ថ្នាំដុសបុរាណ នៅបន្តប្រើប្រាស់ សម្រាប់ ប្រជាពលរដ្ឋខ្មែរ​ រស់នៅឯ សង្កាត់មាត់ញក

Posted on
  • Wednesday, February 22, 2012
  • by
  • angco.co
  • in
  • Labels:

  • សៀមរាប : តាំងពីបុរាណរៀងមក ពិធីព្យាបាលជំងឺ របស់ដូនតាខ្មែរ មានច្រើនបែបយ៉ាង ហើយពិធីទាំងនោះ ភាគច្រើនប្រើថ្នាំបុរាណ បូករួមជាមួយមន្តអាគមគាថា រួមផ្សំ។ ហើយវិធីព្យាបាលទាំងនោះ ទទួលបានជំនឿយ៉ាងមុតមាំ និងប្រសិទ្ធភាពកាលសម័យនោះ។ ថ្នាំដុស ឱសថកែរោគ មួយប្រភេទ ក្នុងចំណោមវិធីព្យាបាល អ្នក ជំងឺ ដែលប្រើថ្នាំបុរាណ ពេលប្រើគឺមានការសូត្រមន្តអាគមគាថា ដាស់គ្រូ និងឧបកិច្ចជាមុនផងដែរ។ ថ្នាំ/ឱសថទាំងនោះ បានមកពីព្រៃ ចំណែកឆ្អឹង/ស្បែកសត្វ រុក្ខជាតិ ជ័រ វល្លិ៍ និងវត្ថុជាសារធាតុថ្នាំ ជាច្រើនមុខទៀត ហើយថ្នាំទាំងនេះ នៅតែមានប្រជាពលរដ្ឋ តាមជនបទប្រើប្រាស់ ហើយក៏មានសិក្សាស្រាវជ្រាវ ដោយគ្រូ បុរាណខ្មែរ និងអ្នកវិទ្យាសាស្ត្រខ្លះផងដែរ រហូតដល់ពេលបច្ចុប្បន្ន ។
    ទន្ទឹមនឹងវិទ្យាសាស្ត្រ កំពុងរីកចម្រើន ហើយវិស័យសុខាភិបាល (ពេទ្យ/ព្យាបាល) កំពុងផ្ដល់សេវា ដោយយកចិត្តទុកដាក់ ទាំងរដ្ឋ និងឯកជន នាសព្វថ្ងៃនេះ យើង កម្រ នឹងបានឃើញនូវពិធីកែរោគ ព្យាបាលអ្នកជំងឺ ដោយដុសឆ្អឹង/ស្បែកសត្វ ឈើថ្នាំ រុក្ខជាតិថ្នាំ វ័ល្លិ៍ថ្នាំ វត្ថុធាតុថ្នាំ រាប់សិបមុខណាស់ ហើយពេលខ្លះ គ្រូបុរាណខ្មែរ ទាំងនោះព្យាយាមរកឲ្យបាន ១០០ មុខថ្នាំមកដុសប្រើលាយគ្នា ឬ ដុសប្រភេទថ្នាំខ្លះៗ តម្រូវប្រភេទជំងឺ ជាមួយទឹកដូង ឬស្រាស សម្រាប់ផឹក ឬ លាប កែរោគសម្រាប់ អ្នកជំងឺ ។ តែកុមារ និងយុវជនបច្ចុប្បន្ន ដែលរស់នៅតាមតំបន់ ទីប្រជុំជន កម្រ ឬ មិនធ្លាប់ឃើញ និងស្គាល់ឡើយ ។
    នៅភូមិតាកុក (ដែលស្ថិតនៅ តំបន់ព្រៃជនបទ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប យើងបានឃើញគ្រួសារមួយ ក្នុងចំណោមគ្រួសារដទៃ នៅបន្ដប្រើប្រាស់ ថ្នាំ ដុសទាំងនោះ សម្រាប់កែរោគ ព្យាបាលសមាជិកគ្រួសារ ដែលកំពុងមានជំងឺ និងរបួស ជារឿយៗ មានអ្នកភូមិជិតខាង បានខ្ចីថ្នាំទាំងនោះ យកទៅដុសសម្រាប់ ព្យាបាលសមាជិកគ្រួសាររបស់គេ ហើយពេលខ្លះ ត្រូវអញ្ជើញគ្រូខ្មែរ ដែលជាម្ចាស់ថ្នាំ ឲ្យទៅជួយព្យាបាលអ្នកជំងឺ ដោយផ្ទាល់ ផងដែរ។ ប៉ុន្តែពួកគាត់ក៏បាន និយាយថា ទៅយ៉ាងណាពួកគាត់ និងអ្នកភូមិនេះ នៅតែទៅរកសេវា ព្យាបាល សុខភាពរបស់រដ្ឋ និងឯកជនផងដែរ ហើយក្នុងភូមិគាត់ក៏មានការអប់រំ ស្ដីពី សុខភាព អនាម័យ សុខភាពមាតា និងទារក ការពារជំងឺគ្រុនចាញ់ ការបរិភោគទឹកស្អាត ព្រមទាំងមានអ្នកស្ម័គ្រចិត្ដប្រចាំក្នុងភូមិតាកុក និងក្នុងឃុំកន្ទួតនេះផងដែរ។
    ពួកគាត់មួយចំនួនខ្លះ និយាយថា ការព្យាបាលដោយថ្នាំពេទ្យមើល/ព្យាបាល មិនជល់ បែរមកជាសះស្បើយនឹងថ្នាំខ្មែរ ឬ គ្រូខ្មែរ ហើយមិនមានផលប៉ះពាល់ ដល់សុខភាពពួកគេទៀតផង ។ តែទោះជាយ៉ាងណាពេលនេះ គឺសតវត្សរ៏ទី២១ ហើយថ្នាំពេទ្យ វិទ្យាពេទ្យ ឧបករណ៍/បរិក្ខាពេទ្យ និងសេវាពេទ្យ បានគ្រប់ដណ្ដប់ ស្ទើរពាសពេញ ពិភពលោកទៅហើយ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង ធ្វើម្ដេចអាចយកថ្នាំដុសបុរាណ និងគ្រូបុរាណ អាគមឱមអាម មន្ដគាថា មកប្រដូចវិស័យ សុខាភិបាលបានឡើយ ។ ចំណែកនៅកម្ពុជា បច្ចុប្បន្នវិស័យ និងសេវាសុខាភិបាល (ពេទ្យ/ព្យាបាល) កំពុងផ្ដល់សេវាយ៉ាងយកចិត្តទុកដាក់ ទាំងរដ្ឋ និងឯកជន អង្គការជាតិ/អន្តរជាតិ គ្រប់និគមជនបទ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពគួរសម។
    ប៉ុន្តែបើយើងក្រឡេកមើល ជ្រុងមួយទៀត ការប្រើប្រាស់ថ្នាំ ឱសថបុរាណ មាន និងបន្តប្រើប្រាស់នៅឡើយ ដូចជានៅតំបន់មួយចំនួន ក្នុងខេត្តសៀមរាប កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម បាត់ដំបង រតនគិរី មណ្ឌលគិរី ។ល។ មិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌មាន និងគេហទំព័រមួយចំនួន ក្នុងបណ្ដាប្រទេសមួយ នៅអាស៊ី-អាគ្នេយ៍ ក៏កំពុងបន្តប្រើប្រាស់ថ្នាំ និងឱសថបុរាណផងដែរ ដូចជានៅប្រទេសចិន ជាដើម ៕ source
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.