ភ្នំពេញៈ កសិកម្មជាវិស័យស្នូលក្នុងចំណោមវិស័យពីរសំខាន់ៗផ្សេងទៀត របស់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយសារតែមានប្រជាជនប្រមាណជាង៨០ភាគរយប្រកបរបរនេះ។

សន្ទុះក្នុងវិស័យនេះក៏បានធ្វើឲ្យប្រជាកសិករបង្កើនផលិតភាពរបស់ ខ្លួនកាន់តែខ្លាំងក្លាផងដែរ តួយ៉ាងដូចជាកំណើនបរិមាណផលស្រូវ ពីមួយឆ្នាំទៅមួយឆ្នាំ និងការផុសផុលក្នុងការដាំដំឡូងមី និងពោតជាដើម។
បើទោះបីជាយ៉ាងនេះក្តី បញ្ហាទីផ្សារ តម្លៃ និងកង្វះការកែច្នៃ បានធ្វើឲ្យអ្នកផលិតប្រឈមនឹងហានិភ័យគ្រប់ពេល។
ផលិតផលកសិកម្មកម្ពុជាពឹងផ្អែកលើកម្លាំងទីផ្សារប្រទេសជិតខាង ជាប្រទេសកសិកម្មធំជាងកម្ពុជា។ ម៉្យាងវិញទៀតអ្វីដែលគួរឲ្យកត់សម្គាល់នោះឈ្មួញតែងតែទម្លាក់ ថ្លៃពេលដែលកសិករទទួលបានផលច្រើន។
រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន នេះកំពុងតែលើកទឹកចិត្ត ដល់កសិករខ្លួនយ៉ាងខ្លាំងក្លាតាមរយៈការបង្កើនតម្លៃស្រូវ ក្នុងស្រុក ក៏ដូចជាដំណាំកសិឧស្សាហកម្មផ្សេងទៀត។សប្តាហ៍មុន រដ្ឋាភិបាលថៃបញ្ចេញថវិកាប្រមាណជា ៣១៥លាន ដុល្លារ ដើម្បីទិញកៅស៊ូប្រមាណ២០ម៉ឺនតោនពីកសិករក្នុងតម្លៃខ្ពស់ ជាងទីផ្សារ។
តើរដ្ឋាភិបាលកម្ពុជាគួរតែធ្វើដូចរដ្ឋាភិបាលថៃដែរទេ?
មន្ត្រីជំនាញ និងអ្នកសេដ្ឋកិច្ចបានអះអាងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ រដ្ឋាភិបាលកម្ពុជា ត្រូវតែស្វែងរកទីផ្សារសម្រាប់នាំចេញកសិផលឲ្យបានទូលំទូលាយ និងទាក់ទាញវិនិយោគិនឲ្យមកធ្វើអាជីវកម្មកែច្នៃ កសិផលទាំងនោះជាផលសម្រេចដើម្បីនាំចេញ ជំរុញឲ្យកសិករចងក្រងជាសមគមន៍ដើម្បីបង្កើនភាពទុកចិត្ត ដល់អ្នកទិញ ស្ថាបនាហេដ្ឋារចនាសម្ព័នសម្រាប់ដឹកជញ្ជូនទំនិញឲ្យបានល្អ និងត្រូវសាងសង់ប្រព័ន្ធស្រោចស្រពឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវជួយធ្វើអន្តរាគមន៍ពេលកសិផលរបស់កសិករត្រូវ ឈ្មួញទម្លាក់ថ្លៃ។
លោក បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកបានមានប្រសាសន៍ថា ទីផ្សារកសិផលនៅកម្ពុជា គឺពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារប្រទេសជិតខាង ដូច្នេះតម្លៃកសិផលទាំងនេះមិនមានស្ថិរភាពនោះទេ ធ្វើឲ្យកសិករងាយរងការប្រឈមនឹងការទម្លាក់ថ្លៃពីឈ្មួញ។
លោកបន្តថា រដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់ដើម្បីជួយរកទីផ្សារឲ្យកសិករ និងត្រូវមានគោលនយោបាយទប់ស្កាត់ចៀសវាងការទម្លាក់ថ្លៃ៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែជួយទិញស្តុកទុក ប៉ុន្តែខ្ញុំមិនដឹងថា រដ្ឋាភិបាលធ្វើបានដែរ ឬអត់។ ដើម្បីធ្វើឲ្យទីផ្សារកសិផលរបស់កសិករមានស្ថិរភាព និងមានភាពរឹងមាំរដ្ឋាភិបាលត្រូវតែ ជួយសិក្សាវាយតម្លៃទៅលើទីផ្សារអន្តរជាតិដែលទាក់ទងទៅនឹងកសិផលរបស់គាត់ថា តើទីផ្សារមានតម្រូវការ ប៉ុន្មាន និងគេមានតម្រូវការកសិផលអ្វីខ្លះ»។
លោកបានបន្តថា អំឡុងពេលនេះកម្ពុជាមិនទាន់មានលទ្ធភាពបង្កើនតម្លៃស្រូវសម្រាប់កសិករ ដូចនៅប្រទេសថៃបាននោះឡើយ ដោយសារប្រទេសថៃជាប្រទេសនាំចេញអង្ករដ៏ធំនៅលើពិភពលោករួចទៅ ហើយ។ តែលោកបញ្ជាក់ថា៖ «យើងក៏គួររៀនសូត្រតាមគេខ្លះដែរ ឧទាហរណ៍បើតម្លៃស្រូវ របស់កសិករមានការធ្លាក់ចុះខ្លាំងរដ្ឋាភិបាលត្រូវតែជួយធ្វើ អន្តរាគមន៍ធានាយ៉ាងណាកុំឲ្យតម្លៃស្រូវធ្លាក់នៅកម្រិតទាប ពេក កុំធ្វើឲ្យកសិករបាក់ទឹកចិត្ត»។
លោក ឆេង គឹមឡុង សាស្ត្រាចារ្យផ្នែកធុរកិច្ច និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យកម្ពុជាបានថ្លែងថា រដ្ឋាភិបាលមិន ត្រូវមានគោលនយោបាយឧបត្ថម្ភធនដល់ប្រជាកសិករនោះទេ ដែលទង្វើនេះនឹងធ្វើឲ្យមានកំណើនអតិផរណា។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនត្រូវផ្តល់លុយ ឬការលើកទឹកចិត្តដល់គាត់ឲ្យឡើងថ្លៃទំនិញនោះទេពីព្រោះការ ធ្វើបែបនេះវាជាការលូកដៃមួយដែលមិនមែនស្ថិតក្នុងសេដ្ឋកិច្ច បែបទីផ្សារសេរីឡើយ ហើយម៉្យាងទៀតវានឹងធ្វើ ឲ្យប៉ះពាល់ដល់អតិផរណាដោយត្រង់តែម្តង»។
តែលោកបញ្ចាក់ថា រដ្ឋាភិបាលគួរតែខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន ប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកវិទ្យាក្នុងការដាំដុះ និងជំរុញឲ្យមានការផលិត និងការកែច្នៃកសិផលឲ្យទៅជាទំនិញកសិឧស្សាហកម្ម ព្រមទាំងធានារកទីផ្សារដល់កសិករ។
លោកបន្តថា រដ្ឋាភិបាលក៏ត្រូវជួយកសិករតាមរយៈការសម្របសម្រួលឲ្យមានការផ្តល់ ឥណទានផ្សេងៗពីធនាគារ ឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយនឹងអត្រាការប្រាក់សមរម្យ។
លោកថ្លែងថា៖ «បើតាមយោបល់ខ្ញុំរដ្ឋាភិបាលនឹងមិនធ្វើដូចគេ[ថៃ]ទេ ដោយផ្អែកលើប្រវត្តិរដ្ឋាភិបាលមិនដែលធ្វើដូច្នេះទេ ម៉្យាងទៀតដោយសាររដ្ឋយើងខ្វះនៅធនធានផង»។
ទោះបីយ៉ាងនេះក្តី លោកបានលើកឡើងថា ក្នុងករណីតម្លៃកសិផលធ្លាក់ចុះខ្លាំង ខុសពីទីផ្សារ រដ្ឋាភិបាលគួរប្រើទុនដើម្បីទប់ស្កាត់ផងដែរ។
បច្ចុប្បន្នរដ្ឋាភិបាលបានជួយសម្រួលក្នុងការទទួលបានកម្ចី និងជំរុញឲ្យធនាគារឯកជន ផ្តល់កម្ចីទៅដល់ក្រុមអ្នកវិនិយោគ និងឈ្មួញដើម្បីឲ្យពួកគាត់មានលទ្ធភាពទិញកសិផលកសិករក្នុងតម្លៃ ខ្ពស់ និងអាចកែច្នៃសម្រាប់នាំចេញ ដើម្បីសម្រេចឲ្យបានគោលនយោបាយនាំចេញស្រូវឲ្យបាន១លានតោននៅ២០១៥។
លោក ហ៊ាន វ៉ាន់ហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា លោកយល់ស្របអ្វីដែលមន្ត្រីជំនាញ និងអ្នកសេដ្ឋកិច្ចលើកឡើង។ លោកបញ្ជាក់ថា ការចងក្រងជាសហគមន៍ទើបធ្វើឲ្យតម្លៃទីផ្សាររបស់កសិករមានស្ថិរភាព។ លោកថ្លែងថា៖ «កសិករដែលបានចងក្រងជាសហគមន៍មានសិទ្ធិចរចាជាមួយអ្នកទិញ ក្នុងកិច្ចសន្យាមួយ ដែលគេធ្វើឡើងតាំងពីមុនពេលដាំមកម្ល៉េះ ម៉្យាងទៀតវាក៏ផ្តល់ភាពងាយស្រួលដល់អ្នកទិញ ដើម្បីកំណត់បរិមាណនៃតម្រូវការផងដែរ»។
លោកបន្តថា កន្លងមកក្រសួងកសិកម្មបាននិងកំពុងតែជំរុញឲ្យប្រជាកសិករចងក្រង សហគមន៍របស់ខ្លួន ហើយថ្មីៗនេះក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់អំពីសហគមន៍ កសិកម្មនេះ។
លោក ហ៊ាន វ៉ាន់ហន បន្តថា រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងអន្តរាគមន៍លើតម្លៃផលិត ផលកសិកម្ម។ លោកបញ្ជាក់ទៀតថា៖ «ការគាំទ្រកសិកររបស់រដ្ឋាភិបាលពិតជាមានគឺទៅតាមស្ថានភាព ដូចជាកាលពីវិបត្តិ ស្បៀងកន្លងមកនេះរដ្ឋាភិបាលបានធ្វើសកម្មភាពយ៉ាងសកម្មគឺបញ្ចូល អង្ករទៅទីផ្សារដើម្បីទាញតម្លៃអង្ករឲ្យធ្លាក់ចុះមកវិញ។ កសិករតែងតែចង់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងនាមរដ្ឋាភិបាលមិនមែននៅពេលមានតម្លៃខ្ពស់ល្អទាំង អស់ទេ បើអង្ករខ្វះខាតតើវាប៉ះពាល់អ្វីខ្លះ ដូច្នេះគឺយើងត្រូវកំណត់តម្លៃក្នុងកម្រិតសមស្រប»។
ទោះបីយ៉ាងនេះក្តីលោកបានអះអាងថា រដ្ឋាភិបាលកម្ពុជាក៏អាចធ្វើដូចប្រទេសថៃបានដែរក្នុងការលើក កម្ពស់កសិកររបស់ខ្លួន តាមរយៈបង្កើនតម្លៃស្រូវក្នុងស្រុក ប៉ុន្តែមិនមែននៅក្នុងអំឡុងពេលនេះឡើយ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.