រយៈពេលជិតកន្លះខែកន្លងមកហើយ ដែលអង្គការបម្រើសុខភាពប្រជាជនពិភពលោក (PSI) បានដាក់ស្ពង់លក់ផងចែកជូនដោយឥតគិតថ្លៃផង នៅម្ដុំអាងទឹកអូឡាំពិក ផលិតផលថ្មីនៃប្រភេទស្រោមអនាម័យ Number1 ក្លិន៣ បន្ថែមទៀតគឺ ក្លិនចេក (Banana) ក្លិនស្ត្រប៊ែរី (strawberry) និងក្លិនក្លាស៊ិក (សុកូឡា)។
លោក សូ រីទ្ធី ប្រធានក្រុមលក់នៃអង្គការនេះ បានឲ្យដឹងថា តម្លៃស្រោមអនាម័យប្រភេទថ្មីនេះ គ្មានអ្វីប្រែប្រួលខុសពីផលិតផលចាស់នោះទេ ហើយបើប្រៀបធៀបជាមួយប្រភេទស្រោមអនាម័យផ្សេងទៀតនោះ គឺមានតម្លៃថោក និងខុសគ្នាឆ្ងាយណាស់។ លោក បញ្ជាក់ “Number1 មួយកញ្ចប់តម្លៃ ១០០០រៀល ហើយក្នុង១កញ្ចប់មាន៣ស្រោម … បើធៀបនឹងស្រោមម៉ាកផ្សេងទៀត ប្រហែល ១ដុល្លារឯណោះ”។ លោកបញ្ជាក់ពីគោលបំណងនៃការបង្កើតស្រោមប្រភេទថ្មីនេះថា ទី១ ដើម្បីទាក់ទាញឲ្យប្រជាជនដែលជាអ្នកប្រើប្រាស់ស្រោមអនាម័យឡើងវិញ ទី២ កាត់បន្ថយជម្ងឺផ្សេងៗដែលអាចឆ្លងតាមការរួមភេទ ទី៣ ដើម្បីការប្រកួតប្រជែង និងទី៤នោះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។
លោក បានសង្កត់ធ្ងន់ថា “រយៈពេលនៃការលក់ប៉ុន្មានថ្ងៃកន្លងមកនេះ គឺមិនសូវជាឃើញយុវវ័យចូលមកសួរឬទិញនោះទេ ច្រើនតែមនុស្សរាងវ័យកណ្ដាលទៅវិញ ប្រហែលអាចមកពីក្មេងៗគាត់អៀន ឬមិនហ៊ាននិយាយពីការប្រើប្រាស់ស្រោមហើយមើលទៅ…”។ លោកបន្ថែមទៀតថា ក្រៅពីការដាក់លក់នេះដែរ អង្គការក៏មានគម្រោងផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ កាសែត និងទស្សនាវដ្ដីផ្សេងៗផងដែរ។
ស្រោមអនាម័យប្រភេទថ្មីនេះ ត្រូវបាននាំចូលផ្ដាច់មុខដោយអង្គការបម្រើសុខភាពប្រជាជនពិភពលោក (PSI) ដែលនាំចូលពីប្រទេសម៉ាឡេស៊ី ទាំងការវេចខ្ចប់ ទាំងគុណភាពនៃការផលិតស្របតាមស្ពង់ដារអន្តរជាតិទាំងអស់
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.