និងវិស័យផ្សេងៗទៀត ។
    យ៉ាងណាក៏ដោយ ក្រាហ្វិច នៃការព្យាករណ៍ សេដ្ឋកិច្ចរបស់ រាជរដ្ឋាភិបាល បានបង្ហាញថា នៅឆ្នាំ ២០១២ និង ២០១៣ សេដ្ឋ កិច្ចកម្ពុជា នឹងកើនឡើង ៦,៥ភាគរយដូចគ្នា។ សម្រាប់ស្ថាប័ន អន្តរជាតិពីរ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ ពិភព លោក សុទ្ធតែបានព្យាករណ៍ ដូចរដ្ឋាភិបាលកម្ពុជាថា កើនឡើង ៦,៥ ភាគរយ តែស្ថាប័ន រូបិយវត្ថុអន្តរជាតិ (IMF) បាន ព្យាករណ៍ថា នៅឆ្នាំ២០១២ សេដ្ឋកិច្ច កម្ពុជានឹងកើនឡើងដល់ ៧,២៥ភាគរយ ៕ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.