ប្រយ័ត្ន​ចាញ់​​បោក​តាម Online!

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • បច្ចុប្បន្ន ករណី​ឆបោក​បញ្ជា​ទិញ​ផលិត​ផលតាម online (សំលៀកបំពាក់ គ្រឿង​សំអាង កាបូប កុំព្យូទ័រ…) កំពុង​កើត​ឡើង​ជា​ញឹក​ញាប់​តាម​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក។
    ជាក់ស្តែង យោង​តាម​វិបសាយ www.consumercomplaints.com ជនរងគ្រោះដែល​មានឈ្មោះ Smit Vithani បាន​និយាយ​ថា លោក​បាន​បញ្ជា​ទិញ​កាម៉ារ៉ា​ឌីជីថល​មួយ​គ្រឿង និង​ម៉ាស៊ីន​អាំងសាច់​មួយ​ដែល​មាន​តម្លៃ​រៀង​គ្នា​ប្រមាណ​ជា ២៦០ ដុល្លារ​អាមេរិក និង ៨៤ ដុល្លារ​អាមេរិក តាម​ក្រុមហ៊ុន online មួយ ហើយ​ក្រុម​ហ៊ុន​សន្យា​ដឹក​ជញ្ជូន​ទំនិញ​ក្នុង​រយៈពេល ៨-១០ ថ្ងៃ ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិន​ដែល​ផ្តល់​ទំនិញ​ឲ្យ​ឡើយ និង​មិន​អាចសុំ​ទំនាក់​ទំនង​បាន​ទៀត​ផង។
    ចំណែក​ករណី​មួយទៀត ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ www.consumercourt.info បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់ ​ដោយ​មិន​បាន​បញ្ហា​ឈ្មោះ បាន​បង្ហោះ​ព័ត៌មាន​ថា លោក​បាន​បញ្ជា​ទិញ​វ៉ែនតា​ពី​ហាង​ទំនិញ​តាម online មួយ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ២១ ដុល្លារ​អាមេរិក ដោយ​ប្រើ​គណនី​ធនាគារ។ ប៉ុន្តែ លោក​មិន​ទទួល​បាន​ផលិត​ផល​សោះ ហើយ​ទំនាក់​ទំនង​ទៅ​ក្រុមហ៊ុន​នេះ​មិន​បាន។
    ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ នៅប្រទេស​កម្ពុជា ពុំ​ទាន់​មាន​សេចក្តី​រាយការណ៍ ណាមួយ​ទាក់ទិន​នឹង​ករណី​ឆបោក​បែប​នេះ​នោះទេ។
    ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន 24h.Plus News សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​វិធីសាស្ត្រ​ខ្លះៗ ដើម្បី​ចៀស​វាង​ករណី​ឆបោក​បញ្ជា​ទិញ​ផលិតផល​តាម Online៖

    ១. ពិនិត្យមើលអ្នកលក់

    តើងាយស្រួលដែរទេ ក្នុងការទាក់ទងជាមួយ​អ្នកលក់​តាម​រយៈ​ទូរស័ព្ទ អ៊ីម៉ែល ឬ​អាស័យ​ដ្ឋាន​ទីតាំង​លក់? តើ​ព័ត៌មាន​ទាក់ទង​នឹង​តម្លៃ ការធានា​ជា​ដើម​ ត្រឹមត្រូវ​ដែរទេ? អ្នកគួរ​អាន​ព័ត៌មាន​ឲ្យ​បាន​ប្រយ័ត្ន​ប្រយែង​មុន​ពេល​បញ្ជា​ទិញ។
    ២. ផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ
    មិនទំនងសោះដែល​ថា អ្នកលក់​ពិតប្រាកដ​នឹង​ផ្តល់​ការ​ដឹកជញ្ជូន​ដល់​កន្លែង​ដោយ​ឥតគិត​ថ្លៃ ដោយ​គ្មាន​ហេតុផល​ល្អ​អ្វី​នោះ។ ក្រៅពី​នេះ បើសិន​អ្នក​លក់​គិត​តម្លៃ​ដឹកជញ្ជូន​លើ​តម្លៃ​ទំនិញ​ស្រាប់ នោះ​ទំនិញ​នឹង​ថ្លៃ​លើស​ធម្មតា ដែល​មិន​ល្អ​ដល់​ការ​លក់​របស់​ពួកគេ​ផងដែរ ព្រោះថ្លៃខុសគេ។ ដូច្នេះ សូម​សង្ស័យ​ករណី​នេះ!
    ៣. តម្លៃទំនិញ​ថោកខុសធម្មតា
    ឧទាហរណ៍ បើសិន​អ្នក​ដឹង​ថា កាម៉ារ៉ា Canon EOS 400D មួយ​គ្រឿង មាន​តម្លៃ​ធម្មតា​ប្រហែល​ជា ១,០០០ ដុល្លារ​អាមេរិក ហើយ អ្នក​លក់​ លក់​ត្រឹម​តែ​តម្លៃ ២០០ ដុល្លារ​អាមេរិក នោះ​ករណី​នេះ គួរ​ឲ្យ​សង្ស័យ។ នោះ ខុសពី​តម្លៃ​ធម្មតា​ចំនួន ៨០០ ដុល្លារ​អាមេរិក។ សូម្បី​តែ​ការ​បញ្ចុះតម្លៃ  ក៏​វា​មាន​មិន​ទំនង​ថោក​ដល់​ថ្នាក់​ម្ល៉ឹង រហូត​ដល់​អ្នក​លក់​មិន​អាច​ចំណេញ​បាន​នោះទេ។ បញ្ចុះ​តម្លៃ​តាម​ស្តង់ដារ​មាន​ពី ២០% ទៅ ៥០% ប៉ុណ្ណោះ បើ​លើសពី៨០% ទៅ ៩០% ហើយ ករណី​នេះមិន​ប្រក្រតី​ទេ។
    ៤. ធានាការទូទាត់របស់អ្នក
    ចូរប្រើប្រាស់​គណនី​ដែល​រក្សា​ប្រាក់​ដោយ​ភាគីទីបី រហូតដល់​ទំនិញ​មក​ដល់ (ឧ. PayPal) ឬ វិធី​សាស្ត្រ​ផ្សេងៗ​​ទៀត​នៃ​ការទូទាត់ ដែល​បញ្ចូល​នូវ​យន្តការ​ការពារ​សុវត្ថិភាព​ផងដែរ។ ដោយ​មាន​គណនី​រក្សា​ដោយ​ជន​ទីបី អ្នក​អាច​ធានា​ថា ប្រាក់​របស់​អ្នក នឹង​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អ្នក​លក់​ជា​ដាច់​ខាត មុនពេល​អ្នក​រាយការណ៍​ថា អ្នក​ទទួល​បាន​ទំនិញ​ហើយ។ ចំពោះករណីនេះ ជាទូទៅ PayPal ត្រូវ​បាន​គេ​ជឿ​ទុកចិត្ត និង​ទទួល​ស្គាល់​នៅ​ទូទាំង​ពិភពលោក។
    ៥. តាមដានដោយស្រាវជ្រាវភ្លាមៗ
    ពិនិត្យ​មើល​លើមុខ​ទំនិញ​ផ្សេងៗ​ដែល​កំពុង​ដាក់​លក់។ ពិនិត្យ​មើល​ប្រតិកម្ម​តប​ពី​មុនៗ​ដែល​អ្នក​លក់​ទទួល​បាន​ពី​អតិថិជន ដោយ​មើល​ទៅ​លើ Rating Points របស់​អ្នកលក់ ថាតើ​ប្រតិកម្ម​តបនោះ ទាក់ទង​នឹង​ការ​ទិញ-លក់រលូន​​ឬ​យ៉ាងណា។ ពិនិត្យ​មើល​ថាតើ ប្រវត្តិនៃការលក់​របស់​គេ​យ៉ាងណា លក់​បាន​ច្រើន​ប៉ុណ្ណា ហើយ​លក់​ទំនិញ​អ្វីខ្លះ?
    ៦. តាមដានបន្ថែម
    សរសេរ​សារ​ភ្លាមៗ​ទៅ​កាន់​អ្នក​ទិញ​ពីរ ឬ បី​នាក់ ជា​អតិថិជន​របស់​អ្នកលក់​ពីមុន។ អ្នក​អាច​ចូល​ទៅ​សរសេរ​សារ​តាម​រយៈ Feedback Page របស់​អ្នក​លក់ ហើយ បន្ទាប់មក អ្នក​ត្រូវ​សួរ​ពី​មតិយោបល់​ពីមុនៗ​របស់​អ្នក​ទិញ​ទាក់​ទិន​នឹង​ការ​បញ្ជា​ទិញ​ជាមួយ​នឹង​អ្នកលក់។ អ្នក​ទិញ​មួយ​ចំនួន​ប្រហែល​ជា​មិន​ចង់​ឆ្លើយ​តប ប៉ុន្តែ ជាទូទៅ បើសិន​ប្រតិបត្តិការ​ផ្ទេរប្រាក់មាន​បញ្ហា នោះ​អ្នក​ទិញ​នឹង​ជូន​ដំណឹង​ដល់​អ្នក​ជា​មិន​ខាន៕

    ប្រភព៖ Ebay, consumercomplaints, consumercourt
    រូបភាព៖ arc-eg



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.