សុខ អានៈ សាលដីកា ប្រឆាំង ឌុច គឺយុត្តិធម៌ និងរំលែកទុក្ខឈឺចាប់ ដល់មនុស្សជាតិ ទាំងមូល

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន បានថ្លែងការណ៍ ជា សាធារណៈថា សាលដីកាប្រឆាំងឌុច ដែលចេញ ដីកាសម្រេច ចុងក្រោយ របស់តុលាការកំពូល នៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា បង្គាប់ឲ្យជាប់ទោស អស់មួយជីវិត គឺពិតជាបានរំលែកទុក្ខ យ៉ាងឈឺចាប់ របស់មនុស្សជាតិ ទាំងមូល ដែលស័ក្តិសម ទៅនឹងទង្វើរបស់ខ្លួន ។
    ការចេញ សេចក្តីថ្លែងការណ៍ ជាសាធារណៈ ធ្វើឡើង បន្ទាប់ពីលោក និងមន្រ្តីរាជរដ្ឋាភិបាល ជាច្រើនទៀត បានចូលរួមស្តាប់ ការប្រកាស សាលដីកា លើករណី សំណុំរឿង ០០១ របស់ កាំង ហ្គេចអ៊ាវ ហៅឌុច ដែលជា ប្រធានមន្ទីរ ស២១ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នៅអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលលោក ចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្រ្តមួយ យ៉ាងមានសារៈសំខាន់ សម្រាប់ប្រជាជនកម្ពុជា និងមនុស្ស ជាតិទាំងមូល ។
    លោកថា “យើងបានឃើញ តុលាការ ដំណើរការ តាមនីតិវិធីត្រឹមត្រូវ ដែលខ្ញុំគិតថា សាធារណជន នឹងចាត់ទុកថា ជាការកាត់ក្តី យ៉ាងត្រឹមត្រូវ និងយុត្តិធម៌ថា ពិត ជាបាន រំលែកការឈឺចាប់ និងសោកសង្រេង ទុក្ខលំបាកវេទនា ដល់ជនរងគ្រោះ ដែលបានឆ្លងកាត់ និងមិនឆ្លងកាត់ ” ។
    លោកថា រំលឹកកាលពីឆ្នាំ ១៩៧៩ រដ្ឋាភិបាល បានផ្តួលរលំ របបកម្ពុជា ប្រជាធិបតេយ្យ ហើយនៅពេលនេះ រដ្ឋាភិបាលបានខិតខំ កសាងប្រទេសឡើងវិញ ពីបាត ដៃទទេ ដោយម្ខាង គឺទប់ស្កាត់ របបប្រល័យ ពូជសាសន៍ ប៉ុលពត កុំឲ្យវិលត្រលប់មកវិញ និងម្ខាងទៀត ខិតខំកសាង ប្រទេសជាតិឡើងវិញ ពីគំនរផេះផង់ ។ តែ យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល មិនភ្លេចនូវការចិញ្ចឹមចិត្ត ជានិច្ចក្នុងការ ស្វែងរកយុត្តិធម៌ ឲ្យប្រជាជនទាំងមូល ។
    លោកបន្តថា “ថ្ងៃនេះយើងឃើញថា ជនរងគ្រោះមួយចំនួន ដែលបានបាត់បង់ជីវិតទៅហើយ និងអ្នកដែលបានប្រព្រឹត្ត អំពើឃោឃៅ ក៏បានបាត់ជីវិតដែរ តែអ្នក ដែលនៅរស់ ជាក្រុមគ្រួសារ ជាមិត្តភក្តិ បាន និងកំពុង រង់ចាំដំណើរការ កាត់ក្តីមួយនេះ ដែលមានរយៈពេលយូរ ចាប់តាំងពីមានការសហការ ជាមួយអង្គការ សហប្រជាជាតិ តាំងពីឆ្នាំ១៩៩៧ ទើបទទួលបាន លទ្ធផលជាផ្លែផ្កានៅពេលនេះ ” ។
    លោកបន្តថា ចំណុចដែលចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន គឺព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតឡើង នូវតុលាការកូនកាត់មួយនេះ មានការជួយឧបត្ថម្ភ ពីអង្គការសហប្រជាជាតិ និងសហគមន៍ អន្តរជាតិ ដែលចូលរួមយ៉ាងសកម្ម ។ រហូតមកទល់ពេលនេះ មានមនុស្ស ១០ ម៉ឺននាក់ ដែលបានចូលរួមផ្ទាល់ ស្តាប់ សវនាការ និងសាធារណជន រាប់លាននាក់ ដែលមើលតាមកញ្ចក់ទូរទស្សន៍ ក្នុងការផ្សាយបន្តផ្ទាល់ ។
    លោកថា “ខ្ញុំសូមថ្លែងសរសើរ ដល់ចៅក្រម ព្រះរាជអាជ្ញា មេធាវី និងមន្រ្តីទាំងអស់ ក្នុងតុលាការ និងអរគុណ ដល់ប្រទេស ដែលជាមិត្ត បានជួយគាំទ្រ ដល់ សាលាក្តីមួយនេះ ឲ្យដំណើរការ” ។ ឌុច គឺជា មេដឹកនាំ ខ្មែរក្រហមមួយរូប ដែលត្រូវ អ.វ.ត.ក សម្រេចផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត នៅក្នុងសំណុំរឿង ០០១ បន្ទាប់ពីលោក ត្រូវបានសាលាដំបូង នៃ អ.វ.ត.ក ផ្ដន្ទាទោស ត្រឹមតែរយៈពេល ៣៥ ឆ្នាំតែ ប៉ុណ្ណោះ ៕​ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.