អាវុធហត្ថស្រុកកំរៀង បង្រ្កាបឃាត់ខ្លួន ស្រ្តីមា្នក់ និងថ្នាំញៀន ចំនួន២០១គ្រាប់

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុកកំរៀង ចុះបង្រ្កាប និងឃាត់ខ្លួនស្រ្តីមា្នក់ ហើយរឹបអូសបានវត្ថុតាង ថ្នាំញៀនចំនួន២០១គ្រាប់ កាលពីវេលាម៉ោង១៦ រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ នៅចំណុចភូមិ-ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង រួចនាំយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ និងធ្វើការបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់ ។
    លោក មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំង អ.ហ ស្រុកកំរៀងឃាត់ខ្លួន មានឈ្មោះ ទឹម ម៉ៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំតាគ្រៃ ស្រុកកំរៀង ។      
    លោក មុយ សាលិត បានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតជាច្រើនថ្ងៃ ទើបដឹងព័ត៌មានច្បាស់ថា ផ្ទះជនសង្ស័យពិតជា កន្លែងចែកចាយថ្នាំញៀន ពិតប្រាកដមែន។ ក្រោយមកលោកបានសុំយោបល់ ពីលោកព្រះរាជអាជ្ញា ដើម្បីដឹកនាំកម្លាំងចូលឆែកឆេរក្នុងផ្ទះតែម្តងហើយរកឃើញថ្នាំញៀន ដែលជនសង្ស័យយកទៅលាក់ទុក ក្នុងស្បែកជើងកវែង រុំថង់បិទជិត ហើយដាក់ក្រោមផ្ទះចោល ដើម្បីបញ្ឆោតភ្នែកសមត្ថកិច្ច។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បាននាំទាំងមនុស្ស និងវត្ថុតាងយកមកទីបញ្ជាការដ្ឋាន អ.ហ ស្រុក ធ្វើការសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ដែលរឹបអូសបាន មកទីបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីចាត់ការបន្ត ។
    ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរកស៊ីជួញដូរ ចែកចាយថ្នាំញៀននេះ តាំងពីមុនខែច្រូត ក្នុងអំឡុងខែតុលា ឆ្នាំ២០១១ មកម្ល៉េះ ដោយខ្លួន បានទិញពីគេមិនស្គាល់អត្តសញ្ញាណ ក្នុង១គ្រាប់ តម្លៃ១៦.០០០រៀល លក់ចេញវិញតម្លៃ២០.០០០រៀល ទិញចូលម្តងៗ ពី១០០ទៅ៣០០គ្រាប់ ពេលលក់អស់ទើប គេយកមកប្រគល់ឲ្យទៀតហើយទូទាត់លុយតាមក្រោយ។ លុះដល់ថ្ងៃចុងក្រោយវេលាម៉ោង ប្រហែល៤ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ស្រាប់តែឃើញមាន កម្លាំងអាវុធហត្ថស្រុក ចុះមកធ្វើការឆែកឆេរ និងឃាត់ខ្លួននាំយកមកសាកសួតែម្តង។       
    លោក សូឌី នាយការិយាល័យស្រាជ្រាវ បទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្ត បានឲ្យដឹងថា ករណីជនសង្ស័យរកស៊ីជួញដូរ ថ្នាំញៀននេះ គឺមុខរបរខុសច្បាប់ ដែលច្បាប់បានហាមឃាត់។ ក្រោយពីបានធ្វើការសាកសួរបន្ថែមហើយ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.