លោកតា សរ ហុងឃុន ហៅ ងោ រស់នៅភូមិប្រឡាយហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកតាងោ បាននិយាយថា តាមានស្រុកកំណើតនៅឯប្រទេសចិន ។ ពេលតាមានអាយុ ៣ខែ ត្រូវម្តាយឪពុកបីចុះកប៉ាល់ ធ្វើដំណើរអស់រយៈពេល ១ ខែកន្លះ ទើបមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ក្រោយពីរស់នៅ និងប្រកបមុខរបររកស៊ីលក់ដូរនៅភ្នំពេញ បានប៉ុន្មានឆ្នាំ ម្តាយឪពុកតាក៏បានចាកចេញ ទៅរស់នៅក្រុងសេរីសោភ័ណ ខេត្តបាត់ដំបង (សព្វថ្ងៃខេត្តបន្ទាយមានជ័យ) វិញ ។
លោកតាងោ បន្តទៀតថា តាពីការភ្នែកមើលអ្វីមិនឃើញតាំងពីកំណើតមកម្លេះ ។ ដូច្នោះហើយ កាលតាមានអាយុ១០ឆ្នាំ ឪពុកក៏បានយកតាទៅផ្ញើរនឹងគ្រូចិនសែម្នាក់ ឲ្យជួយបង្ហាត់បង្រៀនទស្សន៍ទាយតាមរយៈការស្តាប់សំឡេង និងចាប់ជីពចរ ។
ក្រោយពីរៀនចេះចប់សព្វគ្រប់ហើយ គាត់ក៏ចាប់ផ្តើមធ្វើជាគ្រូទាយយ៉ាងពូកែសក្ក័សិទ្ធិ ហើយក៏ចេះតែល្បីឈ្មោះបោះសំឡេង ក្នុងខេត្តបាត់ដំបង និងខេត្តជិតឆ្ងាយផ្សេងៗជាច្រើនទៀត រហូតដល់សម័យខ្មែរក្រហមក៏ដាច់អាជីពនេះ ។
លោកតាបន្តថា ក្រោយថ្ងៃរំដោះ៧ មករា តាក៏ចាប់ផ្តើមអាជីពជាគ្រូទាយបន្តទៀត ដោយអ្នកស្រីហ៊ុន កែវ សព្វថ្ងៃមានអាយុ ៦១ឆ្នាំ ជាអ្នកមើលការខុសត្រូវ ទុកដូចឪពុកបង្កើត ។
លោកតាងោ បញ្ជាក់ទៀតថា សព្វថ្ងៃតាមានវ័យ ១០២ ឆ្នាំហើយ ដូច្នោះការទស្សន៍ទាយអាចពូកែស័ក្កិសិទ្ធិត្រឹមតែ ៩០ ភាគរយប៉ុណ្ណោះ ប៉ុន្តែ អតិថិជនមកគ្រប់ទិសទី នៅតែជឿជាក់លើថ្វីមាត់លោកតាដដែល ។ ចំណែកឯប្រាក់កំណល់គ្រូវិញ គឺយោងទៅតាមជីវភាពរបស់អតិថិជនម្នាក់ៗ ពោលគឺ បើជាអ្នកក្រ ត្រូវដាក់បន្តិចបន្តួច តែបើអ្នកមានជីវភាពធូធារវិញ យកច្រើនបន្តិច ហើយបើជាអ្នកមានស្តុកស្តម្ភយក ១ ម៉ឹនបាត ឬ ៣០០ ដុល្លារ ។ ទោះបីជាភ្នែកពិការពីកំណើតមកក៏ពិតមែន លោកតាប្រកបអាជីពគ្រូទាយនេះ អាចមានលទ្ធភាពរកលុយមកសង់ផ្ទះយ៉ាងស្តុកស្តម្ភ សម្រាប់ស្នាក់នៅនិងទទូលអតិថិជនយ៉ាងសមរម្យ ។
លោកតាបន្ថែមទៀតថា មូលហេតុដែលធ្វើឲ្យតាទស្សន៍ទាយឆុត ពូកែស័កិ្កសិទ្ធិនេះ គឺដោយសារតារៀនសូត្រតាំងពីក្មេង និងមានស្តេចខ្មោចតាមជួយថែរក្សាផងដែរ ។
ដោយឡែកអ្នកស្រីហ៊ុន កែវ ដែលជាអ្នកមើលថែរក្សាលោកតាសរ ហុងឃុន ហៅងោ ទុកដូចជាឪពុកបង្កើតនោះ បាននិយាយថា លោកតាមានសុខភាពរឹងប៉ឹងដូចធម្មតា មិនមានការវង្វេងភ្លេចភ្លាំងអ្វីឡើយ ហើយនៅតែពូកែឆុតស័ក្កិសិទ្ធិ ក្នុងការទស្សន៍ទាយ និងធ្វើកន្សែងយន្ត ដល់អតិថិជនដែលចេះតែនាំគ្នាមកជាហូរហែរ ដូចមុនដដែល ប៉ុន្តែចូលមកដល់ឆ្នាំ២០១០នោះ លោកតារាងធ្ងន់ត្រចៀក ស្តាប់មិនសូវឮច្បាស់ដូចមុនទេ ។
អ្នកស្រីបញ្ជាក់ទៀតថា កាលពីប៉ុន្មានខែមុននេះ មានស្ត្រីម្នាក់ឈ្មោះចិន្តា អាយុ ៣៧ឆ្នាំ ធ្លាប់រកស៊ីលក់ផ្កាឲ្យអតិថិជន បានរត់ទៅភ្នំពេញ ហើយនិយាយថា លោកតាងោ វង្វេងវង្វាន់ភ័ន្តស្មារតី ទាយមិនឆុតពូកែដូចមុនទៀតទេ ។ ការពិតស្ត្រីម្នាក់នោះ មានគំនិតអាក្រក់ លូចប្រាក់កំណល់គ្រូអស់មួយចំនួន ហើយគេចខ្លួនបាត់ រួចដើរឃោសនាមូលបង្កាច់កេរ្តិ៍ឈ្មោះលោកតាទៀតថា លោកតាវង្វេងភ្លេចភ្លាំងទាយលែងឆុតទៅវិញ ។
លោកវ៉ែន សចំរើន អាយុ ៣៩ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់ នៅផ្សាររោងក្លឿ បានឲ្យដឹងថា ខ្ញុំធ្លាប់បានមករកឲ្យលោកតាទស្សន៍ទាយ ពីការប្រកបមុខរបររកស៊ី ជោគជាតារាសី ធ្វើកន្សែងយន្តដាក់កន្លែងរបស់ខ្ញុំជាច្រើនលើករួចមកហើយ ។ ពេលលោកតាប្រាប់ឲ្យធ្វើយ៉ាងម៉េច ខ្ញុំធ្វើតាមបណ្តាំគាត់ជានិច្ច ធ្វើឲ្យជីវភាពរស់នៅ ក៏ដូចជាការប្រកបរបររកស៊ីរបស់ខ្ញុំ បានធូរធារ កាក់កបនិងសុខសប្បាយរហូត ។
អ្នកស្រីសុខ ឃាង អាយុ ៣១ឆ្នាំ មកពីក្រុងប៉ោយប៉ែត បានឲ្យដឹងថា ខ្ញុំបានមកឲ្យលោកតា ជួយទស្សន៍ទាយ និងលើករាសីចំនួន ៣ ដងរួចមកហើយ ដោយលោកតាប្រាប់ថា ជីវភាពខ្ញុំ នឹងបានធូរធារ សម្បូរសប្បាយជាក់ជាមិនខាន ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ឥឡូវនេះដូចមាត់លោកតាថាមែន ។ ពីមុនខ្ញុំបានយកប្រាក់កំណល់គ្រូមកជូនលោកតាចំនួន ១ ម៉ឺនបាត តែពេលនេះយកប្រាក់កំណល់គ្រូថែមទ្វេដង សម្រាប់ជួនលោកតាងោ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.