
សមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលបានឃាត់រ៉ឺម៉កដឹកទំនិញនោះកាលពីព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១២ នៅចំណុចមុខសាលាស្រុក អង្គស្នួល តាមបណ្ដោយផ្លូវជាតិលេខ៤ខណៈពេលប៉ូលិសបានដាក់កម្លាំងត្រួតពិនិត្យច្បាប់ចរាចរជើងគោក ជាពិសេសលើបញ្ហាមួក កញ្ចក់ និង ស្លាកលេខជាដើម។
លោក មានសំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មូលហេតុដែលលោក បញ្ជាឲ្យកម្លាំងឃាត់រ៉ឺម៉កនេះ ដោយសាររ៉ឺម៉ក បានដឹកទំនិញសំពីងសំពោងប្រៀបបីដូចរថយន្តសណ្ដោងកុងតឺន័រអញ្ចឹង បើយើងមិនឃាត់ណែនាំដល់អ្នកបើកបរទេ វាអាចមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសប៉ះពាល់ដល់អ្នកដំណើរតាមដងផ្លូវ។ បន្ទាប់ពីធ្វើការឃាត់ណែនាំអប់រំហើយនោះ លោក បានឲ្យរើអីវ៉ាន់ដូចជាទូកញ្ចក់ និងរំលែកបានជាបីរ៉ឺម៉ក ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
លោកបន្តថា រ៉ឺម៉កនេះចេញដំណើរពីចំណុចព្រំប្រទល់នៃស្រុកមេមត់ ខេត្តកំពង់ចាម ដោយទំនិញនេះដឹកចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា។ គេមានការងឿងឆ្ងល់ថា ចាប់ពីស្រុកមេមត់ដល់ស្រុកអង្គស្នួលមានចម្ងាយរាប់រយគីឡូម៉ែត្រ ប៉ុន្តែហេតុអ្វីពុំមានសមត្ថកិច្ចណាមួយយកចិត្តទុកដាក់ ពីបញ្ហាសណ្ដាប់ធ្នាប់ចរាចរនេះនៅតែអនុញ្ញាតឲ្យរ៉ឺម៉កដឹកទំនិញសំពីងសំពោងបែបនេះធ្វើដំណើរឆ្លងដល់ពាក់កណ្ដាលផ្ទៃប្រទេសយ៉ាងរលូនស្រួលបែបនេះ ឬមួយលើចម្ងាយនេះពុំមានសមត្ថកិច្ចណាទទួលខុសត្រូវទេឬ?៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.