កញ្ញា ព្រីម លីហ្សា ជាតារាសម្ដែងមួយដួងដែលមានឈ្មោះបោះសំឡេងនៅក្នុងសង្គមខ្មែរ ក៏បានបង្ហាញវត្តមានជាតារាកិត្តិយសនៅក្នុងកម្មវិធី “អាណាចក្រតារា” ដែលប្រគល់ពានរង្វាន់ដល់សិល្បករសិល្បការិនីកាលពីថ្ងៃទី១៦ កុម្ភៈ កន្លងទៅ។ តារាកូនកាត់ ខ្មែរ សិង្ហបុរី រូបនេះ ពុំមានទស្សនៈចង្អៀតចង្អល់នោះទេ បើទោះជានាងពុំបានគ្រងពានពីកម្មវិធី”អាណាចក្រតារា” ក៏ដោយ តែនាងបានអះអាងថា ឆ្នាំ២០១២នេះ នឹងកសាងកេរ្តិ៍ឈ្មោះដណ្ដើមពានពី “អាណាចក្រតារា” ឲ្យទាល់តែបាន។

Sabay៖ តាមទស្សនៈផ្ទាល់របស់ ” លីហ្សា” បើធៀបទៅនឹងបណ្ដាលប្រទេស ដែលមានសិល្បៈរីកចម្រើនមួយចំនួន តើកម្មវិធី “អាណាចក្រតារា” ជាកម្មវិធីយ៉ាងម៉េចដែរ?
ព្រីម លីហ្សា៖ ជំហានដំបូងគឺកម្មវិធី “អាណាចក្រតារា” គឺស្រដៀងនឹងកម្មវិធីរបស់គេដែរ ដោយចេះឲ្យតម្លៃដល់សិល្បករខ្មែរ មិនថាចាស់ ឬ ក្មេងនោះទេ ថែមទាំងជួយលើកកម្ពស់សិល្បៈខ្មែរថែមមួយកម្រិត។ ម៉្យាងវិញទៀតខ្ញុំមានមោទនភាពណាស់ ដែលខ្មែរយើងមានកម្មវិធីអ្វីដែលគេមានគឺយើងមានដូចគេដែរ។
Sabay៖ ករណីដែលកម្មវិធី “អាណាចក្រតារា” រៀបចំធ្វើឡើងម្ដងទៀត នៅឆ្នាំក្រោយ តើកញ្ញាមានបំណង នឹង ចូលរួមប្រកួតប្រជែងដែរឬទេ? កត្តាអ្វីដែលជំរុញចិត្តឲ្យកញ្ញាចង់ចូលរួម?
ព្រីម លីហ្សា៖ តាមការពិតលើកនេះមកពីប្អូនមិនបានដឹងខ្លួនថាមានកម្មវិធីនេះផង ប៉ុន្តែទោះបីជាមិនបានចូលរួមប្រកួតប្រជែងក៏សប្បាយចិត្តដែរ ព្រោះបានចូលរួមជាតារាកិត្តិយស។ ឆ្នាំក្រោយខ្ញុំនឹងចូលរួមក្នុងកម្មវិធីនេះ ដោយហេតុថាយើងជាអ្នកសិល្បៈត្រូវមានការប្រកួតប្រជែងទើបមានការរីកចម្រើន។ ណាមួយខ្ញុំធ្លាប់ចូលរួមកម្មវិធីបែបនេះនៅក្រៅប្រទេសផង ហើយទទួលបានជោគជ័យផងដែរ។ ណាមួយចង់ដឹងពីសមត្ថភាពរបស់យើងនៅក្នុងស្រុក សម្លឹងមើលលើថាយើងអាចស្មើគេអត់? ឬ មានគេស្មើយើងអត់?
Sabay៖ លីហ្សា អាចប្រាប់ពីគន្លឹះបានទេថា តើគួរត្រៀមខ្លួនបែបណា ដើម្បីចូលរួមប្រកួតប្រជែង នៅឆ្នាំក្រោយ ឲ្យបានជោគជ័យ?
ព្រីម លីហ្សា៖ នៅមិនទាន់ប្រាកដនោះទេ ព្រោះមិនទាន់ដឹងកម្មវិធីតម្រូវឲ្យធ្វើយ៉ាងម៉េច។ ប៉ុន្តែកន្លងមកខ្ញុំនៅចាំបានមិនតិច ឬ ក៏មិនច្រើនជាងគេដែរ ដោយធ្លាប់បានជួយដល់កុមារកំព្រា និង ចាស់ជរាជាដើម។ ចំពោះរឿងសិល្បៈវិញចេះតែចង់ធ្វើយ៉ាងម៉េចដើម្បីឲ្យមានការ ស្រលាញ់ គាំទ្រច្រើនពីសំណាក់ទស្សនិកជន។
Sabay៖ ចុះប្រសិនបើ ការចូលរួម នៅលើកក្រោយ កញ្ញា មានការគាំទ្ររហូត ទទួលបានពានរង្វាន់ តើកញ្ញា មានអារម្មណ៍បែបណា?
ព្រីម លីហ្សា៖ ប្រសិនបានពាននៅថ្ងៃនោះមែន គឺខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្មែរបានឲ្យតម្លៃខ្មែរ កន្លងមកបរទេសគេបានឲ្យតម្លៃខ្ញុំហើយ តែនៅស្រុកខ្មែរយើងគឺខ្ញុំមានមោទនភាពណាស់។ ណាមួយប្រសិនបើខ្ញុំទទួលជោគជ័យបែបនេះ ខ្ញុំនឹងបន្តជួយដល់ចាស់ជរា កុមារកំព្រា និងផ្នែកសង្គមផ្សេងៗ តាមសមត្ថភាព។
Sabay៖ តើអ្វីដែលនៅតែដិតដាមនៅក្នុងអារម្មណ៍កញ្ញាជាងគេ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី “អាណាចក្រតារា ឆ្នាំ២០១១” នេះ?
ព្រីម លីហ្សា៖ ចាស! មានច្រើនណាស់ ដូចជាមានការជួបជុំគ្នារវាងសិល្បករ និង សិល្បករ មានពាណិជ្ជករ ជាពិសេសមានទស្សនិកជនជាច្រើនទៀត ឆាក កម្រាលព្រំពណ៌ក្រហម ដែលធ្វើឲ្យខ្ញុំនៅចងចាំ។
Sabay៖ តើ អ្វីដែលកញ្ញាសម្លឹងឃើញថា នៅមានការខ្វះចន្លោះ ឬ ពុំគួរមាន នៅក្នុងកម្មវិធី “អាណាចក្រតារា” ដែលប្រារព្ធឡើងនៅឆ្នាំ២០១២នេះទៀត?
ព្រីម លីហ្សា៖ មិនមានខ្វះទេ! គឺគ្រប់គ្រាន់ហើយ តែចំពោះចិត្តខ្ញុំគឺចង់ឲ្យតារាជើងចាស់បានទទួលពានរង្វាន់ឲ្យបានច្រើនរូប ព្រោះពួកគាត់ធ្លាប់បានតស៊ូជាយូររួចមកហើយ។ ម៉្យាងទៀតនៅពេលដែលគាត់ខំប្រឹងប្រែងក្នុងសិល្បៈកាលនៅក្មេងគឺមិនទាន់មានពានរង្វាន់បែបនេះនៅឡើយទេ ហើយបើប្រគល់ពាននោះទៅឲ្យគាត់គឺស័ក្តិសម។ តែប្អូនឯកភាព ចូលរួមសប្បាយរីករាយដល់តារាទាំងអស់ដែលទទួលបានពានរង្វាន់ពី “អាណាចក្រតារា”។
Sabay៖ តើ លីហ្សា ទទួលបានអ្វីខ្លះជាផ្លែផ្កាពីកម្មវិធី “អាណាចក្រតារា” នាពេលកន្លងមកដើម្បីកែតម្រូវខ្លួនបន្ថែម?
ព្រីម លីហ្សា៖ ប្អូនសោកស្ដាយដែរ ដែលមិនបានចូលរួម តែក៏សប្បាយចិត្តដែលបានចូលរួមនៅថ្ងៃចែកពានរង្វាន់។ មួយវិញទៀតខ្ញុំនឹងសិក្សាយកបទពិសោធន៍ល្អពីតារាជយលាភីមកសិក្សាបំពេញបន្ថែមដើម្បីបានទៅថ្ងៃក្រោយផងដែរ។ តែខ្ញុំនៅតែគិតថាជោគជ័យ ឬ មិនជោគជ័យគឺសម្រេចលើវាសនា។
Sabay៖ ជាចុងក្រោយ តើ លីហ្សា មានពាក្យពេចន៍អ្វីបន្ថែម ដែលឬទេ ទាក់ទិននឹងបញ្ហាខាងលើ?
ព្រីម លីហ្សា៖ អរគុណដល់Sabayដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងកម្មវិធី “អាណាចក្រតារា” នាថ្ងៃប្រគល់ពាន។ ជូនពរឲ្យក្រុមហ៊ុនរកស៊ីមានបានថែមទៀត។ ជាចុងក្រោយសូមអរគុណដល់ប្រិយមិត្តដែលធ្លាប់គាំទ្រ បើគ្មានពួកគាត់ទេខ្ញុំក៏គ្មានថ្ងៃនេះដែរ។
គេនៅចាំបានថាកញ្ញា ព្រីម លីហ្សា ជាសិល្បការិនីខ្មែរមួយរូបដែលបានទទួលបានពានរង្វាន់ជា”តារាសម្រស់ធម្មជាតិ” នៅក្នុងកម្មវិធី”The Secret of the Night” ឯប្រទេសវៀតណាម អំឡុងចុងឆ្នាំ២០០៩ និង ដើមឆ្នាំ២០១០ ដែលមាន១២ប្រទេសចូលរួម។ កាលនោះ តារាម្ចាស់ផ្ទះទទួលបានចំណាត់ថ្នាក់លេខ១ លីហ្សា តំណាងឲ្យកម្ពុជាបានចំណាត់ថ្នាក់លេខ២ និង សិល្បការិនីមកពីថៃចំណាត់ថ្នាក់លេខ៣៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.