តាំងពីថ្ងៃអង្គារទី៧កុម្ភៈមក ម៉ាល់ឌីវបាននិងកំពុងបន្តផុងខ្លួនក្នុងវិបត្តិនយោបាយ ក្រោយពីលោកប្រធានាធិបតីMohamed Nasheed បានបង្ខំចិត្តលាលែងចេញពីតំណែងរួចមក។ ចំពោះលោកMohamed Nasheed ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០០៨ អ្វីដែលបានកើតឡើង គឺជារដ្ឋប្រហារ។ រីឯលោកMohamed Waheed Hassan Manik វិញ ដែលជាប្រមុខបក្សប្រឆាំង និងដែលបានក្លាយជាប្រធានាធិបតីថ្មីនៃម៉ាល់ឌីវពីរថ្ងៃកន្លងមកហើយ បានច្រានចោលការចោទប្រកាន់នេះ និងបានអះអាងថា លោកបានឡើងទទួលតំណែងប្រមុខរដ្ឋស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ក្រោយការលាលែងចេញពីតំណែងរបស់លោកMohamed Nasheed។
យ៉ាងណាក៏ដោយ តុលាការព្រហ្មទណ្ឌម៉ាល់ឌីវបានចេញដីកាឲ្យតាមចាប់ខ្លួនលោកអតីតប្រធានាធិបតី និងលោកអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ។ គឺនៅក្នុងបរិបទដ៏តានតឹងបែបនេះហើយ ដែលភរិយានិងកូនទាំងពីររបស់លោកMohamed Nasheed បានភៀសខ្លួនចេញពីម៉ាល់ឌីវ និងទើបតែទៅដល់ប្រទេសស្រីលង្កា។
ទន្ទឹមនេះ អំពើហិង្សាកំពុងបន្តប្រព្រឹត្តទៅ នៅតាមទីក្រុងធំៗមួយចំនួន ដូចជានៅAbdu City ដែលជាទីក្រុងទីពីរនៃម៉ាល់ឌីវ។ គឺជាការប៉ះទង្គិចគ្នារវាងពួកអ្នកគាំទ្រលោកMohamed Nasheed និងពួកប៉ូលិស។
ក្នុងខណៈនេះ គេកំពុងបារម្ភចំពោះពួកទេសចរបរទេសរាប់ពាន់នាក់ដែលកំពុងមានវត្តមាននៅម៉ាល់ឌីវ ម៉ាល់ឌីវដែលគេចាត់ទុកថា ជាឋានសួគ៌លោកីយ៍ ដោយសារតែកោះតូចធំដ៏ល្អប្រណិតចំនួនជាង១០០០នៅក្នុងមហាសមុទ្រឥណ្ឌា។
វិបត្តិនយោបាយនៅម៉ាល់ឌីវបានផ្តើមកើតឡើងកាលពីប៉ុន្មានសប្តាហ៍មុននេះ។ គណបក្សប្រឆាំងរួមទាំងប៉ូលិសផងបានធ្វើបាតុកម្មទាមទារឲ្យលោកMohamed Nasheed ចុះចេញពីតំណែងប្រធានាធិបតី។ ពួកគេចោទថា លោកMohamed Nasheed បានប្រើអំណាចផ្តាច់ការ ក្រោយពីអាជ្ញាធរបានចាប់ខ្លួនប្រធានសាលាឧក្រិដ្ឋដែលជាប់សង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ។ នៅទីបំផុត កាលពីថ្ងៃអង្គារម្សិលម្ង៉ៃ ស្រាប់តែលោកMohamed Nasheedប្រធានាធិបតីម៉ាល់ឌីវទីមួយបង្អស់ដែលត្រូវបានតែងតាំងដោយការបោះឆ្នោតសកលកាលពីឆ្នាំ២០០៨ បានប្រកាសលាលែងចេញពីតំណែង៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.