មន្ត្រីសុខាភិបាល និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនព្រួយបារម្ភថា ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនអាចនឹងប្រឈមមុខនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាមក្រោយពីទឹកជំនន់ចាប់ផ្ដើមស្រក។ ទោះជាយ៉ាងណា នៅមិនទាន់ មានសញ្ញាណាមួយពីការផ្ទុះឡើងនៃជំងឺទាំងពីរនៅឡើយក្នុងពេលនេះ។
ទឹកជំនន់នៅកម្ពុជា បានចាប់ផ្ដើមចាប់តាំងពីខែសីហា ហើយបានលិចរាលដាលក្នុងខេត្តចំនួន១៧។ ប្រជាពលរដ្ឋយ៉ាងតិច២៥០នាក់ បានស្លាប់ក្នុងគ្រោះធម្មជាតិនេះ។ ក៏ប៉ុន្ដែចាប់តាំងពីខែតុលា មកទឹកជំនន់បានស្រកជាបណ្ដើរៗ។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានមានប្រសាសន៍ថា ក្រោយពីទឹកស្រក មានទឹកដក់ជាច្រើននៅតាមភូមិ និងផ្ទះជាហេតុធ្វើឲ្យមូសមានការកើនឡើង ដែលជាកត្តាងាយនឹងបង្កឲ្យមានជំងឺគ្រុនចាញ់ និងគ្រុនឈាម។
«យើងបារម្ភ។ ជាការប្រយ័ត្ន។ ជាដាច់ខាតគឺមិនអាចប្រហែសបានទេ។ កាលណាទឹកស្រកទៅវិញ វាមានទឹកដកនៅជុំវិញផ្ទះ នៅតាមថ្លុកត្រពាំង។ យើងមានតែអប់រំគាត់ឲ្យប្រយ័ត្ន កុំឲ្យកុមារអង្គុយនៅកន្លែងងងឹត ពីព្រោះមូសគ្រុនឈាមអត់ខាំយប់ទេ»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រៅពីជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ លោកព្រួយបារម្ភអំពីជំងឺមួយចំនួនទៀត ដែលអាចមានការកើនឡើង នៅក្រោយពេលទឹកស្រកដូចជា ជំងឺរាករូស ជំងឺសើស្បែក និងជំងឺភ្នែកក្រហមជាដើម។
លោកបានបញ្ជាក់ថា ក្រសួងសុខាភិបាល បានត្រៀមថ្នាំពេទ្យ និងបរិក្ខាពេទ្យមួយចំនួន នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់រួចជាស្រេច ហើយដើម្បីទប់ទល់នឹងការផ្ទុះជំងឺទាំងនោះឡើងជាយថាហេតុ។
«ទី១គឺខ្លាចរឿងរាគដោយសារកន្លែងផ្គត់ផ្គង់ទឹកដូចជាទឹកអណ្តូង ស្រះ ត្រពាំង នោះបានលិចលង់ ទឹកកខ្វក់ចូល ដួច្នេះគឺសូមឲ្យមានការប្រុងប្រយ័ត្ន។ ប្រជាពលរដ្ឋ ត្រូវតែមានការដាំទឹកពុះហើយនឹងមានការដាក់ថ្នាំក្លូរ៉ាមីន ទី២ព្រួយបារម្ភទាក់ទងទៅនឹងបើកាលណាលិច ទឹកអញ្ចឹងខ្លាចមានគ្រុនឈាម។ ទី៣អាចសើស្បែក។ ទី៤ អាចជំងឺឈឺភ្នែកហើយគ្រុនចាញ់ ហេតុដូច្នេះហើយបានជាក្រសួងសុខាភិបាល បានសម្រេចធ្វើការចែកមុងជូនដល់គ្រប់ខេត្តក្រុង ដែលមានសក្តានុពល ដែលអាចមានជំងឺគ្រុនចាញ់»។
តួលេខរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ បានឲ្យដឹងថា កាលពីឆ្នាំ២០០០ កម្ពុជាមានអ្នកជំងឺគ្រុនចាញ់ចំនួន១២៩.១៦៧នាក់ ហើយអាត្រានេះ មានការធ្លាក់ជាបន្តបន្ទាប់រហូតដល់ ឆ្នាំ២០១០ មានចំនួន៥៦.២១៧នាក់។ ចំណែកឯនៅឆ្នាំ២០១១ ក្នុងរយៈពេល ៩ខែនេះ មានអ្នកកើតជំងឺគ្រុនចាញ់ប្រមាណជា៤៣.៩៨៧នាក់ មានអ្នកស្លាប់ចំនួន៦០នាក់។ ដោយឡែកគិតមកទល់ដើមខែឧសភា ឆ្នាំ២០១១នេះ មានកុមារកម្ពុជាអាយុក្រោម១៥ឆ្នាំសរុបចំនួន៥៨០នាក់ បានឆ្លងជំងឺគ្រុនឈាម ក្នុងនោះកុមារចំនួន ៦នាក់បានស្លាប់។
ជំងឺគ្រុនឈាម ភាគច្រើនកើតលើកុមារ ដែលមានអាយុតិចជាង១៥ឆ្នាំ។ ជំងឺនេះចម្លងដោយមូស ខ្លា។ មានប្រជាពលរដ្ឋកម្ពុជាចន្លោះពី១០.០០០នាក់ទៅ ១២.០០០នាក់ ក្នុងមួយឆ្នាំៗឆ្លងជំងឺនេះ ក៏ប៉ុន្ដែអត្រាស្លាប់ ដោយសារជំងឺនេះ មានកម្រិតក្រោមមួយភាគរយ។ ម្យ៉ាងវិញទៀតជំងឺគ្រុន ឈាមនៅកម្ពុជាតែងតែផ្ទុះឡើងរាតត្បាតយ៉ាងខ្លាំងក្លា ជាប្រចាំរវាងពី៣ទៅ៥ឆ្នាំម្តង ដោយឆ្នាំ២០១១នេះ គឺវដ្តនៃការផ្ទុះរបស់ជំងឺគ្រុនឈាមផងដែរ។
លោក គឹម រតនា នាយកអង្គការការីតាសកម្ពុជា ដែលជាអង្គការមួយ ដែលបានធ្វើការទៅលើផ្នែកសុខភាពដែរនោះ បានឲ្យដឹងថាទន្លាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានការកែប្រែនៅឡើយ ចំពោះការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យជាហេតុធ្វើឲ្យអ្នកទាំងនោះ មានការប្រឈមមុខខ្ពស់នឹងជំងឺផ្សេងៗ ក្នុងពេលមានទឹកជំនន់នេះ។
លោកបានបញ្ជាក់ថា កក្តាទាំងនេះគួរតែមន្រ្តីសុខាភិបាលពង្រឹងបន្ថែមលើការអប់រំដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីឲ្យអ្នកទាំងនោះ មានការផ្លាស់ប្តូរទន្លាប់ដែលមិនល្អចេញ។
«ប្រជាជនគាត់គួរតែប្រុងប្រយ័ត្ន ពីព្រោះ អីគាត់អាចប្រឈមនឹងជំងឺឆ្លងតាមរយៈទឹកនេះ។ ការបន្ទោរបង់របស់គាត់នោះ យើងឃើញថា គាត់មិនមានបង្គន់អនាម័យគ្រប់ៗគ្នានោះទេ។ អញ្ចឹងវាអាចនឹងធ្វើឲ្យទឹកនោះកាន់ តែកខ្វក់ហើយអាចប៉ះពាល់ដល់សុខភាពរបស់គាត់។ បើទោះបី ជាទឹកស្រកមែនយើងឃើញថា នឹងអាចកើតមូសច្រើន ហើយបើប្រជាជន គាត់មិនបានប្រុងប្រយ័ត្នដេកមិនបានដាក់មុងឲ្យត្រឹមត្រូវទេនឹងអាចបណ្តាលឲ្យមានជំងឺគ្រុនចាញ់ និងគ្រុនឈាមបាន។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានធ្វើកំពុងផ្ដល់ការអប់រំនៅតាមមូលដ្ឋានពីជំងឺចម្លងដោយសារសត្វមូសទាំងពីរប្រភេទនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.