មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​០០៣-០០៤ បារម្ភ​នឹង​ភាព​ចម្រូង​ចម្រាស​របស់​ចៅក្រម

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • 120127_02a
    លោក David Scheffer ​ក្នុង​​សន្និសីទ​​កា​សែត​​បង្ហាញ​​ពី​​ជំហរ​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ពី​​ថ្ងៃ​​ពុធ​​​។ រូបថត លីណា
    ភ្នំពេញៈ មួយ​ថ្ងៃ​ក្រោយ​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​ដែល​ការ​តែងតាំង​គាត់​ត្រូវ​បាន​ច្រាន​ចោល​ ដោយ​អាជ្ញាធរ​កម្ពុជា​ មាន​អំណាច​ពេញ​លេញ​ក្នុងការ​បំពេញ​តួនាទី​នៅ​សាលាក្តី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ត្រូវ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប សម្តែង​ក្តី​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​នៃ​បញ្ហា​ចម្រូង​ចម្រាស​ដែល​អាច​មាន ​លើ​អ្នក​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។
    លោក​មេធាវី ហុង គឹមសួន ដែល​ជា​មេ​ធាវី​មួយ​រូប​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ បាន​ថ្លែង​ថា បញ្ហា​ចម្រូង​ចម្រាស​នៅ​ការិយាល័យ​នៃ​សហ​ចៅក្រម​ស៊ើប​អង្កេត​ នឹង​ធ្វើ​ឲ្យ​ខាត​ពេល​វេលា ហើយ​អូស​បន្លាយ​ពេល​ដល់​ដំណើរ​ការ​កាត់​ទោស​ជន​សង្ស័យ​បន្ថែម​ទៀត ​ក្នុង​តុលាការ​នេះ​ដែល​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខក​ចិត្ត។
    លោក គឹមសួន បញ្ជាក់​ថា៖«ពិត​ណាស់ វា​នឹង​ប៉ះ​ពាល់​ដល់​ជន​រង​គ្រោះ​ដែល​ដាក់​ពាក្យ​បណ្តឹង​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី»។
    ក្នុង​សន្និសីទ​កាសែត​ខ្លី​កាល​ពី​ថ្ងៃ​ពុធ លោក ដាវីដ សែហ្វឺ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ជំនាញ​ពិសេស​ដែល​ ផ្តល់​ដំបូន្មាន​ដល់​គម្រោង​ជំនួយ​អង្គការ​សហ​ប្រជាជាតិ​ដល់​សាលាក្តី ខ្មែរ​ក្រហម​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរ​ជាតិ ចៅ​ក្រម Kasper-Ansermet មាន​អំណាច​យ៉ាង​ច្បាស់​ក្នុង​ការ​បំពេញ​តួនាទី​គាត់​នៅ​សាលាក្តី នោះ​។
    ការិយាល័យ​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ថា ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​កម្ពុជា បដិសេធ​មិន​តែង​តាំង​ចៅក្រម Kasper-Ansermet និង​ថា នេះ​ជា​ការ​បំពាន​កិច្ច​ព្រម​ព្រៀង​រវាង​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​ដែល​បង្កើត​សាលា​ក្តី​នេះ។
    ចៅក្រម Kasper-Ansermet ត្រូវ​បាន​តែង​តាំង​ក្នុង​តំណែង​នេះ​ដោយ​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ក្រោយ​ការ​លាលែង​តំណែង​ ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស Siegfried Blunk ពី​ខែ​តុលា។
    នៅ​ខែ​មេសា ចៅក្រម Blunk និង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ ​លោក យូ ប៊ុនឡេង បាន​ធ្វើ​ការ​បិទ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង ០០៣​និង​០០៤ យ៉ាង​ស្ងៀម​ស្ងាត់ ដោយ​ត្រូវ​គេ​អះអាង​ថា ​ពុំ​បាន​ធ្វើ​ការ​សាក​សួរ​ជន​សង្ស័យឬ​ចុះ​ទៅ​ពិនិត្យ​ទី​កន្លែង​ចោទ​ថា​មាន ​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​នោះ​ផង។
    កាល​ពី​ពេល​កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​បាន​បង្ហើប​ជា​សាធារណៈ​ ពី​ការ​ជំទាស់​របស់​ពួក​គេ​ទៅ​នឹង​ការ​កាត់​ទោស​ហួស​ពី​សំណុំ​រឿង ០០២។
    កាល​ពី​ខែ​តុលា ការ​កែ​ប្រែ​ថ្មី​នៃ​ការ​ពិចារណា​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​ទោស​លើ​ការ​ ទាត់​ចោល​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​របស់​លោក Rob Hamill សហ​ចៅក្រម​អន្តរ​ជាតិ Rowan Downing និង Katinka Lahuis បាន​ទទួល​ស្គាល់​ថា សហ​ចៅក្រម Blunk និង​លោក យូ ប៊ុនឡេង បាន​បដិសេធ​មិន​ទទួល​ស្គាល់​មេ​ធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ ក្នុង​សំណុំ​រឿង ០០៣ ហើយ​មិន​អើ​ពើ​ នឹង​សំណើ​សុំ​ពិនិត្យ​សំណុំ​ឯកសារ​ទៀត​ផង។
    សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ លោក Andrew Cayley បាន​ថ្លែង​ពី​ថ្ងៃ​ម្សិលមិញ​ថា ដោយ​មាន​ការ​លើក​លែង​មួយ​ចំនួន​និង​អាស្រ័យ​ទៅ​តាម​នីតិវិធី​មិន​ចុះ​សម្រុង​គ្នា​ក្រោម​កិច្ច​ព្រម​ ព្រៀង និង​បទ​បញ្ជា​តុលាការ សហ​ចៅ​ក្រម​​ស៊ើប​អង្កេត​អន្តរជាតិ​អាច​បន្ត​ការ​ស៊ើប​អង្កេត​ទាំង​នេះ​ ទាំង​ករណី​០០៣​និង​០០៤​ត​ទៅទៀត​។​
    អ្នក​ស្រី Anne Heindel ទី​ប្រឹក្សា​ច្បាប់​នៃ​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​បាន​ថ្លែង​ថា វា​អាច​លំបាក​សម្រាប់​ចៅក្រម Kasper-Ansermet ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​
    អ្នក​ស្រី​ថា ៖​ «វា​មាន​ដែន​កំណត់​ផ្នែក​ច្បាប់​លើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​តែ​ម្នាក់​ ឯង ហើយ​វា​មាន​ដែន​កំណត់​ក្នុង​ការ​អនុវត្ត​លើ​អ្វី​ដែល​គាត់​អាច​ធ្វើ​ដោយ​ គ្មាន​ការ​គាំទ្រ​ពី​ភាគី​កម្ពុជា​នៅ​ក្នុង​ការិយាល័យ​របស់​គាត់»។
    លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា មាន​ជន​រង​គ្រោះ​ចំនួន ៣១៨ នាក់​បាន​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​ សំណុំ​រឿង ០០៣ និង ០០៤ ដែល​ពួក​គេ​មួយ​ចំនួន​ត្រូវ​បាន​ទទួល​ឲ្យ​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ​ក្នុង​ករណី ០០២ រួច​ហើយ​៕ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.