១៦​កុម្ភៈ តារា​ៗ​​ណាត់​ជួបគ្នា​នៅ​​​កោះពេជ្រ

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • កម្មវិធី “អាណា​ចក្រ​តារា” នា​ថ្ងៃ​ទី​១៦ កុម្ភៈ​នេះ សិល្បករ​សិល្បការិនី​រាប់​រយ​នាក់​នឹង​បង្ហាញ​វត្តមាន​របស់​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគល់​ពាន​រង្វាន់ ដល់​សិល្បករ​សិល្បការិនី​ប្រជាប្រិយ​បំផុត និង​ប្រកប​ដោយ​ទេពកោសល្យ​ប្រចាំ​ឆ្នាំ​២០១១។ តារា​គ្រប់​ដួង​ដែល​កម្មវិធី “អាណា​ចក្រ​តារា” បាន​ផ្ដល់​ដំណឹង​សុទ្ធ​តែ​បញ្ជាក់​យ៉ាង​មុត​មាំ​ថា នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មិន​ឲ្យ​រំលង​នោះ​ទេ បើ​ទោះ​ជា​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើង​ថា ទទួល​បាន​ពាន​ឬ​មិន​ក្ដី។


    តារា​ចម្រៀង​ស្រស់​សង្ហា ហើយ​មាន​ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​​យ៉ាង​ច្រើន​ប្រចាំផលិតកម្ម​សាន់ដេ​  លោក កែវ វាសនា បាន​លើក​ឡើង​ថា “កម្មវិធី​អាណាចក្រ​តារា​ធ្វើ​ឲ្យ​មហាជន​យល់​ពី​តម្លៃ​នៃ​សិល្បៈ”។ លោក កែវ វាសនា ដែល​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​នេះ​នា​ថ្ងៃ​ទី​១៦ ខាង​មុខ បន្តថា កាល​ដែល​​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ គឺ​ចង់​ដឹង​ពី​សមត្ថភាព​​របស់​ខ្លួន​ ថា​មាន​ការ​គាំទ្រ​ដល់​កម្រិត​ណា​ដោយ​មិន​គិត​ពី​ការ​ចាញ់​ឈ្នះ​នោះ​ទេ។ ករណី​ដែល​​មិន​បាន​លើក​ពានរង្វាន់​មាន​ន័យ​ថា​នៅ​ខ្វះ​ចន្លោះ​ត្រង់​កន្លែង​ណា​មួយ​ហើយ។
    ចំណែក​តារា​សម្ដែង និងជា​តារា​បង្ហាញ​ម៉ូដ ទឹម រដ្ឋា បាន​យល់​ឃើញ​ថា «”អាណាចក្រ​តារា”​ ជា​កម្មវិធី​ដំបូង​របស់​កម្ពុជា ដែល​មាន​បង្កើត​ពាន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិល្បករ»។ តារា​ដ៏​ស្រស​សោភា​ខាង​លើ​​បាន​ថ្លែង​អំណរ​គុណ ចំពោះ​ម្ចាស់​កម្មវិធី​ដែល​បាន​បង្កើត​ឡើង។ មិន​តែ​ប៉ុណ្ណោះ​​តារា​សម្ដែង​នៅ​តែ​សប្បាយ​ចិត្ត ទោះបី​ជា​ទទួល​បាន​ពាន​រឺ មិន​បាន​ ក៏​ដោយ​នៅ​ពេល​ចូល​រួម។ នាង​ប្ដេជ្ញា​ថា ​នៅ​តែ​​ខំ​ប្រឹង​បញ្ចេញ​ស្នាដៃ​ក្នុង​បំណង​ទាក់​ទាញ​ការ​គាំទ្រ។
    ងាក​មក​មើល​តារា​សម្ដែង​រាង​ស្រស់​សង្ហា ឈុន វិរៈកុសល្យ ក៏​​មិន​ខុស​ពី​សិល្បករ សិល្ប​ការិនី​ខាង​លើ​ដែរ ដោយ​បាន​បង្ហាញ​ចំណាប់​អារម្មណ​ថា “​អាណាចក្រ​តារា​ជា​កម្មវិធី​ដ៏​ល្អ​មួយ​​ចំពោះ​សិល្បករ​ខ្មែរ”។ ការ​យល់​ឃើញ​បែប​នេះ​ក៏​ព្រោះ​តែ ​នេះ​​ជា​កម្មវិធី​លើក​ទី​មួយ​​នៅ​កម្ពុជា​ដែល​បាន​ប្រគល់​ពាន​រង្វាន់​ដល់​តារា មិន​ចាញ់​បណ្ដាល​ប្រទេស​ដែល​មាន​សិល្បៈ​រីក​ចំរើន​នោះ​ទេ​។ ទោះបី​ជា​មាន​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​នេះ តែ​តារា​ដែល​មាន​ប្រជាប្រិយ​មួយ​នេះ ​​នឹង​ត្រឡប់​មក​ឲ្យ​ទាន់​ពេល​វេលា ព្រោះ​ចង់​ចូល​រួម​កម្មវិធី​ពិសេសបំផុត។ ម៉្យាង​ទៀត​កម្មវិធី​នេះ​ បាន​ផ្ដល់​ប្រយោជន៍​​ឲ្យ​សិល្បករ​បាន​ជួប​ជុំ​គ្នា ហើយ​បាន​ស្គាល់​បណ្ដាល​ផលិតកម្ម​ផ្សេងៗ​ទៀត​ផង។
    នៅ​តែ​ឮពាក្យ​ដដែល​ចេញ​ពី​មាត់​ពិធី​ការិនី​ដែល​កំពុង​តែ​ល្បី ប្រចាំ​ទូរទស្សន៍​ស៊ីធីអិន​គឺ កញ្ញា តេង លក្ខណា។ លក្ខិណា បាន​​បង្ហាញ​ចំណាប់​អារម្មណ​ថា «”អាណាចក្រ​​តារា​ជួយ​ឲ្យ​តារា​មាន​​ឱកាស!​”»។ កញ្ញា​សប្បាយ​ចិត្ត​​ណាស់​ដែល​កម្មវិធី “អាណាចក្រ​តារា” អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល ព្រោះ​មាន​ឱកាស បាន​ដឹង​ពី​សមត្ថភាព និង បាន​ជួប​ជាមួយ​សិល្បករផ្សេងៗ។
    បណ្ដា​អ្នក​គាំ​ទ្រ​សិល្បៈ​ទាំង​អស់​ជា​ទី​មេត្រី! រហូត​មក​ដល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់បាន​ដឹង​ទេ​ថា តារា​ណា អ្នក​និពន្ធ​ណា កម្មវិធី​ទូរទស្សន៍​ណា ខ្សែ​ភាព​យន្ត​ណា ទទួល​បាន​ពាន​រង្វាន់​នោះ ដរាប​ណា​ថ្ងៃ​ទី​១៦​មិន​ទាន់​មក​ដល់។ បណ្ដា​មិត្ត​យុវវ័យ ក៏​មាន​ឱកាស​ចូល​រួម​អបអរ​សាទរ​តារា​សំណព្វ​ចិត្ត​របស់​បាន​ដែរ​នៅ​ថ្ងៃ​​នោះ។ កុំ​ភ្លេច! នៅ​សាលសន្និសីទ​កោះពេជ្រ ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​ព័ត៌មានរហូត​ដល់​ម៉ោង​១០​យប់



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.