ភ្នំពេញ ៖ ជាធម្មតា តារាស្ទើរតែ គ្រប់ដួង នៅពេលដែល មានថ្ងៃពិសេស ដូចជា ពិធីឡើងគេហដ្ឋាន ឬក៏កម្មវិធី ខួបកំណើតអ្វីផ្សេងៗ តែង តែធ្វើជាលក្ខណៈ ទ្រង់ទ្រាយធំ ចំណាយលុយខ្ទង់ម៉ឺនដុល្លារ ដើម្បីរៀបចំ កម្មវិធីឲ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់គេ ។ ប៉ុន្តែ ដោយឡែក តារា សម្តែង និងជាតារាម៉ូដែល វ័យក្មេង រូបស្រស់ កញ្ញា សម ម៉ាណា បែរជានិយាយថា កម្មវិធីខួបកំណើតរបស់នាង មិនប្រាថ្នា ចង់រៀបចំកម្មវិធី ធំដុំ ដល់ថ្នាក់ចំណាយលុយ ខ្ទង់ម៉ឺនដុល្លារ ដូចតារាដទៃ នោះទេ ព្រោះថា ខ្លាចគេថា នាងអួត ។
នៅពេលជួប ជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ នេះ សម ម៉ាណា បានឲ្យដឹងថា បច្ចុប្បន្ន នាងមានការរវល់ច្រើន ជាមួយការងារ ទាំងការងាររកស៊ី និងការងារសិល្បៈ ដូចជា ការថតស្ពត ពាណិជ្ជកម្ម និងដើរម៉ូដ ហើយថ្មីៗ នេះ នាងក៏កំពុងតែ ត្រៀមរៀបចំ ពិធីខួបកំណើតរបស់នាង នៅថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែ ជាលក្ខណៈជួបជុំមិត្តភក្តិ និងក្រុមគ្រួសារតិចតួច មិនធ្វើធំដុំទេ ។
តារាស្រី សម្បូរស្នេហ៍ វ័យ ២១ ឆ្នាំរូបនេះ បន្តថា ”តាមការពិតទៅ នាងខ្ញុំមិនចង់រៀបចំ កម្មវិធីជាទ្រង់ទ្រាយធំអីនោះទេ គ្រាន់តែចង់រៀបចំ កម្មវិធី ជប់លៀងតូចល្មម ប្រហែលជា ៥ ទៅ៦ តុ សម្រាប់ជួបជុំគ្រួសារ និងមិត្តភក្តិ ជិតស្និទ្ធប៉ុន្មាននាក់តែប៉ុណ្ណោះ ព្រោះនាងខ្ញុំគិតថា ធ្វើ ធំពេក គឺអស់លុយច្រើន ម្យ៉ាងគ្រាន់តែជាថ្ងៃ ខួប កំណើត មិនចាំបាច់ធ្វើធំពេកនោះទេ ហើយមួយវិញទៀតនោះ ខ្លាចគេរិះគន់ថា ខ្ញុំអួតផង អីចឹងហើយ បានជារៀបចំតូចបែបនេះ”។
បើទោះបីជាពេលនេះ សម ម៉ាណា មិនទាន់មានកេរ្តិ៍ឈ្មោះល្បីខ្លាំង ក្នុងវិស័យសិល្បៈ ដូចជាតារាម៉ូដ រួមក្រុមរបស់នាងក៏ដោយ ប៉ុន្តែ នាង ហាក់បីដូចជា កាក់កប ជាមួយមុខរបររកស៊ី ក្រៅសិល្បៈ គួរឲ្យកត់សម្គាល់ ដោយនាង បានក្លាយខ្លួនជា ថៅកែស្រី ហាងកែសម្ផស្ស ទាំងវ័យ ក្មេង៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.