
(រូបថត៖ Courtesy of University of Southern California)
លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានថ្លែងកាលពីថ្ងៃអង្គារថាបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនខែ្មរ-ថៃនៅក្បែរប្រាសាទព្រះវិហារនឹងមិនត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅខែឧសភាខាងមុខនេះទេ។
ការកត់សម្គាល់នេះបានធើ្វឡើង ខណៈដែលប្រទេសកម្ពុជាបានធើ្វជាប្រធានអាស៊ានដូរវេនគ្នាហើយបញ្ហាជម្លោះទាំងនេះបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្ពុជា។
លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានថ្លែងនៅក្នុងវេទិកាយុទ្ធសាស្រ្តភ្នំពេញលើកទី១ស្តីពីតួនាទីរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសន្តិសុខនៅសណ្ឋាគារ Cambodianaថាបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាព្រំដែន ខ្មែរ-ថៃ នឹងមិនត្រូវបានលើកយកមកពិភាក្សាទេ ប៉ុន្តែវាមានការវិវត្តន៍នៃវិធានការដោះស្រាយ។
«កម្ពុជានឹងស្នើសុំសហប្រតិបត្តិការពីសំណាក់សមាជិកអាស៊ានទាំងអស់ និងពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីឈានទៅសម្រេច សេចក្តីប្រកាសស្តីពីការសហប្រតិបតិ្តការនៅសមុទ្រចិនខាងត្បូងនៅឆ្នាំ២០១២ ក្នុងស្មារតីប្រកបដោយសហប្រតិបតិ្តការ និងមិត្តភាពដ៏ខ្ពង់ខ្ពស់»។

ប្រទេសចិន ថាតំបន់ ដែលផាត់ព៌ណ នៃសមុទ្រចិន ជាដែនរបស់ខ្លួន។ រដ្ឋាភិបាល ឯទៀត
ក៏ទាមទារ យ៉ាងដូច្នេះ។ (រូបថត៖ Courtesy of University of Southern California)
លោក ទៀ បាញ់ បានលើកឡើងថាបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា និងថៃនឹងមិនត្រូវបានដាក់ជារបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានខាងមុខនេះទេ។
«បញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈយន្តការជាច្រើន មានតាំងពីយន្តការទេ្វភាគី និងយន្តការសម្របសម្រួលរបស់អាស៊ាន ព្រមទាំងការអនុវត្តតាមសេចក្តីសម្រេចស្តីពីវិធានការជាបន្ទាន់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)ផងដែរ។ ហេតុនេះ បញ្ហានេះមិនមែនជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននោះទេ លើកលែងតែក្នុងស្ថានភាពបន្ទាន់ រីឯបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងត្រូវដោះស្រាយដោយសមស្របតាមស្មារតីច្បាប់អន្តរជាតិ មិត្តភាព សហប្រតិបតិ្តការ និងតាមគោលការណ៍»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានបញ្ជាក់ថាវាជារឿងដើរថយក្រោយសម្រាប់ប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។
«យើងបានស្នើសុំឲ្យឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានលើកឡើងក្នុងរបៀបវារៈ។ ដូច្នេះ នៅពេលយើងធើ្វជាប្រធានអាស៊ាន យើងអត់លើកឡើងប្រធានបទហ្នឹង។ យើងបដិសេធនូវប្រធានបទហ្នឹង។ ខ្ញុំថាយើងដើរថយក្រោយហើយ។ ឥឡូវ យើងបោះបង់ចោលយន្តការអាស៊ាន។ ខ្ញុំថាជារឿង មួយដែលយើងបរាជ័យ ហើយយើងដើរថយក្រោយ។ ខ្ញុំ មើលទៅអត់អាចនាំមកនូវស្ថិរភាពនៅក្នុងតំបន់ជម្លោះ ហើយក៏អត់អាចនាំមកនូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ជម្លោះទេ»។
ក្នុងករណីសមុទ្រចិនខាងត្បូងវិញ លោកអ៊ូ វីរៈ បានបនែ្ថមថាបើប្រធានអាស៊ានមិនលើកឡើងតាមឆន្ទៈរបស់សមាជិកអាស៊ានទេ ឋានៈប្រធានអាស៊ានរបស់កម្ពុជានឹងទទួលបរាជ័យ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែង ថាតួនាទីប្រធានអាស៊ានរបស់កម្ពុជាប្រឈមនឹងឧបសគ្គជាច្រើនចំពោះជម្លោះសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែន ខ្មែរ-ថៃ ប៉ុន្តែនឹងមិនមែនជាការបរាជ័យទេ។
«យើងជាប្រធានអាស៊ាន វាអាចមានការលំបាក ពីព្រោះយើងជាភាគីមួយដែរក្នុងជម្លោះខែ្មរ-ថៃ ហើយរឿងសមុទ្រចិនខាងត្បូងក៏មានការលំបាក ដោយសារចិនជាមហាអំណាច»។
លោក ឡៅ ម៉ុងហៃ បានលើកឡើងថាភាពស្មុគស្មាញក្នុងការសែ្វងរកដំណោះស្រាយសមុទ្រចិនខាងត្បូង ដោយសារបណ្តាប្រទេសអាស៊ានចង់ចរចាពហុភាគី ប៉ុន្តែប្រទេសចិនចង់ចរចាទ្វេភាគី៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.