តម្លៃសាំង ចេះតែបន្ត កើនឡើង ចំណែកតម្លៃស្រូវ អង្ករធ្លាក់ចុះៗ, ឡើងរួចធ្លាក់ចុះៗ

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ទីផ្សារអន្តរជាតិ បានធ្វើឲ្យតម្លៃសាំងកើនឡើង ហើយក៏បានធ្វើឲ្យតម្លៃស្រូវអង្ករ របស់កម្ពុជា ដែលមានប្រជាជនជាង ៨០ភាគរយ ប្រកបរបរកសិកម្ម បានធ្លាក់ចុះ។
    តម្លៃសាំង ដែលជាតម្រូវការចាំបាច់របស់ប្រជាជន បានបន្តកើនឡើង ស្ទើរតែរកពេលចុះមិនឃើញ ដោយគិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២នេះ នៅបណ្តាស្ថានីយ៍ ប្រេងសាំងនៅរាជធានីភ្នំពេញ សាំងធម្មតាមួយលីត្រតម្លៃ ៥៥០០រៀល ឯសាំងស៊ុបពែរ ១លីត្រតម្លៃ ៥៨៥០រៀល ហើយមួយចំនួនទៀត បន្តកើនឡើងដល់ ៥៥៥០រៀល សម្រាប់សាំងធម្មតា និង ៥៨៥០រៀល សម្រាប់សាំងស៊ុបពែរ។
    បើយោងតាមរបាយការណ៍ស្ថិតិ សប្តាហ៍ទី៥ ខែកុម្ភៈ នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃស្រូវអង្ករបានធ្លាក់ចុះ។ ដោយនៅចុងខែកុម្ភៈនេះ អង្ករផ្កាខ្ញីមួយ គីឡូក្រាមតម្លៃ ២៥២៨រៀល ដែលកាលពីខែមករា តម្លៃ ២៦៩៩រៀល, អង្ករនាងម៉ិញ ២២៩២ តម្លៃរៀល ដែលពីខែមករា មានតម្លៃ ២៤០៣រៀល, អង្ករ IR តម្លៃ ១៩១៤រៀល កាលពីខែមករា មានតម្លៃ២១៦១រៀល។ ចំណែកតម្លៃស្រូវក៏បានធ្លាក់ចុះផងដែរ ដោយនៅក្នុងខែនេះ តម្លៃ១១១១រៀល ក្នុងមួយគីឡូក្រាម ដែលកាលពី ខែមករា មានតម្លៃដល់១២២៥រៀល ក្នុងមួយគីឡូក្រាម។
    តម្លៃស្រូវមានផ្សេងគ្នា ទៅតាមតំបន់ នៅខេត្តព្រៃវែង បើតាមលោក ឈុនធំ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅខេត្តព្រៃវែង បានឲ្យដឹងថា តម្លៃស្រូវ IR មានតម្លៃ ៩៣០រៀល ទៅ ៩៥០រៀល ក្នុងមួយគីឡូក្រាម ឯស្រូវអង្ករក្រអូបតម្លៃជាង ១២០០រៀលទៅ ជាង១៤០០រៀល។ តែបើតាម លោក អោន នឿន ប្រជាកសិកររស់នៅស្រុកទ្រាំង ខេត្តតាកែវ តម្លៃស្រូវ ដែលពួកឈ្មួញទិញពីគាត់ IR តម្លៃត្រឹមតែមួយគីឡូក្រាម ៨១០រៀល ស្រូវទើបច្រូតភ្លាម និង ៩១០រៀលស្រូវដែលស្ងួតល្អ ឯស្រូវអង្ករល្អ តម្លៃមួយគីឡូក្រាមជាង ១១០០រៀល។
    តាមកសិកររូបនេះ ស្រូវបានធ្លាក់ថ្លៃប្រមាណជាង ២ខែហើយ ដែលកាលពីដើមខែមករា ស្រូវ IR តម្លៃជាង ១០០០រៀល ក្នុងមួយគីឡូក្រាម។ ហើយប្រជាកសិករ បានសម្តែងនូវការព្រួយបារម្ភ នៅពេលដែលតម្លៃស្រូវធ្លាក់ចុះ តែតម្លៃទំនិញនៅលើទីផ្សារ ចេះតែកើនឡើង តាមថ្លៃប្រេងសាំង។ កសិកររូបនេះនិយាយថា “ខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង នៅរដូវប្រមូលផលស្រូវប្រាំងខាងមុខ ដែលតម្លៃស្រូវចុះថ្លៃ ហើយតម្លៃជី ថ្នាំ សាំង មានតម្លៃថ្លៃ មិនដឹងថា អាចចំណេញឬយ៉ាងណានោះទេ”។
    អ្នកជំនាញក្នុងវិស័យស្រូវអង្ករ អះអាងថា ការចុះថ្លៃនេះ ដោយសារតែតម្លៃអង្ករ ដែលនាំទៅទីផ្សារនៅបរទេសបានធ្លាក់ចុះ។
    ប្រធានសមាគម រោងម៉ាស៊ីនកិនស្រូវកម្ពុជា លោក ភូ ពុយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ នេះថា “មិនមែនតែតម្លៃអង្ករ នៅស្រុកខ្មែរយើងទេ ដែលធ្លាក់ចុះ គឺគ្រប់ប្រទេសធ្លាក់ថ្លៃ”។ យ៉ាងណាក៏ដោយលោកថា តម្លៃស្រូវអង្ករ មិនមានការចុះតម្លៃខ្លាំងនោះទេ ហើយការធ្លាក់ចុះនេះ មិនមែន មកដោយសារឈ្មួញទម្លាក់តម្លៃ នោះឡើយ៕
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.