នៅទីនេះយើងនិយាយអំពីការឆ្លើយតបជាស្វ័យប្រវត្តិនៅក្នុងខ្លួន កាលបើមនុស្សម្នាក់មានជំងឺលើសឈាម។ នៅក្នុងវេជ្ជសាស្ត្រគេហៅថាសរីរ:រោគសាស្ត្រ (Physiopathology)។ សំរាប់គ្រូពេទ្យការយល់ដឹងអំពីសរីរ:រោគសាស្ត្រនេះមានសារសំខាន់ណាស់ពីព្រោះវាជួយ ដល់ការសម្រេចចិត្តជ្រើសរើសការព្យាបាលដ៏ត្រឹមត្រូវ និងមានប្រសិទ្ឋភាព។
រូបរាងកាយមនុស្សមានយន្ដការជាច្រើនដែលត្រួតពិនិត្យការលើសឈាម។ យន្តការនោះទាក់ទងទៅនឹងកត្តាបី គឺ៖
- បរិមាណឈាមដែលច្របាច់ចេញពីបេះដូង។
- ការផ្លាស់ប្ដូរវិជ្ឈមាត្ររបស់សរសៃឈាមអាកទែរ។
- ការប្រែប្រួលបរិមាណឈាមនៅក្នុងចរន្ដឈាមរត់។
ដើម្បីបង្កើនសម្ពាធឈាម បេះដូងអាចបូមឈាមចូលមកច្រើនរួចបាញ់ចេញទៅយ៉ាងខ្លាំងនិងលឿន។ សសៃអាកទែរតូចៗដែលគេហៅថាអាកតេរីយ៉ូល អាចរួមតូចរួចធ្វើឱ្យឈាមដែលចេញពីបេះដូងមករត់កាត់ទីចង្អៀត ហើយសម្ពាធឈាមត្រូវកើនខ្ពស់ឡើងចំពោះបរិមាណ ឈាមដដែល។
សសៃវ៉ែនដែលនាំឈាមចូលមកបេះដូងវិញអាចនឹងរួមតូចធ្វើឱ្យចំណុះផ្ទុកឈាមរបស់ខ្លួនរួមតូចដែរ ហើយបង្ខំឱ្យមានឈាមច្រើននៅក្នុងអាកទែរ។ ជាលទ្នផល ទាំងអស់នេះធ្វើឱ្យសម្ពាធឈាមកើនឡើង។ អាចមានអង្គធាតុរាវដទៃទៀតចូលមកបន្ថែមពីលើចំណុះឈាម ធ្វើឱ្យបរិមាណកើនឡើង ហើយកើនសម្ពាធឈាមឡើងដែរ។ ផ្ទុយមកវិញ ដើម្បីបន្ថយសម្ពាធឈាម បេះដូងអាចបូមឈាមចូលមកតិចរួចបាញ់ចេញទៅវិញតិចៗនិងយឺតៗព្រមពេលដែលអាកទែរ និងអាកតេរីយ៉ូលរីកធំឡើង ហើយអង្គធាតុរាវដទៃទៀតត្រូវបានដកចេញពីចំណុះឈាមទៅ។
យន្ដការទាំងអស់នេះត្រូវបានត្រួតពិនិត្យដោយផ្នែក sympathetic division នៃប្រព័ន្ធ autonomous nervous system (គឺជាប្រព័ន្ឋសរសៃប្រសាទស្វ័យយ័ត្យ) និងដោយតម្រងនោម។ ផ្នែក sympathetic division ប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីធ្វើឱ្យ សម្ពាធឈាមកើនឡើងជាបណ្ដោះអាសន្ននៅក្នុងពេលដែលមានការប្រយុទ្ធតទល់នឹងការគំរាមណាមួយ។ sympathetic division អាចភ្ញោចក្រពេញអាដ្រេណាល់ឱ្យបញ្ចេញអ័រម៉ូនអេពីនេហ្វ្រ៉ីន (epinephrine) (អាដ្រេណាលីន adrenaline) និង ណូរេពិនេហ្វ្រ៉ីន (norepinephrine) (ណូរ៉ាដ្រេណាលីន noradrenaline)) ។ អ័រម៉ូនទាំងអស់នោះទៅភ្ញោចបេះដូងឱ្យកន្ដ្រាក់កាន់តែញាប់ និងខ្លាំងឡើង ឱ្យសរសៃឈាមអាកតេរីយ៉ូលភាគច្រើនរួមតូច និងឱ្យអាកតេរីយ៉ូលមួយចំនួនរីកឡើង។ អាកតេរីយ៉ូលដែលរីក គឺអាកតេរីយ៉ូលនៅត្រង់កន្លែងដែលត្រូវការឱ្យមានការបូមឈាមចូលមកកាន់តែច្រើន (ដូចជានៅក្នុង skeletal muscle – សាច់ដុំឆ្អឹង)។
Sympathetic division ក៏ភ្ញោចតម្រងនោមឱ្យបន្ថយបរិមាណឈាមផងដែរ។ តម្រងនោមក៏ធ្វើការឆ្លើយតបដោយផ្ទាល់ទៅនឹងសម្ពាធឈាមដែរ។ កាលណាសម្ពាធឈាមកើនឡើងតម្រងនោមបញ្ចេញជាតិអំបិលនិងទឹកកាន់តែច្រើនឡើង ដែលធ្វើឱ្យចំណុះឈាមថយចុះ រួចសម្ពាធឈាមក៏វិលត្រលប់មករកសភាពធម្មតាឡើងវិញ។ ផ្ទុយទៅវិញ បើកាលណាសម្ពាធឈាមថយចុះ តម្រងនោមបន្ថយការបញ្ចេញជាតិអំបិលនិងទឹក ធ្វើឱ្យមាឌឈាមកើនឡើង ហើយសម្ពាធឈាមក៏កើនមកធម្មតាវិញដែរ។ តម្រងនោមអាចធ្វើឱ្យសម្ពាធឈាមកើនឡើងដោយបញ្ចេញអង់ហ្ស៊ីមរេនីន ដែលអាចធ្វើឱ្យអ័រម៉ូន angiotension II កើនឡើង។ angiotension II នេះជួយធ្វើឱ្យ សម្ពាធឈាមកើនឡើង ដោយធ្វើឱ្យអាតេរីយ៉ូលរួមតូច និងដោយការបញ្ចេញនូវអ័រម៉ូនមួយទៀត គឺអាល់ដូស្តេរ៉ូន (aldosterone) ដែលជំរុញឱ្យតម្រងនោមបង្កើនការរក្សាជាតិអំបិល និងទឹកទុកទៅវិញ។
តាមធម្មតា កាលណាមានការផ្លាស់ប្ដូរអ្វីមួយ ដែលបណ្ដាលឱ្យសម្ពាធឈាមកើនឡើង (ឧទាហរណ៍ដូចជានៅក្នុងពេលធ្វើសកម្មភាពខ្លាំង ឬមានការរំភើបខ្លាំង) យន្ដការមួយរបស់រូបរាងកាយត្រូវបានធ្វើឱ្យមានដំណើរការឡើងប្រឆាំងទៅនឹងការផ្លាស់ប្ដូរនោះ ដើម្បីទប់ទល់សម្ពាធឈាមឱ្យនៅក្នុងកម្រិតធម្មតាដដែល។ ឧទាហរណ៍ កាលបើមានការកើនឡើងនៃបរិមាណឈាមដែលបាញ់ចេញពីបេះដូងមកដោយអាចនឹងធ្វើឱ្យសម្ពាធឈាមកើនឡើងពេលនោះវានឹងធ្វើឱ្យសរសៃឈាមរីកធំឡើង ហើយមានការបញ្ចេញនូវជាតិអំបិល និងទឹកកាន់ តែច្រើនឡើង ដោយតម្រងនោមដើម្បីប្រទាញសម្ពាធឈាមឱ្យថយចុះមកវិញ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.