គណៈកម្មការ​OSCARកម្ពុជា ជួប​គ្នា​ព្រឹក​មិញ

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • គណៈកម្មការ​ជ្រើស​រើស​ ភាពយន្ត​ពានរង្វាន់​OSCARកម្ពុជា(COSC) បាន​រៀបចំ​កម្ម  វិធី​ជប់លៀង​មួយ​ដើម្បី​ជំរុញ​  ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​និពន្ធ និង​តារា​សម្ដែង​ខ្មែរ​ក្នុង​វិស័យ​ ភាពយន្ត​ ស្របពេល​​នឹង​ការ​ប្រគល់​ពានរង្វាន់​  OSCAR​ ភាពយន្ត​នៅ​សហរដ្ឋអាមេរិក។
    ក្រុម​ការងារ FX Entertainment និង​គណៈកម្មការ​ជ្រើសរើស​ភាពយន្ត​ចំនួន៨រូប ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ម្នាក់​ផង​បាន​រៀបចំ​ឲ្យ​មាន​ពិធី​ជួប​ជុំ​គ្នា​រវាង​តារា​សម្ដែង និង​អ្នក​និពន្ធ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រយ​នាក់ ដើម្បី​ជួប​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​កម្ពុជា​កាល​ពី​ព្រឹកមិញ​នេះ។

    អ្នក​រៀបចំ​កម្មវិធី​ពានរង្វាន់​ភាពយន្តOSCARកម្ពុជា លោក យាន រស្មី​ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​លើក​ទី៣ហើយ​ដែល ​FX Entertainment​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង។ លើកទី១​ នៅ​លើ​ទូក​ទេសចរណ៍​តាម​បឹង​ទន្លេសាប ហើយ​មាន​អ្នក​ចូល​រួម​ប្រហែល២០​នាក់ និង​លើក​ទី​២​នៅ​ភោជនីយដ្ឋាន​ម្លិះ​ មាន​អ្នក​ចូលរួម​ប្រហែល​៥០​នាក់។

    លោក​បាន​បន្ត​ថា “លើក​ទី៣​នេះ​មាន​អ្នក​ចូលរួម​ប្រហែល​២០០នាក់ ក្នុង​ហ្នឹង​ក៏​មាន​មន្ត្រី​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​ប្រទេស​កម្ពុជា​មក​ចូល​រួម​ដែរ…តែ​គួរ​ឲ្យ​ស្ដាយ​ដែល​កម្មវិធី​បាន​អញ្ជើញ​មន្ត្រី​ក្រសួងព័ត៌មាន និង​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ជា​ច្រើន​នាក់​មក​ចូល​រួម ប៉ុន្តែ​គាត់Confirm​(បញ្ជាក់)មក​ថា​មិន​បាន​ចូល​រួម​វិញ ព្រោះ​ជាប់​រវល់”។

    លោក​បាន​បញ្ជាក់​ថា គណៈកម្មការ​ជ្រើសរើស​ពានរង្វាន់ Oscar កម្ពុជា មាន​ចំនួន៨​រូប ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ម្នាក់​ផង ពួក​គាត់​មាន​តួនាទី​ចែករំលែក និង​បណ្ដុះបណ្ដាល​ការ​ដល់​ផលិតករ និង​តារាសម្ដែង​ខ្មែរ​ពី​របៀប​ផលិត​ភាពយន្ត និង​សម្ដែង​ឲ្យ​មាន​គុណភាព​ល្អ ស្របតាម​ស្តង់ដារ​អន្តរជាតិ តាមរយៈ​ការ​រៀបចំ​សិក្ខាសាលា ដោយ​អញ្ជើញ​ចូល​រួម​ពី​ អ្នក​និពន្ធ អ្នក​ដឹកនាំ​រឿង និង​តារា​សម្ដែង​Hollywood ល្បី​ៗ​មក​ជួយ​រៀបចំ និង​ចែករំលែក​បទ​ពិសោធន៍​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​នីមួយៗ។
    សមាជិក​គណៈកម្មការ​ជ្រើស​រើស​ភាពយន្ត​ពានរង្វាន់​OSCARកម្ពុជា(COSC) អ្នក​ស្រី ឌី សាវ៉េត បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​លើក​ទី២​ដែល​អ្នក​ស្រី​បាន​ចូលរួម និង​ធ្វើ​ជា​សមាជិក​គណៈ​កម្មការ​ជ្រើសរើស​ភាពយន្ត​កម្ពុជា ដែល​រៀបចំ​ដោយ FX Entertainment ។ ការ​រៀបចំ​បែប​នេះ គឺ​ជាផ្នែក​នៃ​ការ​ជួយ​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ និង​តារា​សម្ដែង​ខ្មែរ​ឲ្យ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ និង​ប្រឹង​ប្រែង​ការ​ផលិត​ភាពយន្ត​របស់​ខ្លួន​ឲ្យ​មាន​គុណភាព​ល្អ។

    អ្នក​ស្រី​បាន​បន្ត​ថា “វិស័យ​ភាពយន្ត​កម្ពុជា​នឹង​មាន​ភាព​ល្បីល្បាញ​នៅ​លើ​សកល​លោក ហើយ​អាច​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ពាន​រង្វាន់OSCAR​ពិភព​លោក​ដែល​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ផង”។ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​ផលិត និង​ដឹក​នាំ​រឿង​មិន​មែន​ជា​រឿង​ងាយ​​ស្រួល​នោះ​ទេ ដូច្នេះ​ទាមទា​ឲ្យ​ចាងហ្វាង ឬ​អ្នក​និពន្ធ​រឿង​នីមួយ​ៗត្រូវ​តែ​មាន​ក្រុម​ការងារ​ប្រកប​ដោយ​ទេពកោសល្យ និង​បទ ពិសោធ​ន៍​​លើ​ផ្នែក​ភាពយន្ត​ច្បាស់​លាស់។

    គណៈកម្មការOSCAR​កម្ពុជា រំពឹង​ថា​វិស័យ​ភាពយន្ត​កម្ពុជា​នឹង​មាន​ភាព​រីកចម្រើន និង​អាច​ប្រឡូក​លើ​វិស័យ​ភាពយន្ត​អន្តជាតិ តាម​រយៈ​កម្មវិធី OSCAR AWARDS នា​ថ្ងៃ​អនាគត។ កម្មវិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល ចាងហ្វាង​ផលិតកម្ម​ភាព​យន្ត​កម្ពុជា តារា​ភាពយន្ត​ជើង​ចាស់ និង​ថ្មី​ ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រយ​នាក់។ នៅ​សណ្ឋាគារ Queen Buitique Hotel រាជធានី​ភ្នំ​ពេញ៕

    រូបថត៖ FX Entertainment



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.