កម្មកររោងចក្រ ស៊ីអាយខេ ជាង៣០០នាក់ ធ្វើកូដកម្ម

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ កម្មករជាង ៣០០នាក់ នៃរោងចក្រ ស៊ី អាយ ខេ ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាធ្វើកូដកម្មទាមទារ ឲ្យថៅកែ រោងចក្រគោរពតាមច្បាប់ការងារ។
    លោក សាមន ជាកម្មកររោងចក្រ ស៊ីអាយខេ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ថា មូលហេតុដែលធ្វើឲ្យ ក្រុមកម្មករធ្វើកូដកម្ម នេះ ដោយសារអត់ទ្រាំលែងបានចំពោះទង្វើរបស់ថៅកែ ដែលជិះជាន់មកលើកម្លាំងកម្មករ-កម្មការិនី ដោយបង្ខំឲ្យធ្វើការងារតាមអំពើចិត្តពុំគិតគូរ ពីសុខទុក្ខរបស់កម្មករឡើយ។
    លោកបន្តថា ក្រុមហ៊ុនមិនគោរពកិច្ចសន្យាតាមច្បាប់ការងារ ជាធម្មតាកម្មករ ចេញធ្វើការនៅម៉ោង៤ល្ងាច ប៉ុន្តែនៅពេលកម្មករចេញពីធ្វើការ ថៅកែបានគំរាមកំហែង បង្ខំឲ្យកម្មករទៅសុំក្រដាសច្បាប់ ទាល់តែមានការចុះហត្ថលេខាទើបឲ្យចេញទៅផ្ទះបាន ការពិតធ្វើការបន្ថែមម៉ោងជាការស្ម័គ្រចិត្តរបស់កម្មករទេ។ សូម្បីតែអ្នកមានផ្ទៃពោះសុំចេញធ្វើការមុនម៉ោង១០នាទី ក៏ភាគីរោងចក្រមិនយល់ព្រមដែរ។
    លោកថា បន្ទាប់ពីតវ៉ាអស់រយៈពេលមួយព្រឹកនេះ ថៅកែរោងចក្រអះអាងថា អត់មានការចរចាជាមួយក្រុមកម្មករជាដាច់ខាត។ ដូច្នេះក្រុមកម្មករនឹងធ្វើកូដកម្ម ទាល់តែមានដំណោះស្រាយដែលអាចទទួលយកបាន «រោងចក្របើកឲ្យដំណើរបានជាង៤ខែមកហើយ ប៉ុន្តែរោងចក្រមិនគោរពតាមច្បាប់ការងារ ។
    ថៅកែនៅតែព្រងើយកន្តើយជាមួយក្រុមកម្មករ ហើយបើមិនមានដំណោះស្រាយ ស្អែកនេះនឹងបន្តធ្វើកូដកម្មទៀត»។
    មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺពីភាគីរោងចក្របានទេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២នេះ។
    ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានកម្មករធ្វើកូដកម្មមិនសូវលោះថ្ងៃទេ ដោយសារតែថៅកែ ដែលបានទទួលការវិនិយោគហើយ មិនគោរពច្បាប់ការងារដែលមាននៅក្នុងប្រទេសកម្ពុជា៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.