ក្រុមតារាចម្រៀងស្រី Pop របស់អង់គ្លេស Spice Girls អាចនឹងជួបជុំគ្នាជាថ្មីនៅព្រឹត្តិការណ៍កីឡាអូឡាំពិកនារដូវក្ដៅឆ្នាំ២០១២ នៅទីក្រុង London ប្រទេសអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ កក្កដា ដល់១២ សីហា។
យោងតាម Radar Online បច្ចុប្បន្នក្រុមនេះកំពុងខ្នះខ្នែងធ្វើការលើរឿងខ្លីបែបកំប្លែង “Viva Forever: The Spice Girls Musical”។ “សមាជិកក្រុមដូចជារំភើបនឹងការចេញរឿងនេះណាស់។ ពួកគេពិតជាស្រលាញ់អ្វីដែល Jennifer Saunders ធ្វើជាមួយអត្ថបទរឿង ហើយវានឹងក្លាយជាអ្វីដែលអ្នករាល់គ្នាមិនធ្លាប់បានឃើញនៅលើឆាកពីមុនមក” ប្រភពមួយប្រាប់ Rardar Online។
សូមរំលឹកបន្តិចថា Spice Girls ដែលមានឈ្មោះក្នុងពិភពសិល្បៈតាំងពីឆ្នាំ១៩៩៤មក មានសមាជិកទាំងអស់៥នាក់គឺ Victoria Beckham, Melanie Brown, Melanie Chisholm, Emma Bunton និង Geri Halliwell។ ពួកគេម្នាក់ៗសុទ្ធតែមានឈ្មោះហៅក្រៅគឺ Posh Spice, Scary Spice, Sporty Spice, Baby Spice និង Ginger Spice។
ដោយឡែក ការបង្ហាញខ្លួនលើឆាកលំដាប់អន្តរជាតិនៅអូឡាំពិក នឹងក្លាយជាលើកទីមួយហើយដែលសមាជិកក្រុម Spice Girls ត្រលប់មកជួបជុំគ្នាវិញបន្ទាប់ពីចែកគ្នាទៅធ្វើការងាររៀងៗខ្លួនក្នុងពេល៤ឆ្នាំចុងក្រោយនេះ។ “Melanie Brown និង Emma Buntin យល់ព្រមរួចរាល់ហើយ តែ Victoria Beckham ដូចជាមិនទាន់…” ប្រភពដដែលឱ្យដឹង។
បើដូច្នេះមែន សមាជិក Spice Girls ដទៃប្រហែលជាត្រូវទៅបញ្ចុះបញ្ចូល Victoria ឱ្យទុកជីវិតជាម្ដាយមួយអន្លើ ហើយត្រលប់មកសម្ដែងរួមគ្នាដើម្បីអង្រួនឆាកផ្ដល់ការកម្សាន្តជូនប្រិយមិត្ត។
មិនទាន់ប្រាកដទេថា ក្រុមតារាស្រីល្បីមួយក្រុមនេះនឹងមានវត្តមានជុំគ្នាឬយ៉ាងណា មានតែចាំតាមដានទាំងអស់គ្នា!
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.