បង្កើត​មហា​វិទ្យាល័យ​កៅស៊ូ​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទិន្នផល​កៅស៊ូ​នៅ​កម្ពុជា​បាន​កើន​ឡើង ជាមួយ​នឹង​តម្រូវ​ការ​​កាន់​តែ​ច្រើន​ពី​ទីផ្សារ​សកល សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ នឹង​បង្កើត​មហា​វិទ្យាល័យ​កៅស៊ូ​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​។
    មន្ត្រី​និយាយ​ថា គំនិត​ផ្តួច​ផ្តើម​នេះ​ត្រូវ​បាន​ស្នើ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ឆ្នាំ​មុន ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​កើន​ឡើង​ដំណាំ​កៅស៊ូ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
    លោក ង៉ោ ប៊ុន​ថន សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​មាន​ប្រសាសន៍​ថា៖ «​យើង​ចង់​បង្កើត​ធនធាន​មនុស្ស​ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​ មាន​សមត្ថភាព​អាច​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ»។
    លោក​បន្ត​ថា ទោះ​បី​នៅ​ពេល​នេះ​មាន​អ្នក​ជំនាញ​ជា​ច្រើន​ហើយ​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​នោះ ភាគ​ច្រើន មាន​វ័យ​ចំណាស់​។ លោក​បាន​បន្ថែម​ថា៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ថា ក្រុម​ហ៊ុន​វិនិយោគទុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដែល​កំពុង​វិនិយោគ​លើ​ចម្ការ​កៅស៊ូ បាន​កំពុង​ទទួល​ទិន្នផល​កើន​ឡើង​ស្រប​ពេល​ដែល​ការ​ប្រើ​ប្រាស់​កៅស៊ូ​លើ​ពិភពលោក​កំពុង​កើន​ឡើង ប៉ុន្តែ​ធនធាន​មនុស្ស​ដើម្បី​បម្រើ​ក្នុង​វិស័យ​នេះ​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ​»។
    លោក​បន្ត​ថា តាម​មុខ​វិជ្ជា​ផ្នែក​កៅស៊ូ មាន​ស្រាប់​ទៅ​ហើយ​នៅ​សាកល​វិទ្យាល័យ​នេះ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ផ្នែក​តូច​ប៉ុណ្ណោះ។
    លោក​បាន​បន្ថែម​ថា សាកល​វិទ្យាល័យ​តម្រូវ​ឲ្យ​មាន​មហា​វិទ្យាល័យ​កៅស៊ូ​មួយ​ដាច់​ដោយ​ឡែក ដើម្បី​ឲ្យ​កាន់​តែ​ជាក់​លាក់​ក្នុង​ឧស្សាហកម្ម​នេះ។ លោក​ថ្លែង​ថា សេចក្តី​ព្រាង​កម្មវិធី​សិក្សា​ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ បន្ទាប់​ពី​បាន​ជួប​ជាមួយ​អ្នក​ជំនាញ។
    សាកល​វិទ្យាល័យ ​សហការ ជាមួយ​អគ្គ​នាយកដ្ឋាន​កៅស៊ូ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ ដើម្បី​ផ្តល់​យោបល់ និង​ការ​ពិសោធ​កៅស៊ូ ដល់​អ្នក​ជំនាញ​។ លោក​បាន​លើក​ឡើង​ថា​៖ «ដូច្នេះ យើង​អាច​បណ្តុះ​និស្សិត​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ដែល​មាន​សមត្ថភាព​ពិតប្រាកដ»។ លោក​បន្ថែម​ថា៖ «យើង​សង្ឃឹម​ថា មហា​វិទ្យាល័យ​នេះ នឹង​បង្កើត​ឡើង​ពាក់​កណ្តាល​ឆ្នាំ​នេះ ដោយ​សារ​យើង​កំពុង​ត្រៀម​រៀប​ចំ​ បញ្ជូន​​សំណើ​នេះ ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ដើម្បី​អនុម័ត​សម្រេច​»។
    កម្ពុជា​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដាំ​កៅស៊ូ​ច្រើន​ជាង​គេ​ទាំង​១១​ប្រទេស នៅ​ក្នុង​សមាគម​ប្រទេស​ដាំ​កៅស៊ូ​ (ANRPC) ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ចុង​ខែ​ធ្នូ។
    លោក លី ផល្លា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កៅស៊ូ មិន​អាច​ទាក់ទង​បាន​ទេ​។ ទោះបីយ៉ាង​នេះ​ក្តី លោក​បាន​ឲ្យ​ដឹង​កាល​ពី​លើក​មុន​ថា ការ​ដាំ​កៅស៊ូ​បាន​កើន​ឡើង​ប្រមាណ​ ៣០​ភាគរយ ពី​ឆ្នាំ​២០០៩ ដល់​២០១០ ពោល​បាន​កើន​ពី ១៣៦ ១០៧​ហិក​តា រហូត​ដល់​១៨១ ៤០០​ហិកតា និង​កើន​២១​ហិកតា នៅ​២០១១​។
    ផ្ទៃ​ដី​ប្រហែល​៤៥​ភាគ​រយ បាន​មក​ពី​កសិករ​ដែល​មាន​ដី​ដាំ​កៅស៊ូ​តិច​តួច ហើយ​២៩​ភាគ​រយ បាន​មក​ពី​ដី​សម្បទាន​សេដ្ឋកិច្ច និង ២៦​ភាគ​រយ បាន​មក​ពី​ចម្ការ​កៅស៊ូ​កសិ-ឧស្សាហកម្ម។
    លោក លី ផល្លា ឲ្យ​ដឹង​ថា កាល​ពី​២០១០ មាន​កៅស៊ូ​តែ​ ២០​ភាគរយ​ប៉ុណ្ណោះ ត្រូវ​បាន​ចៀរ​យក​ជ័រ ដោយ​សារ​ដើម​កៅស៊ូ​ថ្មី​ៗ​ត្រូវ​ការ​ពេល​វេលា​លូតលាស់​។
    លោក លឹម ស៊ុនលាង ម្ចាស់​ចម្ការ​កៅស៊ូ​មេមត់ នៅ​ខេត្ត​កំពង់ចាម គាំទ្រ​ការ​សម្រេច​ចិត្ត​បង្កើត​មហា​វិទ្យាល័យ​កៅស៊ូ​ថ្មី​នេះ។ លោក​ ថ្លែងថា៖ «នោះ​ជា​ការ​ល្អ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​ដំណាំ​កៅស៊ូ​ដែល កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ជា​ពិសេស​ដោយ​សារ​កំណើន​តម្រូវ​ការ​កៅស៊ូ​នៅ​លើ​ពិភព​លោក ខណៈ​ដែល​យើង​កំពុង​កង្វះ​ធនធាន​មនុស្ស និង​អ្នក​ជំនាញ​ក្នុង​វិស័យ​នោះ»។
    លោក ស៊ុនលាង បាន​ដាំ​កៅស៊ូ​ជាង​៦​ពាន់​ហិកតា ក្នុង​នោះ ៣​ពាន់​ហិកតា​នឹង​ត្រូវ​ចៀរ​យក​ជ័រ នៅ​ឆ្នាំ​នេះ។ លោក​មាន​គម្រោង​ពង្រីក​ចម្ការ​កៅស៊ូ​ រហូត​ដល់​ជាង ៩​ពាន់​ហិកតា ដោយ​ផល​កៅស៊ូ​ភាគ​ច្រើន លោក​នឹង​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី។
    គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​បង្កើន​ផ្ទៃ​ដី​ដាំ​កៅស៊ូ រហូត​ដល់​៣០​ម៉ឺន​ហិកតា ដែល​អាច​ទទួល​បាន​បរិមាណ​ផល​សរុប​ប្រហែល ២៩ម៉ឺន​តោន នៅ​ត្រឹម​ឆ្នាំ​២០២០។ នេះ​បើ​តាម​លោក លី ផល្លា។
    ទិន្នន័យ​ជា​ផ្លូវ​ការ​ដែល​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ការ​នាំ​ចេញ​កៅស៊ូ កាល​ពី​ឆ្នាំ​២០១១ មាន​ចំនួន​សរុប ៤៦ ៧២៧​តោន បើ​គិត​ជា​ទឹក​ប្រាក់ ២០០,៩​លាន​ដុល្លារ​។ កាល​ពី​ឆ្នាំ​២០១០ មាន​ត្រឹម​តែ ៣០ ០៤០​តោន គិត​ជាទឹក​ប្រាក់ ៨៦,៧៦​លាន​ដុល្លារ​៕ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.