ភ្នំពេញ ៖ យោងតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា នៅពេលអនុញ្ញាតឲ្យលោកបណ្ឌិត ថងបាញ់ សែងអាផន រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យប្រទេសទាំងពីរបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែខ្លាំងថែមទៀតលើគ្រប់វិស័យ។
សម្តេចនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង និង ក្រ សួង ខេត្ត និង ខេត្ត ប្រជាជន និង ប្រជាជនកម្ពុជា-ឡាវ ដោយមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះគឺជាការចាំបាច់ណាស់ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស នៅតាមតំបន់ ព្រំដែនដើម្បីទាញយកបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាជននៅតាមព្រំដែន។
សម្តេចតេជោបានស្នើឲ្យបន្តនូវកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែស៊ីជម្រៅ ជាពិសេស ទៅ លើការទប់ស្កាត់អំពើភេរវកម្ម អំពើរត់ពន្ធឆ្លងដែន ក៏ដូចជាអំពើខុសច្បាប់នៅតាមព្រំដែន និង បានស្នើឲ្យខេត្តចំប៉ាសាក់ និង ខេត្តប៉ាក់សេរបស់ឡាវបន្តសហការគ្នាឲ្យបានល្អជាមួយនឹងខេត្តស្ទឹងត្រែង ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាពាក់ព័ន្ធជាមួយបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាភ្លៀងជាដើម ដើម្បីធ្វើយ៉ាងណាត្រៀមខ្លួនជម្លៀសប្រជាជនឲ្យបានទាន់ពេលវេលានោះ។
លោកបណ្ឌិត ថងបាញ់ សែងអាផន បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីអំពីលទ្ធផល នៃជំនួបរវាងរូបលោកជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ដែលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការ ដែលបានធ្វើក្នុងឆ្នាំ ២០១១ កន្លងមក និង បានរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី ផងដែរអំពីកិច្ចសហប្រតិបត្តិការលើផែនការផ្លាស់ប្តូរព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំរវាងខេត្ត និង ខេត្ត ហើយនៅពេលនេះ ក្រសួង និង ក្រសួង ខេត្ត និង ខេត្ត ប្រជាជន និង ប្រជាជនកម្ពុជា-ឡាវគឺមានភាពស្និទ្ធស្នាលយ៉ាងខ្លាំង និង មានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរណាស់៕ស្នាយពល
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.