លទ្ធផល បណ្តោះអាសន្ន សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៣ CPP ឈ្នះ សម រង្ស៊ី ដាច់

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ បន្ទាប់ពីដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដែលចាប់ផ្តើមឡើង តាំងពីវេលាម៉ោង ៧ព្រឹក រហូតមកដល់ម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ នេះ លទ្ធផលជាបណ្តោះអាសន្ន ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសហើយ នៅល្ងាចថ្ងៃដដែល ដោយលទ្ធផល គណបក្សកំពុងកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនវ៉ាដាច់គណបក្ស សម រង្ស៊ី ដោយសារតែការកើនសំឡេង នេះ មកពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួនរបស់គណបក្ស នយោបាយផ្សេងៗបោះជូនគណបក្ស ប្រជាជនកម្ពុជា ក្នុងនោះគណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណបក្ស នរោត្តម រណ ឬទ្ធិ ហើយជាពិសេស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស សម រង្ស៊ី តែម្តង ។
    លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានប្រកាសឲ្យដឹងពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៣ ទាំង ៨មណ្ឌលភូមិភាគ ដូចខាងក្រោមនេះ ៖ មណ្ឌលភូមិភាគ១ ដែលមាន ២ការិយាល័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៣៣សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ២៨៥សំឡេង ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប ៨២០នាក់ ស្មើនឹង ៩៩,៧៦% ។
    មណ្ឌល ភូមិភាគ២ ដែលមាន ៣ការិយាល័យ គណបក្សប្រជាជនទទួលបាន ១០០៧សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ៣៥៥សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ១៣៦៧នាក់ ស្មើនឹង ៩៩,៨៥% ។
    មណ្ឌល ភូមិភាគ៣ ដែលមាន ២ការិយាល័យ គណបក្សប្រជាជនទទួលបាន ៧១៨សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ២០៣សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ៩២២នាក់ ស្មើនឹង ៩៩,៥៧% ។
    មណ្ឌលភូមិភាគ៤ ដែលមាន ៧ការិយាល័យ គណបក្សប្រជាជនទទួលបាន ១៦៧០សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ៤៧៩សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ២១៥២នាក់ ស្មើនឹង ៩៩,៧៧% ។
    មណ្ឌលភូមិភាគ៥ ដែលមាន ៤ការិយាល័យ គណបក្សប្រជាជនទទួលបាន ១០៦២សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ២៥២សំឡេង ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប ១៣១៥នាក់ ស្មើនឹង ៩៨,៨៧% ។
    មណ្ឌលភូមិភាគ៦ ដែលមាន ៣ការិយាល័យ គណបក្សប្រជាជនទទួលបាន ១១៤៦សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ២៧៣សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ១៤២៤នាក់ ស្មើនឹង ៩៩,៨៦% ។
    មណ្ឌលភូមិភាគ៧ ដែលមាន ៦ការិយាល័យ គណបក្សប្រជាជនទទួលបាន ១៣៩៦សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ៣១៧សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ១៧១៤នាក់ ស្មើនឹង ៩៩,៨៨% ។
    មណ្ឌលភូមិភាគ៨ ដែលមាន ៦ការិយាល័យ គណបក្សប្រជាជនទទួលបាន ១៣៤៨សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ៣៣៩សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ១៦៩៨នាក់ ស្មើនឹង ៩៨,៤៩% ។
    លោក ទេព នីថា បានបន្តថា ដូច្នេះសរុបជាលទ្ធផលបណ្តោះអាសន្នទូទាំងប្រទេស គណបក្សប្រជាជន កម្ពុជា ទទួល ៨៨៨០សំឡេង រីឯគណបក្ស សម រង្ស៊ី ទទួលបាន ២៥០៣ សំឡេង ក្នុងចំណោមអ្នកទៅ បោះឆ្នោតសរុប ១១.៤១២នាក់ ស្នើនឹង ៩៩,៤៩% ។
    ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ខាងលើនេះ បានធ្វើឡើងនៅក្នុងភូមិ ភាគទាំង ៨ នៃប្រទេសកម្ពុជា និងមានការិយាល័យបោះឆ្នោតចំនួន ៣៣ ហើយបេក្ខភាព ដែល មានសិទ្ធិចូលរួមការបោះឆ្នោតមានចំនួន ១.១៤៧០នាក់ គឺតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ។
    នៅក្នុងពិធីប្រកាសលទ្ធផលជាបណ្តោះអាសន្ន នៃការបោះឆ្នោតខាងលើនេះ គ.ជ.ប បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបោះ ឆ្នោតដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ សេចក្តីថ្លែងការណ៍ដែលត្រូវ ចែកជូនក្រុមអ្នកកាសែត នៅល្ងាចថ្ងៃទី២៩ ខែមករា បានបញ្ជាក់ថា " សភាពការណ៍ទូទៅ នៃការបោះ ឆ្នោត នៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ បានប្រព្រឹត្តទៅប្រកបដោយ សន្តិសុខ សុវត្ថិភាព ល្អ ក្រោមការសង្កេតមើលពីតំណាងគណបក្សនយោបាយ សរុបចំនួន ១៣១នាក់ អ្នកសង្កេតការណ៍បោះ ឆ្នោតជាតិ អន្តរជាតិ សរុបចំនួន ១.៤៣២នាក់ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ សរុបចំនួន ២០០នាក់" ។
    យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបន្តទៀតថា ការិយាល័យបោះឆ្នោតទាំង ៣៣ បានបើកទ្វា តាមពេលវេលាកំណត់ គឺនៅម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ។ មន្ត្រីការិយាល័យបោះឆ្នោត សរុប ចំនួន ១៦៥នាក់ បានបំពេញភារកិច្ចរបស់ខ្លួនតាមនីតិវិធី ហើយអ្នកបោះឆ្នោតដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការចំនួន ១១.៤៧០នាក់ បានទៅបោះឆ្នោត លើកលែងតែអ្នកអវត្តមានចំនួន ៥៨នាក់ ក្នុងនោះ តាមព័ត៌មានអ្នកទទួលមរណភាពប្រហែល ៦នាក់ ។
    នៅក្នុងសន្និសីទកាសែត នៅល្ងាចដដែលនេះ ក៏មានការលើកឡើងនូវភាពមិនប្រក្រតីខ្លះរបស់មន្ត្រីគណបក្ស សម រង្ស៊ី គឺសំដៅនៅមណ្ឌលបោះឆ្នោត ខេត្តកំពង់ឆ្នាំង ដោយលើកឡើងថា ប្រធានការិយាល័យបោះឆ្នោតនៅទីនោះ មិនជួយសម្របសម្រួល និង អន្តរាគមន៍ចំពោះយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្ស សម រង្ស៊ី ។
    សម្រាប់បញ្ហានេះ ត្រូវបាន លោក ទេព នីថា បញ្ជាក់ត្រឡប់ទៅវិញថា គណបក្ស សម រង្ស៊ី មិនបានស្នើទៅម្ចាស់មូលដ្ឋានដែលយក ទីតាំងធ្វើយុទ្ធនាការឃោសនា បោះឆ្នោត នៅល្ងាចថ្ងៃទី២៧ ខែមករា គឺគ្រាន់តែជម្រាបជូនខាងប្រធាន ការិយាល័យបោះឆ្នោតនៅទីនោះតែម្តង ។ តែទោះជាយ៉ាងណាលោក ទេព នីថា អះអាងថា បញ្ហាមិនធំដុំ នោះឡើយ ពោលត្រូវបានបញ្ចប់នៅយប់ថ្ងៃដដែលនោះ ។ ចំពោះអាសនៈវិញ លោក ទេព នីថា បានលើក ឡើងថា ខាង គ.ជ.ប មិនទាន់បានបែងចែកនៅឡើយទេ ដោយរង់ចាំការប្រកាសលទ្ធផលជាផ្លូវការសិន ដោយលោកអះអាងថា បើសិនជាគ្មានពាក្យបណ្តឹង នោះ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី ០៤ ខែកុម្ភៈ ប៉ុន្តែបើសិន គ.ជ.ប ទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយ នោះ គ.ជ.ប នឹងប្រកាស លទ្ធផលជាផ្លូវការ នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១២ ។
    គួរកត់សម្គាល់ថា ការបោះឆ្នោត ដែលចាប់ផ្តើមឡើងតាំងពីវេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ គេសង្កេតឃើញថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ដែលជាអ្នកតំណាងរាស្រ្តរបស់គណបក្សនយោបាយ ទៅចូលរួមបោះឆ្នោត តាមមណ្ឌលរបស់ខ្លួន ។ ជាក់ស្តែងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន និងជាតំណាងរាស្រ្តមណ្ឌល កណ្តាល បានទៅចូលរួមបោះឆ្នោតនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមករា នៅការិយាល័យលេខ ៣០០១ ក្នុងភូមិភាគ៣ ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យ ហ៊ុន សែន ក្រុងតាខ្មៅ  ។ នៅក្នុងឱកាសនោះ គេ សង្កេតឃើញ សម្តេចតេជោ ហ៊ុន សែន បានរុញរទេះ បុរសម្នាក់ដែលពិការ គឺជាសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្ស ប្រជាជន ចេញពីមណ្ឌលបោះឆ្នោត ។ បន្ទាប់ពីបោះឆ្នោត ហើយ សម្តេចនាយករដ្ឋមន្ត្រី បានលើកចង្អុលដៃ ដែលមានជ្រលក់ទឹកថ្នាំទៅកាន់ក្រុមអ្នកកាសែត និងមន្រ្តី គណបក្សប្រជាជន ប៉ុន្តែមិនបានធ្វើការអធិប្បាយនោះឡើយ ។ ដោយឡែកសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានធ្វើដំណើរទៅបោះឆ្នោត ដែលរៀបចំឡើងនៅក្នុងបរិវេនវិទ្យាល័យព្រះសីហនុ ទីរួមខេត្តកំពង់ចាម ។ ជាមួយគ្នានេះដែរ ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា ដែលជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ក៏បានធ្វើដំណើរ ទៅបោះឆ្នោតនៅទីនោះ ខណៈលោក ឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានធ្វើដំណើរទៅបោះឆ្នោតនៅមណ្ឌលខេត្តបន្ទាយមានជ័យ ។
    សូមបញ្ជាក់ថា ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី មិនមានឱកាសមកចូលរួមការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានេះឡើយ ដោយសារតែរូបលោក ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោស កំបាំងមុខឲ្យជាប់ពន្ធនាគារជុំវិញ សំណុំរឿងព្រំដែន ។
    ការបោះឆ្នោតខាងលើនេះ ត្រូវបានលោក ទេព នីថា អះអាងថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ នេះ ខាង គ.ជ.ប មិនទាន់ទទួលពាក្យណាមួយនៅឡើយទេ ប៉ុន្តែ គ.ជ.ប នឹងរង់ចាំទទួលពាក្យ បណ្តឹងរហូតដល់វេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ ។ លោក ទេព នីថា ក៏បានអរគុណចំពោះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានជួយការពារសន្តិសុខប្រកបដោយភាពល្អ ប្រសើរ និងអរគុណចំពោះមន្ត្រីតុលាការ ដែលបានជួយសហការនាំ ទណ្ឌិតមួយចំនួនមកចូលរួមការបោះ ឆ្នោតខាងលើនេះ ។
    យោងតាមឯកសាររបស់ព្រឹទ្ធសភា ដែលបានរៀបរាប់ពីសមិទ្ធផលរយៈពេល ១០ឆ្នាំ របស់ខ្លួន (១៩៩៩-២០០៩) បានរៀបរាប់ថា ប្រព័ន្ធសភាពីរថ្នាក់ បានកើតឡើង នៅក្នុងប្រទេសកម្ពុជា តាំងពីពេលដែល រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកកើតឡើងជាលើកដំបូង នាឆ្នាំ ១៩៤៧។ ប៉ុន្តែអាស្រ័យដោយឥទ្ធិពល នៃសង្គ្រាមត្រជាក់ លើសកលលោក បានធ្វើ ឱ្យប្រទេសកម្ពុជា ត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាងពីរទសវត្សរ៍ ដែលបានធ្វើឱ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សង្គម ត្រូវបំផ្លាញខ្ទេចខ្ទី និងបាត់បង់ទាំងស្រុងធ្លាក់ដល់កម្រិតសូន្យ នាសម័យកាលដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ។
    កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានកំណត់ឱ្យមានការបោះឆ្នោតជាសកល ដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជាហៅកាត់ថា (UNTAC) ដើម្បីបញ្ចប់ជម្លោះ បង្កើតស្ថាប័នគ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។
    បន្ទាប់ពីការបោះឆ្នោតជាសកលលើកដំបូង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញមួយបានចាប់បដិសន្ធិឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនោះ ត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលជាធរមាន នាថ្ងៃទី២៤ ខែឆ្នាំដដែល។ រដ្ឋធម្មនុញ្ញនោះ បានកំណត់ឱ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
    អំណាចក្នុងការគ្រប់គ្រងរដ្ឋ ត្រូវបានបែងចែកដាច់ពីគ្នាជាបី គឺអំណាច នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ នៅពេលរដ្ឋធម្មនុញ្ញបានចូលជាធរមាន សភាធម្មនុញ្ញបានក្លាយទៅជារដ្ឋសភានីតិកាលទី១ ហើយបានដំណើរការក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជាពេញមួយ នីតិកាល។
    ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយ ផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សនយោបាយធំទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារឰឡើងពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលនៅពេលនោះ ព្រះអង្គទ្រង់ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
    តាមរយៈលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើង និងក្លាយជាចំណែកមួយនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលមានពីរថ្នាក់ បន្ទាប់ពីរដ្ឋធម្មនុញ្ញនីតិកាលទី២ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំង និងមានអាណត្តិ៥ឆ្នាំ។ សមាជិកចំនួន៦១រូប ត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់ នៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី២។
    ព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភានីតិកាលទី២ កើតឡើងដោយការបោះឆ្នោតជាអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ក្នុងចំណោម សមាជិក៦១រូប មាន៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង០២រូបតែងតាំងដោយព្រះមហាក្សត្រ។
    ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ក្នុងចំណោមសមាជិក ៦១រូប មាន ៥៧រូបត្រូវបាន ជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង០២រូបតែងតាំងដោយព្រះមហាក្សត្រ។ ព្រឹទ្ធសភានីតិកាលទី២ បានបើក សម័យប្រជុំដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.