ជិះ​ម៉ូតូ​ទឹក​លេង​ក្នុង​ទន្លេ​មេគង្គ​ក្រឡាប់​លង់​ស្លាប់​រក​សព​មិនទាន់​ឃើញ​


ភ្នំពេញ ៖ ក្រុម​គ្រួសារ​យុវជន​រងគ្រោះ​នៅ​តែ​មិនទាន់​រក​សព​ជនរងគ្រោះ​ឃើញ​នៅ​ឡើយ​​​រហូត​មក​ដល់​ថ្ងៃ​ទី​ ៣០​ ខែ​ មករា ​ឆ្នាំ ​២០១២​នេះ​ បន្ទាប់ពី​យុវជន​រងគ្រោះ​ និង មិត្តភក្ដិ​បាន​នាំគ្នា​ជិះ​ម៉ូតូ​ទឹក​​លេង​នៅ​ក្នុង​ទន្លេមេគង្គ​ហើយ​ចៃដន្យ​ម៉ូតូ​ក្រឡាប់​លិច​ជនរងគ្រោះ​បាត់​ចូល​ក្នុង​ទឹក​រួច​បាត់​ខ្លួន​រហូត ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ​ ក្រុម​គ្រួសារ​បាន​ជួល​ទូក​ចាម​មុជ​រាវរក​យ៉ាងណាក្ដី​ក៏​រក​មិនឃើញ។
ហេតុការណ៍​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ក្រឡាប់​ម៉ូតូ​ទឹក​លង់​ស្លាប់​នេះ កើតឡើង​នៅ​វេលា​ម៉ោង ១២ និង ២០នាទី ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១២ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ក្រោយ​ផ្ទះសំណាក់​ឆាយហុក​ក្នុង​ក្រុមទី៤ ភូមិ កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។
យុវជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ រាល ផេង ភេទប្រុស​អាយុ២៨ឆ្នាំ​ ជាបុគ្គលិក​អង្គការ​រ៉ា​ក់ មាន​ទីលំនៅ​ផ្ទះ​លេខ ០៩ ក្រុម ៣៩ ផ្លូវ ៣៣០ សង្កាត់ បឹង​កេងកង៣ ខណ្ឌចំការមន។
បើ​តាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ កូនប្រុស របស់គាត់ បាន​ប្រាប់​គាត់​ថា មិនបាច់​ទុក​បាយ​ឲ្យ​ខ្ញុំ​ទេ​ព្រោះ​ខ្ញុំ​ទៅលេង​ផ្ទះ​មិត្តភក្ដិ​នៅ​ព្រែកលាប១ថ្ងៃ​ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី ២៩ ខែមករា មិត្តភក្ដិ​របស់​កូន​គាត់​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា​កូន​គាត់​បាន​លង់ទឹក​បាត់​នៅក្នុង​ទន្លេមេគង្គ​ស្លាប់​តែម្ដង។ ពេលនោះ​គាត់​ក៏​ប្រញាប់ប្រញាល់​មក​រក​ប៉ុន្តែ​មកដល់​ព្រលប់​ថ្ងៃទី ២៩ ខែមករា​នេះ រក​សព​កូនប្រុស​របស់​គាត់​មិនឃើញ។
មិត្ដភក្ដិ​ជនរងគ្រោះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ខ្លួន​មាន​បក្ខពួក​ចំនួន៤ទៅ៥នាក់ បាន​នាំ​បបួលគ្នា​ជិះ​ម៉ូតូ​ទឹក​លេង​នៅក្នុង​ទន្លេមេគង្គ​ដោយ​ជិះ​ម៉ូតូ​ចំនួន១គ្រឿង មាន​គ្នា២នាក់ ពេល​ជិះ​មកដល់​បាន​បន្តិច​ក៏​បត់​ចាក់​គួរ​បណ្ដាល​ឲ្យ​ម៉ូតូ​ក្រឡាប់​ធ្លាក់​ជនរងគ្រោះ​លិច​បាត់​តែម្ដង​ដោយ​មិនឃើញ​ងើប​វិញ​ឡើយ៕ប្រភព



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.