ភ្នំពេញ ៖ រឿងក្ដីផិតក្បត់ដែលបានដាក់ពាក្យបណ្ដឹងទៅតុលាការតាមផ្លូវច្បាប់នឹងត្រូវលើកយកមកជំនុំជំរះនៅតុលាការកំពូលនៅថ្ងៃទី២០ខែមករាឆ្នាំ២០១២នេះដោយសារតែសាលាឧទ្ធរណ៍មានការខ្វែងគំនិតជាមួយនិងសាលាដំបូងរាជធានីភ្នំពេញត្រង់ចំណុចប្រាក់ជំងឺចិត្តដែលកាលពីមុនតុលាការសាលាដំបូងបង្គាប់អោយសងប្រាក់ជំងឺចិត្តទៅជនរងគ្រោះ៦០លានរៀលប៉ុន្តែសាលាឧទ្ធរណ៍សំរេចអោយសង់នៅត្រឹមតែ៥លានរៀលទៅវិញ។
អំពើផិតក្បត់នេះប្រព្រឹត្តឡើងដោយបុរសម្នាក់ឈ្មោះ លី ប៊ុនធឿន កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១០ហើយត្រូវបានភរិយាស្របច្បាប់ប្ដឹងទៅសាលាដំបូងដើម្បីជំនុំជំរះតាមផ្លូវច្បាប់។
ប្រភពព័ត៌មានបានអោយដឹងថាសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១០បានសំរេចផ្ដន្ទាទោសជនសង្ស័យអោយជាប់ពន្ធនាគារ៦ខែប៉ុន្តែទោសនេះត្រូវព្យួរធម្មតានិងបានពិន័យជាប្រាក់៥០ម៉ឺនរៀលនិងបង្គាប់អោយឈ្មោះ លី ប៊ុនធឿន សងជំងឺចិត្តដល់ជនរងគ្រោះចំនួន៦០លានរៀលទៀត។រឿងក្ដីនេះបានបន្តដំណាក់កាលប្ដឹងផ្ដល់រហូតដល់សាលាឧទ្ធរណ៍ ហើយលោក អ៊ីង សារុនជាប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក សេង ស៊ីវត្ថា និងលោក ញូង ធុល ជាចៅក្រមប្រឹក្សាបញ្ចុះចំនួនជំងឺចិត្តពី៦០លានរៀលមកនៅត្រឹម៥លានរៀលគួរអោយភ្ញាក់ផ្អើលទៅវិញ។
ស្ត្រីរងគ្រោះមិនអស់ចិត្តចំពោះការសំរេចរបស់សាលាឧទ្ធរណ៍ក៏សំរេចប្ដឹងសាលដីកាសាលាឧទ្ធរណ៍ទៅតុលាការកំពូលបន្តទៀតដែលរឿងក្ដីនេះត្រូវបានតុលាការកំពូលនឹងលើកមកជំនុំជំរះនៅថ្ងៃទី២០ខែមករាឆ្នាំ២០១២នេះ។
គួរបញ្ជាក់ថាបុរសឈ្មោះ លី ប៊ុនធឿន ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ ធ្លាប់មានស្រីកំណាន់លួចលាក់រួមរស់ជាមួយគ្នាជាច្រើនខែមកហើយបន្ទាប់មកបុរសខាងលើបានមករៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីរងគ្រោះកាលពីថ្ងៃទី២០មករាឆ្នាំ២០១០ដើម្បីបង្គ្រប់កិច្ចតាមផ្លូវច្បាប់។ប៉ុន្តែបុរសឈ្មោះ លី ប៊ុនធឿនក្រោយរៀបការបាន២ថ្ងៃបុរសរូបនោះតែងតែចុះចោលពីដំណេកមិនសូវជាប់លាប់ទេគឺមានន័យថារួមរស់ជាមួយស្ត្រីរងគ្រោះជាប្រពន្ធស្របច្បាប់៥យប់រូបគេក៏ចុះពីផ្ទះ៥យប់ដែរពោលគឺមិនសូវចុះសំរុងនិងគ្នានោះទេ។ ដោយមានការសង្ស័យស្ត្រីជាប្រពន្ធស្របច្បាប់បានតាមដានប្ដីរហូតដល់ពេលមួយបានឃើញប្ដីនៅជាមួយស្ត្រីម្នាក់ក្នុងផ្ទះសំណាក់ចំប៉ាមាសទាំងរូបកាយរបស់ពួកគេអាក្រាតហើយស្ត្រីជាប្រពន្ធក៏បានថតរូបទុកជាភស្ដុតាងដើម្បីប្ដឹងផ្ដល់ទៅតុលាការ។
ស្ត្រីរងគ្រោះបានពោលថានាងត្រូវបាត់បង់អនាគតដោយសារតែជឿលង់និងបុរសឈ្មោះ លី ប៊ុនធឿន ហើយរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់បែរជាបុរសរូបនេះមិនទទួលខុសត្រូវហើយយកអនាគតស្ត្រីវ័យក្មេងមកលេងសើចតាមល្បែងតណ្ហាទៅវិញ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ដែលជាថ្ងៃសវនការខាងមុខ តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់ស្រ្តីរងគ្រោះដែលបាត់បង់អនាគតទាំងក្មេងវ័យ និងផ្តន្ទាទោសបុរសឈ្មោះ លី ប៊ុនធឿន ឲ្យទទួលទោសតាមច្បាប់នូវទង្វើដែលខ្លួនបានប្រព្រឹត្ត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.