អ៊ិន លក្ខិណា ថតរឿងថ្មីឲ្យ ផលិតកម្មបរទេស ខណៈរឿងរ៉ាវ ស្នេហា បរាជ័យជា បន្តបន្ទាប់

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ស្របពេលដែល វិស័យភាពយន្ត កាន់តែមានសន្ទុះ រីកចំរើនជាលំដាប់ គេពិនិត្យឃើញតារាខ្មែរ ទាំងថ្មីទាំងចាស់ បាននឹងកំពុងតែមមាញឹក និងអាចនិយាយបានថា ត្រូវប៉ាន់មាន ទឹកមាត់លេបឡើងវិញ ចំពោះអាជីពសម្តែង ។ ក្រៅពីថតខ្មែរភាពយន្តដាក់បញ្ចាំង តាមរយៈស្ថានីយ៍ ទូរទស្សន៍នានា យ៉ាងព្រោងព្រាត គេក៏សង្កេតឃើញ មានផលិតកម្មក្នុងស្រុកក្រៅស្រុកជាច្រើន ចាប់ផ្តើមស្ទុះឡើង នឹងចាប់ផ្តើមថតរឿង ទាំងរឿងដុំនិងរឿងភាគ ជាបន្តបន្ទាប់ខ្លះបញ្ចាំងក្រៅប្រទេស ខ្លះទៀតបញ្ចាំងក្នុងប្រទេស ។ ដោយឡែកសម្រាប់តារាសម្តែង ខ្ពស់ស្រឡះ អ៊ិន លក្ខិណា ក្រៅពីសម្តែងខ្សែភាពយន្ត ឲ្យស្ថានីយ៍ទូរទស្សន៍ ជាច្រើនហើយនោះ នាងក៏កំពុងតែជាប់រវល់រដឹក ក្នុងការថតឲ្យផលិតកម្មក្រៅស្រុក ដែលមានផលិតករ ជាជនបរទេសទៀតផង ។ អ៊ិន លក្ខិណា និយាយថា “ចាបង…ខ្ញុំកំពុងថតឲ្យផលិតកម្មបរទេស គឺរឿង “រំដួលតន្រ្តី” គេឲ្យខ្ញុំដើរជាតួឯក ជាមួយនិងលោក សណ្តាប់ ។ ក្នុងរឿងនេះ ខ្ញុំទើបតែចេញថតបានមួយថ្ងៃទេបង ក្នុងស្រុកខ្មែរ ដោយមានអ្នកដឹកនាំរឿង នឹងជាផលិតកម្ម របស់ជនជាតិបារាំង” ។ ក្រៅពីកំពុងថត ខ្សែភាពយន្តឲ្យអ្នកនៅក្រៅប្រទេស អ៊ិន លក្ខិណា ក៏បានបង្ហាញពី ភាពរវល់ខ្លាំងក្នុងអាជីពជាពិធីការិនី នៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្នុងកម្មវិធី Today Program និងកម្មវិធី IT ។ នាងនិយាយបន្តទៀតថា “ខ្ញុំមានពីរកម្មវិធីនៅប៉ុស្តិ៍លេខ៣ បើអត់ពេលទៅថត គឺប្រាកដជាមេស្តីឲ្យខ្ញុំហើយ ដូច្នេះខ្ញុំត្រូវថតទុក មុនចាក់ផ្សាយរាល់ព្រឹកថ្ងៃសុក្រ និងល្ងាចថ្ងៃអង្គារ ។ ក្រៅពីនោះសល់ពេល ពីក្នុងស្ថានីយ៍ ខ្ញុំត្រូវចេញសម្តែង” ។
    ការបង្ហាញភាពសកម្ម នៅក្នុងការថតរឿងរបស់ អ៊ិន លក្ខិណា ត្រូវបានគេមើលឃើញថា នាងចាប់ផ្តើម វាយលុកទីផ្សារភាពយន្ត ជាថ្មីម្តងទៀត ខណៈដែលនាង បានសំងំលាក់ខ្លួន ពួនអាត្មាអស់មួយខ្យល់ធំ ។ ការបាត់ខ្លួនរបស់នាង ត្រូវបានគេដាក់ការសង្ស័យថា នាងមានជាប់ពាក់ព័ន្ធ និងស្នេហា ជាមួយអ្នកធំ ដែលតម្រូវឲ្យនាងដកខ្លួន មួយរយៈពីការសម្តែង ហើយនៅពេលរឿងនោះស្ងប់ស្ងាត់ ទៅវិញនាងនឹង ចូលប្រឡូកជាថ្មី ។ អ៊ិន លក្ខិណា និយាយបែបចិត្តសឿងថា “ខ្ញុំឥឡូវចាប់ផ្តើម ស្អប់ប្រុសៗ ព្រោះខ្ញុំឈឺចាប់ និងមិនចង់មានស្នេហាទៀតទេ ។ តែឥឡូវនេះ ខ្ញុំត្រូវការលុយ បើមានបុរសណា ស្រលាញ់ខ្ញុំនិងស្រលាញ់គ្រួសារខ្ញុំ ពិតប្រាកដខ្ញុំ និងពិចារណាម្តងទៀត ដើម្បីរៀបការ” ។ ការលើកឡើង របស់ អ៊ិន លក្ខិណា គេពុំដឹងថាតើបុរស ដែលបានស្រលាញ់នាងលើកមុន បានបោកចិត្តនាង និងធ្វើឲ្យនាងឈឺចាប់កម្រិតណានោះទេ បានជាពេលនេះ បែជានាង ពោលបែបសោះអង្គើយថា ស្អប់ប្រុសៗទៅវិញ ។ ទោះបីជាបែបណា នៅក្នុងកាលៈទេសៈនេះ សម្រាប់តារាសម្តែង អ៊ិន លក្ខិណា នាងបានបង្ហាញ ពីបេះដូងទទេស្អាត គ្មានជាប់ពាក់ព័ន្ធ នឹងរឿងស្នេហាទៀតឡើយ ។
    អ៊ិន លក្ខិណា បាននិយាយថា “អ្នកក្នុងបេះដូង អត់មានសោះតែម្តង ខ្ញុំលែងចង់គិត ពីរឿងនេះទៀតហើយ ម្យ៉ាងទៀតខ្ញុំកំពុងតែ ថតរឿងឲ្យផលិតកម្ម បរទេស ខ្ញុំរវល់ណាស់ស្ទើរតែរពេលវេលា សម្រាកគ្មាន” ។
    អ៊ិន លក្ខិណា ត្រូវបានមហាជនស្គាល់ នាងជាទូទៅ តាមរយៈការសម្តែងរឿង ជាច្រើនបញ្ចាំងក្នុងស្ថានីយ៍ ទូរទស្សន៍ស៊ីធីអិន ក្នុងរឿង “គូព្រេងចម្លែក” រឿង “ល្បិចស្រី” និងខ្សែភាពយន្តមួយចំនួនទៀត ដែលភាគច្រើនអ្នកដឹកនាំរឿង តែងតែឲ្យនាងសម្តែងផ្ទុយពីចរិកពិត របស់នាង មិនតែប៉ុណ្ណោះ ការសម្តែងជាមួយ ផលិតកម្មបរទេស នាងតែងតែទទួលបាន តំណែងជាតួឯក ដូចជារឿង “រំដួលតន្ត្រី” នេះជាដើម ៕ 
    Photo by DAP-News
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.