កសិករចិននៅភូមិ Wukan ឋិតនៅខេត្ត Guangdong ប៉ែកខាងត្បូងនៃប្រទេសចិនបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការរឹបអូសយកដីធ្លីនៅថ្ងៃទី១៥ធ្នូ២០១១
កសិករចិនជិត៥០%ជាអ្នករងគ្រោះដោយត្រូវអាជ្ញាធររឹបអូសយកដីធ្លី
ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក មានកសិករចិនជាង៤៣%ជាអ្នករងគ្រោះដោយត្រូវអាជ្ញាធររឹបអូសយកដីធ្លី។ ដីធ្លីទាំងនោះបានត្រូវគេលក់ចេញវិញ ដោយមានតម្លៃដល់ទៅ៤០ដងជាមធ្យមលើសតម្លៃដើមដែលគេទិញនៅលើកដំបូង។ នេះបើយោងតាមការសិក្សារបស់សារព័ត៌មានសេដ្ឋកិច្ចចិនមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការរឹបអូសយកដីធ្លីបានក្លាយទៅជាប្រភពនៃជម្លោះរវាងប្រជាជនជនបទជាមួយអ្នកកាន់កាប់អំណាចតំបន់ ដូចអធិករណ៍ដែលបានកើតមាននៅខែធ្នូកន្លងទៅនេះនៅភូមិ Wukan ឋិតនៅខេត្ត Guangdong ប៉ែកខាងត្បូងនៃប្រទេសចិន។ ប្រជាជននៅភូមិ Wukan បាននាំគ្នាងើបបះបោរប្រឆាំងទល់នឹងការរឹបអូសយកដីធ្លីដោយរំលោភដែលបានបណ្តាលឲ្យអ្នកតំណាងប្រជាជននៅភូមិ Wukan ម្នាក់ស្លាប់នៅក្នុងការជាប់ឃុំឃាំង។
គួរកត់សម្គាល់ថា ក្នុងការរឹបអូសយកដីធ្លីនេះ កសិករចិនប្រមាណ១២,៧%ពុំដែលបានទទួលសំណងអ្វីសោះឡើយ ហើយកសិករ៩,៨%ពុំបានទទួលប្រាក់សំណងដែលរដ្ឋាភិបាលតំបន់បានសន្យាសងឡើយ។ នេះបើយោងតាមការអង្កេតនៅក្នុងខេត្តនិងតំបន់ចិនចំនួន១៧ ដោយមហាវិទ្យាល័យប្រជាជននៃទីក្រុងប៉េកាំង ហើយដែលបានចេញផ្សាយដោយ21st Century Business Herald ។
ប្រមាណជិត២/៣នៃករណីទាំងនេះ សំណងដែលអ្នកកាន់កាប់អំណាចតំបន់សងទៅប្រជាកសិករចិនក្នុងតម្លៃប្រមាណ១៨ ៧៣៩យ័នឬត្រូវជា២ ២៦៤អឺរ៉ូសម្រាប់ដី១មូ (១មូស្មើនឹង១/១៥ហិកតារ។ ចំណែកឯតម្លៃដីដែលរដ្ឋាភិបាលតំបន់លក់ចេញវិញ មានតម្លៃដល់ទៅ៩៤ ០០០អឺរ៉ូឯណោះ។
លោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ាវ នាឱកាសទស្សនកិច្ចនៅភូមិមួយឋិតនៅប៉ែកខាងត្បូងនៃប្រទេសចិនបានថ្លែងថា “ពិតមែនហើយកសិករជាម្ចាស់ដីធ្លីទាំងនោះ ក៏ប៉ុន្តែច្បាប់កម្មសិទ្ធិពុំបានទទួលការធានានិងការគោរពត្រឹមត្រូវឡើយ”។
គួរបញ្ជាក់ថា អវត្តមាននៃកម្មសិទ្ធិឯកជនទៅលើដីធ្លីនេះហើយដែលបច្ចុប្បន្ននេះ អ្នកសេដ្ឋសាស្ត្រចិនមួយចំនួនបានសន្និដ្ឋានថាគឺជាឧបសគ្គខាឃាំងដល់នគរូបនីយកម្មហើយនិងដល់ការធ្វើទំនើបកម្មទៅលើវិស័យកសិកម្មនៃប្រទេសចិន៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.