ភ្នំពេញ៖ ស្ថានភាពជាក់ស្តែង នៃបរិមាណសំណល់សំរាមទីក្រុង កើនឡើងយ៉ាងខ្លាំង ជាពិសេសសាលារាជធានីភ្នំពេញ មានថង់ប្លាស្ទីក សម្ភារៈវេចខ្ចប់ មិនងាយរលួយមួយចំនួន បានក្លាយជាវត្ថុសាមញ្ញ និងពេញនិយម ក្នុងការប្រើប្រាស់ជាទូទៅ នៅតាមទីផ្សារ និងក្នុងសង្គមគ្រួសារបច្ចុប្បន្ន ។
យោងតាមវេបសាយ របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ សាលារាជធានីភ្នំពេញ បានរៀបចំឱ្យមានការចូលរួម ពិភាក្សាពីតំណាងផ្សារទំនើបៗ ក្នុងរាជធានី មកចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំផែនការកាត់បន្ថយសំណល់ថង់ប្លាស្ទីក។ ក្នុងឱកាសនោះ អភិបាលរងរាជធានី លោក ច័ន្ទ សំអាន បានសំណូមពរ ឱ្យខាងតំណាងផ្សារទំនើបនានា ជួយផ្សព្វផ្សាយបន្តដល់អាជីវករ ជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងរិះរកនូវរបស់ប្រើប្រាស់ អ្វីមកជំនួសវិញ ដូចជា ថង់ក្រណាត់ កន្ត្រក ធាងត្នោត ឫស្សី ដែលប្រើប្រាស់បានច្រើនដង ពិសេសយកចិត្តទុកដាក់ លើរបស់វេចខ្ចប់ណាដែលងាយរលួយ មាន ស្លឹកចេក ស្លឹកឈូក ក្រដាស ជាដើម ។
ឧបករណ៍វេចខ្ចប់សម្ភារៈ ទំាងនោះ បានក្លាយជាសំណល់សំរាមក្នុងទីក្រុង ដែលជារឿយៗត្រូវធ្វើការបោសសំអាត ប្រមូលដឹកជញ្ជូន និងទុកដាក់នៅទីលានចាក់ សំរាមជារៀងរាល់ថ្ងៃ។ តាមការស្រាវជ្រាវ ថង់ប្លាស្ទីក និងសម្ភារៈវេចខ្ចប់មិនងាយរលួយមួយចំនួន បានផលិតចេញពីសារធាតុ ឥន្ធនៈហ្វូស៊ីល ដែលមានអាយុកាល ជិត១០សតវត្ស ទើបធ្វើការបំលែងសារធាតុរបស់ខ្លួន ។
បច្ចុប្បន្ន សំណល់ប្រភេទនេះ មានវត្តមានលើទីសារធារណៈ តាមដងផ្លូវ ប្រលាយ លូ បឹង វាលស្រែ និងទន្លេ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានទីក្រុង ហើយមួយចំនួនទៀត ត្រូវបានឆេះ ដោយសារសកម្មភាពមនុស្ស នៅទីវាលចំហ បានបញ្ចេញនូវឧស្ម័នមានសារធាតុបង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្ស សត្វ ។
អាជ្ញាធររាជធានី ក៏ធ្លាប់បានពិភាក្សាលើគម្រោង កាត់បន្ថយសំណល់ប្លាស្ទីក នាពេលកន្លងមក ដើម្បីប្រជាពលរដ្ឋអនុវត្តឱ្យមានប្រសិទ្ធភាព ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.