បាញ់១គ្រាប់​ ប្លន់អ្នកលក់សាច់ជ្រូក យកអស់លុយ ខ្មែរជាង២លានរៀល ទៅបាត់


ភ្នំពេញ ៖ អ្នកលក់សាច់ជ្រូកពីរនាក់ប្ដី ប្រពន្ធបន្ទាប់ពីជិះរថយន្ដ ទៅដល់ផ្ទះបំរុង និងចូលផ្ទះត្រូវខ្មាន់កាំភ្លើង មានគ្នាពីរនាក់ជិះម៉ូតូមួយ គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី មួយគ្រឿង ធ្វើសកម្មភាពវាយ និងបាញ់ប្លន់យកលុយអស់ជាង ២លានរៀល គេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហុង គឹមហុន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសដៃខាងឆ្វេង ដោយសារជនសង្ស័យបាញ់១គ្រាប់ ប្រពន្ធមាន ឈ្មោះ គា ស៊ីថា អាយុ២៩ឆ្នាំ រងរបួសបែកក្បាល ដោយសារជនសង្ស័យវាយនឹងស្នាប់កាំភ្លើង អ្នកទាំងពីរនាក់ប្ដីប្រពន្ធស្នាក់ នៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។ ចំណែកឯជនសង្ស័យមានគ្នា២នាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បន្ទាប់ពីធ្វើសកម្មភាពរួចគេចខ្លួនបាត់ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បន្ទាប់ពីលក់សាច់ជ្រូកអស់ នៅផ្សារកាន់ណាឌីយ៉ា ក៏បានបើក  រថយន្ដមួយគ្រឿង ម៉ាកតាកូម៉ា ត្រឡប់ទៅផ្ទះវិញ លុះពេលទៅដល់ខាងមុខផ្ទះ ប្រពន្ធបានបើកទ្វាររថយន្ដចេញដើរចូលទៅក្នុងផ្ទះ ពេលនោះមានជន សង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ មិនដឹងជាតាមពីក្រោយ តាំងពីណានោះទេ ស្ទុះមកប្រទាញយកកាបូបលុយពីជនរងគ្រោះជាប្រពន្ធ ពេលនោះជនរងគ្រោះមិនព្រមឱ្យថែមទាំងប្រតាយប្រតប់ ជាមួយនិងជនសង្ស័យយ៉ាងពេញទំហឹង ចំណែកឯជនសង្ស័យវិញ ពេលដែលឃើញជនរងគ្រោះដូច្នេះ ក៏ដកកាំភ្លើងវាយក្បាលជនរងគ្រោះ មួយស្នាប់កាំភ្លើង ជនរងគ្រោះបន្ទាប់ពីត្រូវមួយស្នាប់កាំភ្លើង ក៏ប្រគល់ឱ្យទាំងអស់តែម្ដង។ ចំណែកឯ ជនរងគ្រោះជាប្ដីបន្ទាប់ពីឃើញហេតុការណ៍ ក៏បើកទ្វារ តាមចោរប្រហែលជា ៣០ម៉ែត្រ ដោយតោងកន្ទុយម៉ូតូចោរជាប់ ពេលនោះក្រុមចោរបានបាញ់១គ្រាប់ តែមិនផ្ទុះ ទើបជនរងគ្រោះដឹងថា ជនសង្ស័យមានកាំភ្លើងក៏ងាកខ្លួន បន្ដិច ពេលដែលជនបាញ់ម្ដងទៀត ក៏ផ្ទុះត្រូវដៃជនរងគ្រោះ បណ្ដាលឱ្យរងរបួស នេះសំណាងល្អណាស់ ប្រសិនបើគ្រាប់ទី១ផ្ទុះ ជនរងគ្រោះមិនដឹងជាយ៉ាងទៅហើយទេ បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានបើករថយន្ដទៅគ្លីនិកឯករាជ្យ ដោយខ្លួនឯង ដើម្បីសម្រាកព្យាបាលរបួស ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅគ្លីនិកឯករាជ្យជាបន្ដ ៕
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.