ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ស្ថិតនៅចំណុចសិប្បកម្មធ្វើទ្វារបង្អួចនិងរនាំង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ឧកញ៉ាម៉ុង ឫទ្ធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលមានចម្ងាយពីរង្វង់មូលកាំកូស៊ីធីជាង១០០ម៉ែត្រ ដោយសារតែជនសង្ស័យ២នាក់បានចូលទៅគំរាមជនរងគ្រោះរួចកាច់សោ.កយកម៉ូតូដោយសុវត្ថិភាព ។
ម្ចាស់ម៉ូតូត្រូវបានគេស្គាល់ឈ្មោះយក់ ណារ៉ាត់ អាយុ៤០ឆ្នាំ ជាម្ចាស់ធ្វើសិប្បកម្មទ្វារបង្អួច មានទីលំនៅផ្ទះលេខ៤១៧ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយម៉ូតូដែលជនសង្ស័យយកទៅដោយសុវត្ថិភាពខាងលើនេះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ មានស្លាកលេខ ភ្នំពេញ 1AX-2506 ។
ក្នុងសកម្មភាពដ៏ព្រហើននេះគេបានឃើញសមត្ថកិច្ចខណ្ឌឫស្សីកែវ បានចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុនិងធ្វើការសួរនាំជនរងគ្រោះពីភិនភាគជនសង្ស័យដែលធ្វើសកម្មភាពយកម៉ូតូនោះ ។
លោកហ៊ុយ ហ៊ាន នាយប៉ុស្ដិ៍ទួលសង្កែបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្ដតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០១២ ដោយលោកបានបញ្ជាក់ថា ករណីខាងលើនេះមិនមែនជាករណីប្លន់ប្រដាប់អាវុធឡើយ គឺជាករណីកាច់សោ.កយកម៉ូតូដោយសារតែជនរងគ្រោះបម្រុងនឹងស្រែកហើយជនសង្ស័យគំរាមថាបាញ់សម្លាប់។ ប៉ុន្ដែបើទោះបីជាករណីលួចឬប្លន់ក៏ដោយ គេបានសង្កេតឃើញថានៅដើមឆ្នាំ២០១២នេះ បទល្មើសបានកើតឡើងជាថ្មីម្ដងទៀតមានទាំងករណីឃាតកម្ម វាយប្លន់ លួច ឆក់ ព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះមានការព្រឺរងាស្ទើរតែរៀងរាល់ថ្ងៃពីបញ្ហាសន្ដិសុខសុវត្ថិភាពរបស់ពួកគាត់ ។
ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចមានរាប់ពាន់នាក់តែករណីលួច ឆក់ ប្លន់ ឃាតកម្មបានកើតឡើងស្ទើរតែរាល់ថ្ងៃ ដែលបញ្ហាទាំងអស់នេះ គឺខុសពីគោលការណ៍ របស់រាជរដ្ឋាភិបាលដែលដាក់ចុះឱ្យអាជ្ញាធរមូលដ្ឋានត្រូវខិតខំពង្រឹងពី ភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាសន្ដិសុខជូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញបទល្មើសទាំងនោះបានកើតមិនចេះចប់ពីតំបន់មួយទៅតំបន់មួយក្នុងរាជធានីភ្នំពេញ ។
ចំពោះករណីខាងលើនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីកំណត់នូវមុខសញ្ញាដែលធ្វើសកម្មភាពលួចកាច់សោ.កយកម៉ូតូរបស់ជនរងគ្រោះដើម្បីយកមកឱ្យច្បាប់ផ្ដន្ទាទោស ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.