យុថ្កាសម្បត្តិ សាធារណៈ ស្រង់ចេញពីទន្លេ ចតុមុខ មានគេកំពុង ចង់បាន

Posted on
  • Thursday, February 16, 2012
  • by
  • angco.co
  • in
  • Labels:

  • - យុថ្កាទ្រព្យសម្បត្តិសាធារណៈ លើទឹកដីខ្មែរ បែរជាពួកវៀតណាមមួយក្រុម ចេញមុខអះអាងថា ជារបស់ខ្លួន
    ភ្នំពេញៈ យុថ្កាដែលគេអះអាងថា ជារបស់កប៉ាល់លិចសម័យសង្រ្គាម ហើយត្រូវបានគេស្រង់ចេញពីទឹកទន្លេ ចតុមុខយកមកតម្កល់ទុកនៅវត្តប្រជុំសាគរនោះ ឥឡូវកំពុងមានការប្រទាញប្រទង់គ្នា ដោយអ្នកខ្លះចង់យកទៅ ដាក់នៅវត្តផ្សេង ហើយអ្នកខ្លះទៀតទាមទារយកទៅដាក់នៅសារមន្ទីរ ឬព្រះបរមរាជវាំង។
    នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះ គេឃើញមានរថយន្តស្ទួចមួយគ្រឿង បានបើកចូលមកក្នុងវត្តប្រជុំសាគរក្នុង បំណងស្ទួចយកយុថ្កា ដែលមានទម្ងន់ជាង២តោន ដោយគេអះអាងថា មានបញ្ជាពីថ្នាក់លើឲ្យយកទៅដាក់នៅ វត្តនាគវ័ន្ត និងខ្លះទៀតថា ស្ទួចយកទៅវត្តសំរោងអណ្តែតវិញ។ ប៉ុន្តែខណៈរថយន្តស្ទួចត្រៀមស្ទួចយកយុថ្កាខាងលើ នេះចេញទៅមានជនជាតិវៀតណាមមួយ ក្រុម ដែលអះអាងថា ជាម្ចាស់យុថ្កាខាងលើ បានធ្វើការរារាំង និង ជំទាស់មិនឲ្យស្ទួចយកទៅកាន់វត្តនាគវ័ន្តនោះឡើយ។
    ជនជាតិវៀតណាមម្នាក់ ដែលអះអាងថា ជាតំណាងម្ចាស់យុថ្កា បានធ្វើការជំទាស់ថា បើយកយុថ្កាខាងលើនេះ ទៅដាក់នៅវត្តនាគវ័ន្ត គឺគេជំទាស់មិនឲ្យយកទៅឡើយ គឺបន្តដាក់នៅវត្តប្រជុំសាគរ។ ប៉ុន្តែបើគេយកទៅដាក់នៅ សារមន្ទីរ ឬព្រះបរមរាជវាំង ដោយមានលិខិតស្នើសុំត្រឹមត្រូវ នោះពួកគេនឹងអនុញ្ញាតឲ្យយកទៅ។
    តំណាងជនជាតិវៀតណាមខាងលើ បានអះអាងបន្តថា នៅថ្ងៃទី១៦ ខែកុម្ភៈ មានព្រះអង្គម្ចាស់មួយអង្គ មិន ស្គាល់ព្រះនាមច្បាស់លាស់ បានកាន់លិខិតមួយសន្លឹក បានទាមទារឲ្យយកយុថ្កាខាងលើនេះ ដោយអះអាងថា យកទៅទុកនៅវត្តនាគវ័ន្ត តែបន្ទាប់ពីគេពិនិត្យលិខិតស្នាម ហាក់ដូចជាមានភាពមិនប្រក្រតី គេក៏មិនអនុញ្ញាតឲ្យយកចេញទៅដែរ។
    ឥឡូវនេះការប្រទាញប្រទង់គ្នារឿងយុថ្កា ដែលជាសម្បត្តិសាធារណៈ ដែលគេធ្វើការសន្និដ្ឋានថា ជាយុថ្ការបស់សំពៅ ដែលបន្សល់ទុកជាយូមកហើយនោះ កំពុងតែនៅប្រទាញប្រទង់គ្នាដដែល ប៉ុន្តែទាំងភាគី ដែលមកយក និងភាគីដែលអះអាងថា ជាម្ចាស់ហាក់ដូចជាគ្មាននរណាម្នាក់ ចេញមុខធ្វើជាតំណាងច្បាស់លាស់នោះឡើយ។
    សូមបញ្ជាក់ថា យុថ្កាដែលមានទម្ងន់ជាង២តោន ដែលអាចមានអាយុដល់រយឆ្នាំខាងលើនេះ ត្រូវបានអ្នក នេសាទវៀតណាមដាក់មងជាប់ ហើយក្រោយមកត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ យកគ្រឿងចក្រទៅស្ទួចចេញ ពីបាតទន្លេចតុមុខ ហើយដឹកយកមកទុកក្នុងវត្តប្រជុំសាគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ។ ក្រោយ សមត្ថកិច្ចស្រង់យុថ្កាមកទុកក្នុងវត្ត ស្រាប់តែមានពាក្យចចាមអារ៉ាមជាច្រើន ដែលភាគច្រើនជារឿងអបិយជំនឿ ដោយអះអាងថា យុថ្កានេះ មានបារមី រហូតដល់ប្រជាពលរដ្ឋមួយចំនួនបានមកអុជធូប អុជទាន ថ្វាយផ្កា ខ្លះយកទឹក មកដុសលាង រួចត្រងយកទៅផឹក ឬក៏លាងមុខ ដោយពួកគេមានជំនឿថា នឹងជារោគាពាធ ឬក៏បណ្តេញឧបទ្រុប ចង្រៃជាដើម។
    ក្នុងនោះមានអ្នកខ្លះបានមកដុសខាត់យុថ្កា ដើម្បីស្វែងរកភ័ព្វសំណាងយកទៅចាក់កន្ទុយលេខ ដែលជាល្បែង ស៊ីសងថែមទៀតផង។ ប៉ុន្តែអ្នកមានជំនឿទាំងអស់នេះ ភាគច្រើនត្រូវបានគេសង្កេតឃើញថា ជាជនជាតិ វៀតណាម មិនសូវមានជនជាតិខ្មែរនោះទេ។
    ដោយឡែកជនជាតិវៀតណាម ដែលអះអាងថា ជាម្ចាស់ក៏បានឆក់ឱកាសនេះ រកផលប្រយោជន៍ផងដែរ តាម រយៈការដាក់ថាសទទួលបច្ច័យ ដែលអ្នកមានជំនឿមកអុជធូបទៀន។
    តាំងពីថ្ងៃស្រង់យុថ្កាចេញពីក្នុងទឹកមកតម្កល់ទុកនៅក្នុងវត្តប្រជុំសាគរ គឺមានរយៈពេលជិតមួយសប្តាហ៍ហើយ តែគេនៅមិនទាន់បានឃើញ មន្ត្រីជំនាញ ឬក៏មន្រ្តីខាងវប្បធម៌ ចុះមកធ្វើការត្រួតពិនិត្យ ដើម្បីវាយតម្លៃពីប្រវត្តិ យុថ្កា និងអាយុកាលនៅឡើយនោះទេ។ ប៉ុន្តែគេបែរជាឃើញជនជាតិវៀតណាមមួយក្រុម ដែលភាគច្រើនជាអ្នក សំចតទូក ធ្វើការនេសាទត្រី នៅចំណុចចុងកោះជ្រោយចង្វារ មកធ្វើការគ្រប់គ្រងយុថ្កាខាងលើនេះ ដោយតាំង ខ្លួនជាម្ចាស់ទៅលើទ្រព្យសម្បត្តិសាធារណៈនៅក្នុងទឹកដីខ្មែរទៅវិញ។
    អ្នកឃើញទិដ្ឋភាពមួយរូប បានធ្វើការសំណូមពរ គួរតែមានមន្រ្តីជំនាញចុះមកត្រួតពិនិត្យ និងដកហូតយកទៅទុក ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ អាចនឹងត្រូវគេជម្លៀសចេញ ហើយចុងក្រោយក្លាយទៅជាដែកអេតចាយមិន ខាន៕​ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.