អត្រាអ្នកអត់ ការងារធ្វើ ក្នុងតំបន់ ចាយប្រាក់អឺរ៉ូ កើនឡើងរហូតដល់ ១០,៤ភាគរយ

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:
  • ប្រូសែល៖ អត្រាអ្នកអត់ការងារធ្វើក្នុងតំបន់ចាយ ប្រាក់អឺរ៉ូ បានកើនឡើងរហូតដល់ ១០,៤ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិ Eurostat ប្រចាំសហភាពអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២កន្លងទៅនេះ។
    យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹងថា អត្រានៃអ្នកអត់ការងារធ្វើនេះ ស្ថិតក្នុងចំណុចខ្ពស់ជាងគេ ចាប់តាំងពីតំបន់អឺរ៉ុប ប្រើប្រាស់ប្រាក់អឺរ៉ូជាប្រាក់រួម តាំងពីឆ្នាំ១៩៩៩មក។
    កាលពីឆ្នាំ២០១០ កន្លងទៅនេះ ទិន្នន័យ នៃអ្នកអត់ការងារធ្វើ មានត្រឹមតែ ១០,០ភាគរយតែប៉ុណ្ណោះ ដែលនេះជាសញ្ញាបង្ហាញថា ទីផ្សារការងារក្នុងតំបន់ចាយប្រាក់អឺរ៉ូ មានស្ថានភាពកាន់តែធ្ងន់ធ្ងរ ស្របពេលដែលតំបន់នេះ កំពុងប្រឈមមុខទៅនឹងបញ្ហាវិបត្តិបំណុល និងទីផ្សារហិរញ្ញវត្ថុ។ ដោយឡែកសម្រាប់ប្រទេសដែលជាសមាជិក របស់សហភាពអឺរ៉ុប ទាំង២៧ប្រទេស អត្រា នៃអ្នកអត់ការងារធ្វើមានត្រឹមតែ ៩,៩ភាគរយប៉ុណ្ណោះ ដោយកាលពីឆ្នាំ២០១០ អត្រាអ្នកអត់ការងារ ធ្វើមានចំនួន ៩,៦ភាគរយ។
    Eurostat ដែលមានតួនាទីជាអ្នកផ្តល់ទិន្នន័យផ្សេងៗប្រចាំសភាពអឺរ៉ុប បានធ្វើការប៉ាន់ ប្រមាណថា កាលពីខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ បុរស និងស្រ្តី ចំនួន ២៣.៨១៦.០០០នាក់ ក្នុងសហភាពអឺរ៉ុប និង បុរសស្រ្តីចំនួន ១៦.៤៦៩.០០០នាក់ ក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលជាអ្នកអត់ការងារធ្វើ។
    បើប្រៀបធៀបតួលេខនេះ ទៅនឹងតួលេខកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ឃើញថា ចំនួនអ្នកអត់ការងារធ្វើនៅសហភាពអឺរ៉ុប កើនឡើង ២៤ពាន់នាក់ ខណៈដែលចំនួនអ្នកអត់ការងារធ្វើក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើង២០ពាន់នាក់។ ដោយឡែកប្រសិនបើប្រៀបធៀបទៅនឹងតួលេខ កាលពីខែធ្នូ ឆ្នាំ២០១០ ចំនួនអ្នកអត់ការងារធ្វើនៅសហភាពអឺរ៉ុប បានកើនឡើង ៩២៣ពាន់នាក់ និងតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើង ៧១៥ពាន់នាក់។
    ក្នុងចំណោមប្រទេសដែលជាសមាជិករបស់តំបន់ចាយប្រាក់អឺរ៉ូ អត្រា អ្នកអត់ការងារធ្វើក្នុងប្រទេស អេស្ប៉ាញ មានតួលេខខ្ពស់ជាងគេ ដែលមានរហូតដល់ ២២,៩ភាគរយ ដោយឡែកប្រទេសអូស្រា្តលី ដែលជាប្រទេសមានអត្រាអ្នកអត់ការងារធ្វើទាបជាងគេ ដោយមានត្រឹមតែ ៤,១ភាគរយតែប៉ុណ្ណោះ កាលពីខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ។
    អត្រាអ្នកអត់ការងារធ្វើក្នុងតំបន់ដែលកំពុងប្រឈមមុខទៅនឹងវិបត្តិ បំណុលនេះ មានលក្ខណៈខ្ពស់ជាងសហរដ្ឋអាមេរិក និងជប៉ុនទៅទៀត ដោយក្នុងខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ អត្រាអ្នកអត់ការងារ ធ្វើមានចំនួន ៨,៥ភាគរយនៅសហរដ្ឋអាមេរិក ដោយឡែកអត្រាអ្នកអត់ការងារធ្វើក្នុងប្រទេសជប៉ុន មានចំនួនត្រឹមតែ ៤,៥ភាគរយ ប៉ុណ្ណោះកាលពីខែវិច្ឆកា ឆ្នាំ២០១១កន្លងទៅនេះ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.