ពលរដ្ឋ​ផ្តុំ​គ្នា​តវ៉ា​តុលាការ​កំពង់ស្ពឺ

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:


  • ប្រជា​ពលរដ្ឋ​អមលាំង នាំ​គ្នា​​ជិះ​គោយន្ត​ទៅ​​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​​ម្សិលមិញ​ ដើម្បី​តវ៉ា​ឲ្យ​តុលាការ ដោះ​​លែង​តំណាង​របស់​​ពួក​គេ​​​។ រូបថត ជីវ័ន
    កំពង់ស្ពឺៈ ប្រជា​ពលរដ្ឋ​ជាង ៣០០ នាក់​មក​ពី​ស្រុក ២ ផ្សេង​គ្នា​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​បរិវេណ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​កាល ពី​ម្សិលមិញ ធ្វើ​ការ​តវ៉ា​លើ​ករណី​ផ្សេងៗ​គ្នា​។
    ពលរដ្ឋ​មួយ​ក្រុម​តវ៉ា​លើ​ករណី​តុលាការ​ខេត្ត​នេះ​ពន្យារ​ពេល​ក្នុង​ការ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​របស់​ពួក​គេ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ប្រជា​ពលរដ្ឋ​ប្រឆាំង​នឹង​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល និង​មួយ​ក្រុម​​ទៀត ​បាន​ស្នើ​តុលាការ​ដោះ​លែង​អ្នក​ភូមិ​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​នឹង​ករណី​រស់​នៅ​លើ​ដី​ជា​កម្មសិទ្ធិ​របស់​ អ្នក​ដទៃ។
    ពលរដ្ឋ​មួយ​ក្រុម​ទៀត មាន​គ្នា​ប្រមាណ ១៥០ រូប​មក​ពី​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច​បាន​ជួប​ជុំ​គ្នា​ ស្នើ​សុំ​ឲ្យ​តុលាការ​ខេត្ត​ពន្យល់​លើ​ការ​សម្រេច​ពន្យារ​ពេល​សាក​សួរ​តំណាង ​ប្រជា​ពលរដ្ឋ​៥​រូប រី​ឯ​ប្រមាណ ២០០ នាក់​ទៀត​មក​ពី​ឃុំ​អម​លាំង ស្រុក ថ្ពង​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ ដោះលែង​ប្រជា​ពលរដ្ឋ​ម្នាក់​ ដែល​កំពុង​ជាប់​ឃុំ និង​ជូន​តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ ដែល​ត្រូវ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​
    សុក្រ​នេះ​។
    លោក ឌួង ស៊ីប៊ុនថុល តំណាង​ពលរដ្ឋ​ មក​ពី​ឃុំ​ត្រែង​ត្រយឹង ​ថ្លែង​ថា ប្រជា​ពលរដ្ឋ តវ៉ា​នៅ​មុខ​តុលាការ​​ ចង់​ឲ្យ​ព្រះ​រាជ​អាជ្ញា​ពន្យល់ ហេតុ​អ្វី​គាត់​លើក​ពេល​ការ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ដោយ​ពុំ​បាន​ជូន​ដំណឹង​ជា​មុន។ លោក​បន្ថែម​ថា៖​«​ហេតុ​អ្វី​ព្រះ​រាជ​អា​ជ្ញា ចោទ​យើង​ថា​ ប្រឆាំង​ការ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល? យើង​គ្រាន់​តែ​ការពារ​ដី​របស់​យើង​ប៉ុណ្ណោះ ហេតុ​អ្វី​យើង​ខុស?»​។
    អ្នក​ស្រី ញឹម ឃីម អ្នក​ភូមិ​វ័យ ៥២ ឆ្នាំ​ម្នាក់ ថ្លែង​ថា អ្នក​ភូមិ​មក​ឆ្លើយ​បំភ្លឺ​ទៅ​តាម​ការ​បញ្ជា​របស់​តុលាការ តែ​ពួក​គេ​ បែរ​ជា​លើក​ពេល​ ដោយ​ពុំ​មាន​ជូន​ដំណឹង​ជា​មុន​ទៅ​វិញ។ អ្នក​ស្រី​លើក​ឡើង​ថា​បើ​អ្នក​ភូមិ​មិន​មក​តាម​បង្គាប់​ ពួក​គេ​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​ភូមិ​មិន​ខាន។ «យើង​ក្រ ពួក​គេ​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​មក​លើ​យើង​តាម​តែ​ពួក​គេ​ចង់។ វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​យើង»។
    អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា អ្នក​ភូមិ​ជា​កសិករ ដូច​នេះ ពួក​គេ​ពុំ​ទំនេរ​ដូច​ពួក​មន្ត្រី​ទេ បើ​ប្រជា​ពល​រដ្ឋ​រវល់​តែ​មក​តុលាការ តើ​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​ដូច​ម្តេច?
    តំណាង​អ្នក​ភូមិ ៥ នាក់ មក​ពី​ស្រុក​ភ្នំ​ស្រួច​ដែល​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​កាល​ពី​ម្សិលមិញ មាន​អ្នក​ស្រី សុខ គង់ លោក ងួន ណាគ្រី លោក យីន ឆាង លោក គ្រី ថន និង​លោក សេង អឿន។
    ចំណែក​ករណី​មួយ​ទៀត លោក ផល វណ្ណៈ តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​អម​លាំង​ ដែល​ធ្វើ​ដំណើរ​មក​តុលាការ​ខេត្ត​ ដោយ​គោ​យន្ត ស្នើ​សុំ​តុលាការ​ដោះ​លែង​អ្នក​ភូមិ​មួយ​រូប ​ដែល​កំពុង​ជាប់​ឃុំ ​នៅ​ពន្ធនាគារ​ខេត្ត ​បាន​ថ្លែង​ថា ក្នុង​នាម​អ្នក​ភូមិ​ដែល​ជា​ជន​រង​គ្រោះ ​ត្រូវ​តែ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​មាន​បញ្ហា។ លោក​បាន​បន្ត​ថា អ្នក​ទាមទារ​ឲ្យ​តុលាការ​ ដោះលែង​អ្នក​  ភូមិ​ម្នាក់​ ដែល​ត្រូវ​ចាប់​ឃុំ​ដោយ​គ្មាន​ កំហុស​។ លោក​បាន​ព្រមាន​ថា៖​«​ថ្ងៃ​ស្អែក (ថ្ងៃ​នេះ) បើ​ពួក​គេ​មិន​ព្រម​ដោះ​លែង​នាង​ទេ យើង​នឹង​មក​កាន់​តែ​ច្រើន ហើយ​នឹង​ធ្វើ​អ្វី​មួយ​»។
    លោក កែវ សុភាង ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ ដែល​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ បាន​ថ្លែង​ថា លោក​មិន​បាន​សាក​សួរ​កាល​ពី​ម្សិលមិញ ដោយ​សារ​តែ​​លោក​បាន​បង្គាប់​ឲ្យ​ពួក​គេ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី ២០ និង ២១ ខែ​មករា តែ​ពួក​គេ​ទើប​តែ​មក​។
    លោក​ថ្លែង​ថា៖​«ពាក់ព័ន្ធ​នឹង​អ្នក​ភូមិ​អម​លាំង​ស្នើ​ដោះលែង​ប្រជាជន​ម្នាក់ ខ្ញុំ​ពុំ​បាន​ដឹង​ទេ។ ខ្ញុំ​នឹង​ពិនិត្យ​ជាមួយ​ចៅក្រម​ស៊ើប​អង្កេត»។
    លោក ក្លូត ពេជ្រ ប្រធាន​តុលាការ​ខេត្ត​ បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​អំពី​ករណី​អ្នក​ភូមិ​ ស្នើ​ឲ្យ​ដោះ​លែង​ពលរដ្ឋ​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទេ តែ​លោក​នឹង​សាក​សួរ​ចៅក្រម​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ។
    លោក ប៉ែន សំបូរ អភិបាល​រង​ខេត្ត បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​សំណើ​របស់​អ្នក​ភូមិ​ឡើយ​ ដោយ​គ្រាន់​តែ​និយាយ​ថា៖​«ខ្ញុំ​មិន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ សូម​ទៅ​សួរ​អភិបាល​ខេត្ត​ទៅ»។
    លោក ឆេង សម្ផស្ស មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ អង្គ​ការ​លីកាដូ​បាន​ថ្លែង​ថា មូល​ហេតុ​ដែល​អ្នក​ភូមិ​តវ៉ា ព្រោះ​តែ​អាជ្ញាធរ​ចុះ​ទៅ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​ខុស​ទី​តាំង។ លោក​ថ្លែង​ថា៖​«​អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត ទៅ​លើ​បញ្ហា​នោះ​ថា តើ​អ្នក​ណា​ជា​ម្ចាស់​កម្ម​សិទ្ធិ​ពិត​ប្រាកដ​នៅ​លើ​ដី​ទំនាស់​នោះ»។
    លោក អ៊ូច ឡេង ប្រធាន​កម្មវិធី​ដី​ធ្លី​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា ប្រជា​ជន​ ពុំ​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល​ឡើយ រដ្ឋាភិបាល​ពុំ​ដែល​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ជូន​ពល​រដ្ឋ​ទេ។ លោក​ថ្លែង​ថា៖​«រដ្ឋាភិបាល​បង្កើត​បញ្ហា តែ​មិន​ដោះស្រាយ​បញ្ហា​ឡើយ ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ភូមិ​ ទទួល​បាន​ជោគជ័យ ក្នុង​ការ​តវ៉ា​របស់​ពួក​គេ​ទេ​»៕ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.